ទៅ​រាវ​ខ្យង​ក្នុង​ស្រះ​ក្បែរ​ផ្ទះ មួយសន្ទុះ​ឃើញ​អណ្តែត​ទឹក

ខេត្ត​ប៉ៃលិន ៖ បុរស​វ័យ​ចំណាស់​ម្នាក់​បាន​ស្លាប់​បាត់បង់​ជីវិត​យ៉ាង​អាណោចអាធ័ម​កាលពី​វេលា​ម៉ោង​១០​និង​៥២​នាទី​ព្រឹក ថ្ងៃ​ទី​០៥ សីហា  ២០១៦  កន្លង​ទៅ ស្ថិត​នៅ​ចំណុច​ក្នុង​ស្រះ​ទឹក​ក្បែរ​វត្ត​សាលា​ក្រៅ​ចាស់ នៅ​ភូមិ​ទួល​ខ្ពស់ ឃុំ​ស្ទឹង​ត្រង់ ស្រុក​សាលា​ក្រៅ ។

ប្រភព​ព័ត៌មាន​ពី​នគរបាល​ប៉ុស្តិ៍​ឃុំ​ស្ទឹង​ត្រង់ បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ វ៉ែន គឿ​ន ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ ជា​កសិករ ស្លាប់​អណ្តែត​ទឹកស្រះ រស់នៅ​ភូមិ​កើតហេតុ​ខាងលើ ។

ប្រភព​បន្ត​ទៀត​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​ជន​រង​គ្រោះ​ខាងលើ​បាន​ហៅ​មិត្តភក្តិ​ក្បែរ​ផ្ទះ​របស់​ខ្លួន​ចំនួន​៣​ទៅ​៤​នាក់ មក​អង្គុយ​ផឹកស្រា​.​ស​ក្លែម​សណ្តែកដី​ជាមួយ​គ្នា រហូត​ដល់​ម៉ោង​ជិត​១០​ព្រឹក ស្រាប់តែ​មិត្តភក្តិ​នាំ​គ្នា​ត្រឡប់​ទៅ​ផ្ទះ​វិញ​អស់ នៅ​សល់​តែ​ជន​រង​គ្រោះ​ម្នាក់ឯង ក៏​ដើរទៅ​រក​គ្រឿងក្លែម​បន្ថែម​ទៀត ។ ចំណែក​ប្រពន្ធ​កូន​មិន​បាន​នៅផ្ទះ​ទេ ដោយ​ជាប់រវល់​ទៅ​ស៊ីឈ្នួល​ដាំពោត និង​ដំឡូង​មី​ឱ្យ​ថៅកែ​ម្នាក់​នៅ​ឯ​ចំការ ។ ប្រភព​ដដែល​បញ្ជាក់​ទៀត​ថា លុះ​ម៉ោង​ជិត​១១ អ្នក​ភូមិ​ម្នាក់​បាន​ដើរទៅ​ក្បែរ​ទឹកស្រះ​នោះ ក៏​ប្រទះ​ឃើញ​ជន​រង​គ្រោះ​អណ្តែត​ទឹក​ម្នាក់ឯង រួចរ​ត់ទៅ​ហៅ​ក្រុម​គ្រួសារ​ឱ្យមក​មើល និង​ប្តឹង​សមត្ថកិច្ច​ឱ្យ​ចុះ​ទៅ​ពិនិត្យ​មើល​តែ​ម្តង ។

ក្រោយ​ពេល​ធ្វើ​កោសល្យ​វិ​ច្ច័​យ​រួច សមត្ថកិច្ច​សន្និដ្ឋាន​ថា ជន​រង​គ្រោះ​បាន​ស្លាប់​ដោយសារ​ស្រវឹងស្រា​ចុះ​រាវរក​ក្តាម​ខ្យង​នៅ​ក្នុង​ស្រះ លុះ​មិន​អាច​ទប់​ជំហរ​ជាប់ ក៏​ដួល​លង់​ស្លាប់​នៅ​ក្នុង​ស្រះ​ដែល​មាន​ជម្រៅ​ជាង​១​ម៉ែត្រ​ក្បែរ​ផ្ទះ​របស់​ខ្លួន​តែ​ម្តង ដោយ​មិន​មាន​ករណី​អំពើ​ឃាតកម្ម​កើតឡើង​នោះ​ទេ ។