រត់​ម៉ូតូ​ឌុប​បាន​លុយ​តិច​ពេក បែក​គំនិត​ចង់​ឆាប់​មាន​

ខេត្ត​ព្រះ​សីហ​នុ ៖ ជនសង្ស័យ​ចំនួន​០៥​នាក់ ក្នុង​នោះ​ជា​ស្ត្រី​ម្នាក់ ត្រូវ​បាន​កម្លាំង​ជំនាញ​មន្ទីរ​យុត្តិធម៌​នៃ​ទីបញ្ជាការ​កង​រាជ​អាវុធ​ខេត្ត​ព្រះ​សីហ​នុ បញ្ជូន​ខ្លួន​ទៅ​កាន់​សាលាដំបូង​ហើយ​កាលពី​ចុង​ស​ប្តា​ហ៍​កន្លង​ទៅ​នេះ បន្ទាប់​ពី​ធ្វើការ​ឃាត់ខ្លួន​ជា​បន្តបន្ទាប់​កាលពី​ថ្ងៃ​ទី​០៥ សីហា នៅ​តំបន់ឆ្នេរ​អូ​ឈើទាល​មក​។

យោង​តាម​ការ​បញ្ជាក់​ពី​លោក ឆេ​ង វុ​ទ្ធី ប្រធាន​មន្ទីរ​យុត្តិធម៌​នៃ​នៃ​ទីបញ្ជាការ​កង​រាជ​អាវុធ​ខេត្ត​ព្រះ​សីហ​នុ បាន​ប្រាប់​ឱ្យ​ដឹង​ថា  បន្ទាប់​ពី​មានការ​ណែនាំ និង​ចង្អុលបង្ហាញ​ពី​លោក​ឧត្តម​ស​នី​យ៍​ត្រី ហេង ប៊ុ​នទី មេបញ្ជាការ​កងរាជអាវុធហត្ថ​មក​កម្លាំង​ជំនាញ សហការ​ជាមួយ​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​ព្រះ​សីហ​នុ បាន​ធ្វើការ​ស្រាវជ្រាវ និង​ស៊ើបអង្កេត រហូត​ដល់​វេលា​ម៉ោង​០៤​និង​៣០​នាទី ថ្ងៃ​ទី​០៥ សីហា 2016 ដឹកនាំ​ដោយ​រូប​លោក​ផ្ទាល់​បាន​ចុះ​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​នៅ​ចំណុច​ក្រុម​ទី​07 ភូមិ​04 សង្កាត់​លេខ​04 ខេត្ត​ព្រះ​សីហ​នុ ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​02​នាក់ ១-​ឈ្មោះ ហា​យ សុ​ផា​ន់​ណា ភេទ​ប្រុស​អាយុ​35​ឆ្នាំ មុខរបរ​រត់​ម៉ូតូឌុប ទីលំនៅ​នៅ​ចំណុច​កើតហេតុ​ខាងលើ (​ធ្លាប់​ជាប់ពន្ធ​ធនាគារ​ម្តង​រួច​ហើយ​ពាក់ព័ន្ធ​គ្រឿងញៀន​នេះ​ដែរ​) ២-​ឈ្មោះ ធី​ម សុខ​នី​ម ភេទ​ស្រី អាយុ​28​ឆ្នាំ មុខរបរ​មេផ្ទះ ទីលំនៅ​នៅ​ចំណុច​កើតហេតុ​ខាងលើ រួម​ទាំង​ដកហូត​វត្ថុ​តាង​មាន ម្ស៉ៅ​.​ស​ថ្លា (​ម៉ា​ទឹកកក​) ចំនួន​20​កញ្ចប់​តូច ស្មើនឹង​4,58​ក្រាម (​ថ្លឹង​ទាំង​សំបក​), ដប​ជក់​ចំនួន​មួយ​, ទូរស័ព្ទ​ដៃ​02​គ្រឿង (Nokia​ចុច​ពិល និង​Huawei), ដែកកេះ​03, ថង់​ច្រក​គ្រឿងញៀន​មួយ​កញ្ចប់​ធំ ។

ក្រោយ​ពី​មានការ​សាកសួរ​យ៉ាង​ល្អិតល្អន់​មក នៅ​វេលា​ម៉ោង​១០​យប់​ថ្ងៃ​ដដែល នៅ​ចំណុច​ក្រុម​ទី​១៧ ភូមិ​០៤ សង្កាត់​លេខ​០៤ សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​០៣​នាក់​ផ្សេង​ទៀត រួម​មាន​៖ ១-​ឈ្មោះ សុខ ងួ​ន ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មុខរបរ​រត់​ម៉ូតូឌុប ទីលំនៅ​ក្រុម​៤២ ភូមិ​១ សង្កាត់​លេខ​៤ ខេត្ត​ព្រះ​សីហ​នុ​។ ២-​ឈ្មោះ សេក សា​រ៉ែ​ន ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មុខរបរ​រត់​ម៉ូតូ​កង់​បី (​តុ​ក តុ​ក​) ទីលំនៅ​ភូមិ​៤ សង្កាត់​៤ ខេត្ត​ព្រះ​សីហ​នុ និង​៣-​ឈ្មោះ កន សា​រិ​ទ្ធិ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មុខរបរ​រត់​ម៉ូតូឌុប ទីលំនៅ​សង្កាត់​៤ ចំណែក​វត្ថុ​តាង និង​សម្ភារ​រួម​មាន ម្ស៉ៅ​ពណ៌​ស​ចំនួន​៥​កញ្ចប់ ស្មើនឹង​១,៤៥​ក្រាម (​ថ្លឹង​ទាំង​សំបក​), ម្សៅ​ពណ៌​ខ្មៅ​ចំនួន​៣​កញ្ចប់ ស្មើនឹង​១,៦៦​ក្រាម (​ថ្លឹង​ទាំង​សំបក​), កញ្ឆា​គ្រៀម​ចំនួន​២​កញ្ចប់ ស្មើនឹង​១៨,៨១​ក្រាម​, ទូរស័ព្ទ​ដៃ​០៤​គ្រឿង​, ម៉ូតូ​ម៉ាក AIR BLADE ចំនួន​០១​គ្រឿង និង​ម៉ូតូ​កង់​បី (​តុ​ក តុ​ក​) ចំនួន​០១​គ្រឿង​។

បច្ចុប្បន្ន​វត្ថុ​តាង និង​ជនសង្ស័យ ត្រូវ​បាន​ការិយាល័យ​ជំនាញ​កំពុង​កសាង​សំណុំរឿង ដើម្បី​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ព្រះ​សីហ​នុ ៕