ស្ត្រី​បរទេស​២​នាក់​ស្រែក​ឆោឡោ ឡើង​ចោរ​ភ័យ​ស្លន់ស្លោ​ជិះ​ទៅ​បុក​ឡាន

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​២នាក់ ត្រូវ​បាន​កម្លាំង​ល្បាត​របស់​នរ​គ​បាល​ប៉ុស្តិ៍​ស្រះ​ចក ធ្វើការ​ឃាត់ខ្លួន​បាន ​ក្រោយ​ពេល​ដែល​ពួក​គេ​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ធ្វើ​សកម្មភាព​ឆក់​កាបូប​ពី​ស្ត្រី​ជា​ជនបរទេស​ម្នាក់​មិន​បាន​សម្រេច ហើយ​ព្យាយាម​ជិះ​ម៉ូតូ​រត់គេច​ទៅ​បុក​នឹង​រថយន្ត​មួយ​គ្រឿង​ទៀត​ដួល ។ ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់ ថ្ងៃ​ទី​០៧ សីហា ២០១៦ នៅ​ចំណុច​ខាង​មុខ​ផ្ទះ​លេខ ៤១A ផ្លូវ​លេខ​៧៥ ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ​។

តាម​ប្រភព​ពី​មន្ត្រី​នគរបាល​បាន​ប្រាប់​ឱ្យ​ដឹង​ថា បុរស​ជា​ជនសង្ស័យ​ទាំង​ពីរ​នាក់ មាន​១-​ឈ្មោះ យុទ្ធ ថា​វីត អាយុ​១៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ក្នុង​ខណ្ឌទួល​គោក និង​២-​ឈ្មោះ ឈិ​ន បញ្ញា អាយុ​១៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ក្នុង​សង្កាត់​ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ  ត្រូវ​បាន​ឃាត់ខ្លួន​ក្រោយ​ពេល​ដែល​ពួក​គេ​ទាំង​ពីរ​នាក់​ជិះ​ម៉ូតូ​ម៉ា​កនិច ពណ៌​ក្រហម​លាយ​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ ១CG-៣៨៦៦ មួយ​គ្រឿង ធ្វើ​សកម្មភាព​ឆក់​កាបូប​ពី​ស្ត្រី​ជនបរទេស​ម្នាក់​មិន​បាន​សម្រេច​នោះ​។

តាម​ប្រភព​ដដែល​បាន​ប្រាប់​បន្ត​ទៀត​ថា មុន​ពេល​កើតហេតុ មាន​ស្ត្រី​ជា​ជនជាតិ​បរទេស​ចំនួន​ពីរ​នាក់ ដើរ​បណ្តើរគ្នា​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​តាម​បណ្តោយ​ផ្លូវ​លេខ​៧៥ លុះ​មក​ដល់​កន្លែង​កើតហេតុ ក៏​លេចមុខ​ក្រុម​ជនសង្ស័យ​ទាំង​ពីរ​នាក់​ខាងលើ ក៏​បាន​ជិះ​ម៉ូតូ​មក​ក្បែរ និង​ធ្វើ​សកម្មភាព​ឆក់​កាបូបស្ពាយ​ពី​ស្ត្រី​ជនបរទេស​ម្នាក់ បណ្តាល​ឱ្យ​ដាច់​ខ្សែ​ធ្លាក់​ដី​។ ពេល​នោះ​ក្រុម​ស្ត្រី​ជា​ជនបរទេស​ទាំង​ពីរ​នាក់ ក៏​បាន​ស្រែក​ឆោឡោ​ឡើង​ធ្វើ​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កើតឡើង និង​ធ្វើ​ឱ្យ​ពួក​គេ​ទាំង​ពីរ​នាក់​ភ័យ​ស្លន់ស្លោ ក៏​បាន​ជិះ​ម៉ូតូរ​ត់ទៅ​បុក​នឹង​រថយន្ត​មួយ​គ្រឿង​ដួល ក៏​ត្រូវ​ប្រជាពលរដ្ឋ និង​កម្លាំង​ល្បាត​របស់​ប៉ុស្តិ៍​មក​ដល់ និង​ធ្វើការ​ឃាត់ខ្លួន​បាន​ភ្លាម​ៗ​តែ​ម្តង​។

ក្រោយ​ពេល​កើតហេតុ កាបូបស្ពាយ​នោះ​ត្រូវ​បាន​ស្ត្រី​ជា​ជនបរទេស​ទាំង​ពីរ​នាក់​យក​មក​វិញ​បាន​និង​បន្តដំណើរ​ចេញ​បាត់​ពី​កន្លែង​កើតហេតុ ចំណែកឯ​ក្រុម​ជនសង្ស័យ​ទាំង​ពីរ​នាក់​ក៏​បាន​បញ្ជូន​មក​ធ្វើការ​សាកសួរ និង​ធ្វើ​កំណត់ហេតុ  ដើម្បី​បញ្ជូន​ខ្លួន​ទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ ចាត់ការ​ទៅ​តាម​ផ្លូវច្បាប់​ជា​បន្ត​ទៅ​ទៀត​៕