ព្រឹកស្អែក សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ចាក់​បេតុង​ត​ភ្ជាប់​ស្ពាន​កោះធំ

រាជធានី​ភ្នំពេញ ៖ បើ​គ្មាន​ការ​ប្រែប្រួល​នោះ​ទេ នៅ​វេលា​ម៉ោង​៨​ព្រឹក​ថ្ងៃ​ទី​០៨ សីហា ២០១៦ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន​សែន នឹង​អញ្ជើញ​ជា​អធិបតីភាព​ដ៍​ខ្ពង់ខ្ពស់​ចាក់​បេតុង​ត​ភ្ជាប់​ស្ពាន​កោះធំ ស្ថិត​ក្នុងស្រុក​ស្អាង ខេត្តកណ្តាល​។

សូម​បញ្ជាក់​ថា ស្ពាន​កោះធំ​មា​នទី​តាំងនៅ​ចំណុច​គីឡូម៉ែត្រ​លេខ ៥៨+២០០ ស្ថិត​លើ​ផ្លូវជាតិ​លេខ​២១  ត្រង់​ចំណុច​ភូមិ​ព្រែក​ធន់ ឃុំ​ព្រែក​ថ្មី ស្រុក​កោះធំ គឺ​ត​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​២១ ពី​ត្រើយ​ខាងលិច​ទន្លេបាសាក់ ឆ្លង​ទៅ​ផ្លូវជាតិ​លេខ​១១០ ដែល​ជា​ផ្លូវ​ប្រប​មាត់ទន្លេ​នៅ​ត្រើយ​ខាងកើត​ទន្លេបាសាក់ ស្ថិត​នៅ​ក្នុងភូមិ​ព្រែក​ថ្មី ឃុំ​ជ្រោយ​តាកែវ ស្រុក​កោះធំ ខេត្តកណ្តាល ។ តួ​ស្ពាន​មាន​ប្រវែង​សរុប​៤១៥​ម៉ែត្រ ទទឹង​១៣.៥០​ម៉ែត្រ ជា​ប្រភេទ​ស្ពានបេតុង​សរសៃដែក ។ ស្ពាន​កោះធំ សាងសង់ ដោយ​ក្រុមហ៊ុន​សាជីវកម្ម​ស្ពាន​ថ្នល់​របស់​ចិន និង​ត្រួតពិនិត្យ​បច្ចេកទេស​ដោយ​ក្រុមហ៊ុន​សំណង់​ក្វា​ង​ចូ​វ វ៉ា​ន​អាន​របស់​ប្រទេស​ចិន ។

ស្ពាន​កោះធំ មាន​ប្រវែង​សរុប ៨២៤​ម៉ែត្រ ចំណាយ​ថវិកា​សាងសង់​សរុប ១៩.៣៩ លាន​ដុល្លារ​អា​មេ​រិ​ក ជា​ថវិកា​កម្ចី​ឥណទាន​ពី​រដ្ឋាភិបាល​ចិន និង​ថវិកាបដិភាគ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ចំនួន ២.៨​លាន​ដុល្លារ​អា​មេ​រិ​ក ។ ស្ពាន​កោះធំ​ប្រើ​រយៈពេល​សាងសង់ ៣៦​ខែ ដោយ​ចាប់ផ្ដើម​ពី​ខែមីនា ឆ្នាំ​២០១៤ និង​គ្រោង​បញ្ចប់​នៅ​ចុងឆ្នាំ ២០១៦ ឬ ដើមឆ្នាំ​២០១៧ ៕