ព្រឹក​មិ​ញ​ ! និមន្ត​ព្រះសង្ឃ​បង្សុកូល ឧទ្ទិស​កុសល​ជូន​សព​លោ​កប​ណ្ឌិ កែម ឡី

ខេត្តតាកែវ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​៧ ខែសីហា ឆ្នាំ​២០១៦ ត្រូវ​នឹង​ថ្ងៃ​៤​កើត​នេះ នៅផ្ទះ និង​ទី​បញ្ចុះសព​លោក​បណ្ឌិត កែម ឡី នៅ​ភូមិ​អង្គ​តា​កុប ឃុំ​លាយ​បូរ ស្រុក​ត្រាំកក់ ខេត្តតាកែវ មាន​រៀបចំ​និមន្ត​ព្រះសង្ឃ​ធ្វើ​ពិធី​បង្សុកូល ដើម្បី​ឧទ្ទិសផលបុណ្យ​កុសល​ជូន​ដល់​សព​លោ​កប​ណ្ឌិ កែម ឡី ដែល​ត្រូវ​បាន​ឃាតករ​បាញ់​សម្លាប់​កាលពី​ថ្ងៃ​ទី​១០ ខែកក្កដា ឆ្នាំ​២០១៦ នៅ​ក្នុង​ម៉ាត​ស្ថានីយប្រេងឥន្ធនៈ​បូក​គោក ។

លោក ភោគ សំបូរ ដែល​ជា​អ្នក​មើល​ការ​ខុស​ត្រូវ​ផ្ទះ និង​ផ្នូរ​បញ្ចុះសព​លោក​បណ្ឌិត កែម ឡី បាន​ឲ្យ​ដឹង​ថា ចាប់តាំងពី​ថ្ងៃ​បញ្ចុះសព​លោក​បណ្ឌិត​កាលពី​ថ្ងៃ​ទី​២៥ ខែកក្កដា ឆ្នាំ​២០១៦ រហូត​មក​ដល់​ថ្ងៃ​ទី​៧ ខែសីហា ឆ្នាំ​២០១៦​នេះ​មាន​រយៈពេល​១៤​ថ្ងៃ​ហើយ តែ​ទោះបី​សព​លោក​បណ្ឌិត​បាន​បញ្ចុះ​ហើយ​ក្តី ដោយ​ក្តី​គោរព​ស្រឡាញ់​ពី​សំណាក់​បងប្អូន​យើង​ដែល​រស់នៅ​ជិត​ឆ្ងាយ​នោះ បងប្អូន​នៅ​តែ​បន្ត​មក​គោរព​វិញ្ញាណក្ខន្ធ​នៅ​មុខ​ផ្នូរ​បញ្ចុះសព​ជា​រៀងរាល់ថ្ងៃ​មិន​ដែល​ខាន​ឡើយ ព្រោះ​ប្រជាពលរដ្ឋ​ស្រឡាញ់​លោក​បណ្ឌិត​ច្រើន​លើសលប់ អ្នកខ្លះ​ពេល​អុជ​ធូប​គោរព​វិញ្ញាណក្ខន្ធ​មុខ​ផ្នូរ​សព​លោក​បណ្ឌិត​បាន​ស្រក់​ទឹកភ្នែក​យំសោក​ស្តាយ​ទៀត​ផង ។

លោក ភោគ សំបូរ បាន​បន្ត​ទៀត​ថា នៅ​ថ្ងៃនេះ​សាច់ញាតិ​បាន​និមន្ត​ព្រះសង្ឃ​៤​អង្គ និង​លោក​អាចារ្យ រៀបចំ​ពិធី​បង្សុកូល សូត្រ​មន្ត ឧទ្ទិស​កុសល ជូន​ដល់​វិញ្ញាណក្ខន្ធ​លោក​បណ្ឌិត កែម ឡី ដែល​តាំងពី​ថ្ងៃ​ដែល​លោក​បណ្ឌិត​ត្រូវ​ឃាតករ​បាញ់​សម្លាប់​កាលពី​ថ្ងៃ​ទី​១០​កក្កដា​រហូត​ដល់​ថ្ងៃ​ទី​៧​សីហា​នេះ មាន​រយៈពេល​២៧​ថ្ងៃ​ហើយ ។

លោក សំបូរ បាន​បញ្ជាក់​ថា ចំពោះ​ថ្ងៃ​បុណ្យ​គំរប់​ខួប​១០០​ថ្ងៃ​សព​លោក​បណ្ឌិត កែម ឡី យើង​កំពុង​ពិភាក្សា​ជាមួយ​ប្រពន្ធ​លោក​បណ្ឌិត ហើយ​ថ្ងៃនេះ​ធ្វើ​ពិធី​បង្សុកូល​ឧទ្ទិស​កុសល​ដល់​វិញ្ញាណក្ខន្ធ​សព​លោក​បណ្ឌិត​នេះ​មិន​មាន​វត្តមាន​ប្រពន្ធ​កូនលោក​បណ្ឌិត​ទេ មាន​តែ​ម្តាយ​ចាស់ និង​សាច់ញាតិ​បងប្អូន​ជិត​ឆ្ងាយ​តែ​ប៉ុណ្ណោះ ។ ថ្ងៃនេះ​ជំនួស​មុខ​ឲ្យ​ប្រពន្ធ​កូន​សព​លោក​បណ្ឌិត កែម ឡី សូម​ថ្លែង​អំណ​គុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​បងប្អូន​ញាតិ​មិត្ត​ជិត​ឆ្ងាយ​ទាំងអស់ ដែល​បាន​មក​គោរព​វិញ្ញាណក្ខន្ធ​សព​លោក​បណ្ឌិត កែម ឡី ជា​រៀងរាល់ថ្ងៃ​នេះ ៕