ពី​ជន​ភៀស​​ស៊ីរី​​ធ្លាប់​ជួយ​ជីវិត​មនុស្ស​២០​នាក់ ក្លាយ​ជា​អ្នក​​ឈ្នះ​​ប្រកួត​ហែល​ទឹក​១០០​ម៉ែត្រ​នៅ​អូឡាំពិក

កីឡាការនី​​​ជា​ជន​ភៀស​ខ្លួន​​ស៊ីរី​ម្នាក់ ដែល​បាន​ឈ្នះ​​ការ​ប្រកួត​​បើក​ឆាក​ វិញ្ញាសា​ហែល​ទឹក​មេអំបៅ​ចម្ងាយ​១០០​ម៉ែត្រ នា​ព្រឹត្តិការណ៍​​​​អូឡាំពិក​នៅ​ទី​ក្រុង​រីយ៉ូ​ ប្រេស៊ីល​ថ្ងៃ​នេះ​ បាន​ទទួល​ការ​កោត​សរសើរ​​​ពី​មនុស្ស​ជា​ច្រើន។ អ្វី​​ដែល​ឲ្យ​គេ​រឹត​តែ​ចាប់​អារម្មណ៍​ទៀត​នោះ គឺ​នាង​​​ធ្លាប់​ប្រថុយ​​ជីវិត​​ហែល​ឆ្លង​​កាត់​សមុទ្រ​ មេឌីទែរ៉ាណេ។

 

ពី​ជន​ភៀស​​ស៊ីរី​​ធ្លាប់​ជួយ​ជីវិត​មនុស្ស​២០​នាក់ ក្លាយ​ជា​អ្នក​​ឈ្នះ​​ប្រកួត​ហែល​ទឹក​១០០​ម៉ែត្រ​នៅ​អូឡាំពិក

 

កញ្ញា Yusra Mardini វ័យ​១៨​ឆ្នាំ ដែល​ជា​សមាជិក​កីឡាករ​​ក្រុម​ជន​ភៀស​ខ្លួន​អូឡាំពិក  (Refugee Olympic Team ) បាន​ប្រើ​ថេរវេលា​ ១នាទី:០៩វិនាទី:២៩ ឈ្នះ​ការ​ប្រកួត​របស់​នាង​។ រំលឹក​ទៅ ​អតីតកាល កាល​ពី​​២​ឆ្នាំ​មុន (២០១៤) នាង​​ជា​ជន​ភៀស​ខ្លួន​ម្នាក់​ក្នុង​ចំណោម​​ជន​ភៀស​ខ្លួន​២០​នាក់​​រួម​ទាំង​ប្អូន​ស្រី​​បង្កើត ចាក​ចេញ​ពី​ប្រទេស​កំណើត​ដែល​​ហួង​ហែង​ដោយ​សង្គ្រាម​ គឺ​ប្រទេស​ស៊ីរី ទៅ​កាន់​ប្រទេស​ក្រិក ដោយ​ឆ្លង​កាត់​តាម​​​ប្រទេស​លី​បង់​និង​​ប្រទេស​តួកគី។

 

​មុន​ពេល​​​ទៅ​ដល់​ក្រិក Mardini ​​​និង​ប្អូន​ស្រី​រួម​ជា​មួយ​ជន​ភៀស​ខ្លួន​២០​នាក់​ទៀត​នោះ ​បាន​ធ្វើ​ដំណើរ​ឆ្លង​​​​កាត់​តាម​សមុទ្រ​មេឌីទែរ៉ាណេ​ដោយ​ទូក​ម៉ាស៊ីន​មួយ​​។ អំឡុង​ពេល​ធ្វើ​ដំណើរ​ ម៉ាស៊ីន​ទូក​បាន​ខូច ហើយ​ទូក​ចាប់​ផ្ដើម​លិច ពេល​នោះ Mardini និង​ជន​ភៀស​រួម​ដំណើរ​ម្នាក់​បាន​ស្ម័គ្រ​ចិត្ត​មុជ​ចុះ​ក្នុង​ទឹក​ដើម្បី​រុញ​ទូក​រហូត​បាន​​ទៅ​​​​ដល់​​ឆ្នេរ​សមុទ្រ​នៃ​កោះ  Lesbos នៃ​ប្រទេស​ក្រិក ដែល​នាង​និង​​ជន​ភៀស​រួម​ដំណើរ​ម្នាក់​នោះ​ ​បាន​ជួយ​សង្គ្រោះ​​ជីវិត​មនុស្ស​ទាំងអស់​នៅ​លើ​ទូក។

 

ពី​ជន​ភៀស​​ស៊ីរី​​ធ្លាប់​ជួយ​ជីវិត​មនុស្ស​២០​នាក់ ក្លាយ​ជា​អ្នក​​ឈ្នះ​​ប្រកួត​ហែល​ទឹក​១០០​ម៉ែត្រ​នៅ​អូឡាំពិក

 

បច្ចុប្បន្ន​ Mardini ជា​កីឡាការនី​រស់​នៅ​និង​ហ្វឹកហាត់​​​​​នៅ​ប្រទេស​អាល្លឺម៉ង់ ហើយ​មក​ទល់​ពេល​នេះ​នាង​ស្នាក់​នៅ​នឹង​​ប្រកួត​កីឡា​អូឡាំពិក​​នៅ​ទី​ក្រុង​រីយ៉ូ​ប្រទេស​ប្រេស៊ីល។ កីឡាការនី​វ័យ​១៨​ឆ្នាំ​រូប​នេះ​​ ​នឹង​មាន​ការ​ប្រកួត​​វិញ្ញាសា​ហែល​ទឹក​សេរី​ជា​បន្ត​នៅ​ថ្ងៃ​ពុធ​ខាង​មុខ​នេះ។

 

កាល​ពី​ខែ​​មីនា​ កន្លង​ទៅ ប្រធាន​​គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ លោក Thomas Bach បាន​ប្រកាស​​​ជ្រើស​រើស​កីឡាករ​​ជា​ជន​ភៀស​ខ្លួន ដើម្បី​ប្រកួត​ជា​ក្រុម​​លើក​ដំបូង​​នៅ កីឡា​អូឡាំពិក​រដូវ​ក្ដៅ​នា​ទី​ក្រុង​រីយ៉ូ ដើម្បី​បង្ហាញ​ខ្លួន​ទៅ​កាន់​ពិភពលោក ហើយ​ Mardini ជា​កីឡាការនី​ជន​ភៀស​ខ្លួន​​ម្នាក់​ក្នុង​ចំណោម​​សមាជិក​អត្តពលិក​ជា​ជន​ភៀស​ខ្លួន​១០​នាក់​ក្នុង​ក្រុម៕

 

ពី​ជន​ភៀស​​ស៊ីរី​​ធ្លាប់​ជួយ​ជីវិត​មនុស្ស​២០​នាក់ ក្លាយ​ជា​អ្នក​​ឈ្នះ​​ប្រកួត​ហែល​ទឹក​១០០​ម៉ែត្រ​នៅ​អូឡាំពិក


ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖abcnews​​​​​

​​

​​​​