ក្តៅ ! ក្តៅ ! ទោះបី​ភូមិសាស្ត្រ​ពិបាក ក៏​បង្ក្រាប​ទាល់តែ​បាន

រាជធានី​ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង​១១ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៧ ខែសីហា ឆ្នាំ​២០១៦ កម្លាំង​អាវុធហត្ថ សហការ​ជាមួយ​កម្លាំង​ខណ្ឌ​សែន​សុខ បាន​បើក​ប្រតិបត្តិការ​ក្តៅ​បង្ក្រាប​ល្បែង​ស៊ី​នៅ​ចំណុច​ភូមិ​ដំណាក់ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។

មន្ត្រី​អាវុធហត្ថ​បាន​ឲ្យ​ដឹង​ថា សង្វៀន​បញ្ជល់មាន់ និង​បៀរ​ដែល​ត្រូវ​បាន​បង្ក្រាប​នេះ​បាន​បើក​លេង​ដុះ​ស្លែ​ទៅ​ហើយ ប៉ុន្តែ​ដោយសារ​តែ​ទីតាំង​លេង​នោះ​ស្ថិត​ក្នុងភូមិ​សាស្ត្រ​ពិបាក ពោល​គឺ​នៅ​ខាងក្នុង​ ហើយ​ជ្រៅ​ ពេល​​ចុះ​បង្ក្រាប​ម្តង​ៗ​អ្នក​ញៀន​ល្បែង​ទាំងនោះ​បាន​រត់គេច​ខ្លួន​អស់ ទើបតែ​ព្រឹក​មិញ​នេះ​សមត្ថកិច្ច​បើក​ប្រតិបត្តិការ​ក្តៅ​ឆ្មក់​បង្ក្រាប​​រហូត​បាន​សម្រេច​ ដោយ​បាន​ឃាត់ខ្លួន​អ្នក​ញៀន​ល្បែង​បាន​៩​នាក់ ម៉ូតូ​២​គ្រឿង មាន់​៥​ក្បាល ទ្រុងមាន់​៦ និង​បៀរ​១​ហ៊ូ ។

ក្រោយ​ពេល​បង្ក្រាប​បាន ក្រុម​អ្នក​ញៀន​ល្បែង និង​វត្ថុ​តាង ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​ទីបញ្ជាការ​អាវុធហត្ថ​ខណ្ឌ​សែន​សុខ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី ៕