សហគមន៍​បឹងកក់​នឹង​បន្ត​ទាមទារ​យុត្តិធម៌​ជូន​បណ្ឌិត កែម ឡី ក្នុង​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ

សហគមន៍​រងគ្រោះ​ក្នុង​រឿង​ដីធ្លី​នៅ​តំបន់​បឹងកក់ នឹង​បន្ត​ប្រមូល​ផ្តុំ​គ្នា​ធ្វើ​យុទ្ធនាការ «ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ» បន្ត​ទៀត​នៅ​ថ្ងៃ​ច័ន្ទ ទី​៨ ខែ​សីហា បើ​ទោះ​បី​ជា​កន្លង​មក​មាន​បម្រាម និង​ការ​គំរាម​កំហែង​ពី​អាជ្ញាធរ​ក្ដី។

តំណាង​សហគមន៍​រងគ្រោះ​រឿង​ដីធ្លី​តំបន់​បឹងកក់ អ្នកស្រី ទេព វន្នី ឲ្យ​ដឹង​ថា យុទ្ធនាការ «ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ» សប្ដាហ៍​ទី​១៤ ដែល​ធ្វើ​ឡើង​នៅ​តំបន់​បឹងកក់​ដដែល​នេះ ពួក​គេ​នឹង​រៀបចំ​ពិធី​សំខាន់ៗ​មួយ​ចំនួន ដើម្បី​ទាមទារ​យុត្តិធម៌​ជូន​បណ្ឌិត កែម ឡី និង​មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ៤​នាក់ និង​អគ្គលេខាធិការ​រង គ.ជ.ប មួយ​រូប៖ «»។

មក​ដល់​ពេល​នេះ ក្រុម​សហគមន៍​ដែល​មាន​វិវាទ​ដីធ្លី​នៅ​ក្នុង​រាជធានី​ភ្នំពេញ​មួយ​ចំនួន និង​មន្ត្រី​សិទ្ធិ​មនុស្ស ហាក់​បាន​ផ្អាក​សកម្មភាព​ចូលរួម​ធ្វើ​យុទ្ធនាការ «ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ» ជា​បន្តបន្ទាប់ ក្រោយ​ពី​កន្លង​មក សមត្ថកិច្ច​តែង​តែ​ចាប់​ខ្លួន​អ្នក​រៀបចំ​យុទ្ធនាការ «ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ» នេះ​ជា​ហូរហែ ដើម្បី​ធ្វើ​ការ​អប់រំ និង​បង្ខំ​ឲ្យ​ធ្វើ​កិច្ចសន្យា​បញ្ឈប់​សកម្មភាព​នេះ។

ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ ក្រុម​សហគមន៍​បឹងកក់​នៅ​តែ​ប្តូរផ្តាច់​ធ្វើ​យុទ្ធនាការ «ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ» នេះ និង​អំពាវនាវ​ឲ្យ​មជ្ឈដ្ឋាន​ទូទៅ​ជួយ​ចូលរួម​ធ្វើ​យុទ្ធនាការ​នេះ​ឲ្យ​បាន​ច្រើន​គ្នា ដើម្បី​ជំរុញ​ឲ្យ​មាន​យុត្តិធម៌​សង្គម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។