​ផ្លែស្វាយ អាច​ជួយ​បញ្ចុះ​ជាតិ​ស្ករ​ក្នុង​ឈាម​បាន​

​ផ្លែស្វាយ អាច​ជួយ​បញ្ចុះ​ជាតិ​ស្ករ​ក្នុង​ឈាម​បាន​

​តាម​ការសិក្សា​ថ្មី​មួយ ដែល​បាន​ចុះផ្សាយ​ក្នុង​សារព័ត៌មាន Nutrition and Metabolic Insights បានឲ្យដឹងថា មនុស្ស​ធំ​ដែល​ធាត់​ជ្រុល ញ៉ាំ​ផ្លែស្វាយ​ទៀងទាត់ ប្រហែលជា​អាច​ជួយ​បញ្ចុះ កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​បាន ហើយក៏​មិន​មាន​ផល​អវិជ្ជមាន ចំពោះ​ទម្ងន់​រាងកាយ​គេ​ដែរ​។

​ការស្រាវជ្រាវ​រកឃើញ​ថា សារធាតុ​ជីវសាស្ត្រ​ដ៏​សកម្ម​ជាច្រើន​រួម​ទាំង Mangiferin ដែល​ជា​អង់​ទី​អុកស៊ីដ​ង​ក្នុង​ផ្លែស្វាយ ដើរតួនាទី​ដ៏​មាន​ប្រយោជន៍​មួយ ចំពោះ​ជាតិ​ស្ករ​ក្នុង​ឈាម​។ ជាតិ​សរសៃ​របស់​វា ក៏​ជួយ​បន្ថយ​ការ​បឺត​ស្រូប ជាតិ​ស្ករ​ចូលទៅ​ក្នុង​ចរន្តឈាម​ដែរ​។

​ក្នុង​ពេល​ធ្វើ​ការសិក្សា អ្នកចូលរួម​ទាំងអស់ តម្រូវ​ឲ្យ​ញ៉ាំ​ផ្លែស្វាយ​ក្រៀម​ចំនួន ១០ ក្រាម ដែល​ស្មើនឹង​ផ្លែស្វាយ​ស្រស់​ប្រហែល ១០០ ក្រាម​។ ជា​លទ្ធផល​គេ​រកឃើញ​ថា ជាតិ​ស្ករ​ក្នុង​ឈាម​របស់​មនុស្ស​ធាត់​ជ្រុល​ទាំងនេះ ថយ​ចុះ​បាន​យ៉ាង​ល្អ​។

​ថ្វី​បើ​ការសិក្សា​នេះ គឺជា​លើក​ដំបូង​ក៏ដោយ ក៏​មិន​មាន​ហេតុផល​ណាមួយ ដែល​អ្នក​មិន​ត្រូវ​ញ៉ាំ​ផ្លែស្វាយ​ដែរ​។ អ្នក​ក៏​គួរតែ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ផងដែរ ចំពោះ​ពេលវេលា និង​ចំនួន​ច្រើន​ប៉ុណ្ណា ដែល​អ្នកគួ​រញ៉ាំ​ផ្លែស្វាយ​។

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ 1mhealthtips

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី07 
សីហា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។