កាម​រី​បា​ឡែ​ន​បុក​បុរស​ម្នាក់ ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង

ខេត្តកណ្ដាល ៖ បុរស​ម្នាក់​បាន​បាត់បង់​ជីវិត​ភ្លាម​ៗ​នៅ​នឹង​កន្លែង នៅ​ក្នុង​ខណៈ​ដែល​ជន​រង ខាងលើ​ជិះ​ម៉ូតូ​១​គ្រឿង តែ​ម្នាក់ឯង​ហើយ​ត្រូវ​បាន​រថយន្ត ម៉ាក​កាម​រី​បា​ឡែ​ន​១​គ្រឿង បើកបរ​ក្នុង​ល្បឿន​លឿន​ជែង​យានយន្ត​នៅ​ខាង​មុខ ជ្រុល​ទៅ​បុក​ពេញទំហឹង ក្នុង​ពេល​កំពុង​បើកបរ​បញ្ច្រាសទិស​គ្នា កាលពី​វេលា​ម៉ោង ៥​និង​៣០​នាទី ល្ងាច​ថ្ងៃ​ទី​៧ ខែសីហា ឆ្នាំ​២០១៦ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៤ ត្រង់​ចំណុច ភូមិ​កៅ ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្ដាល​។

បុរស​រង​គ្រោះ​នោះ​ឈ្មោះ  អុល ផាត អាយុ​២៤​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ព្រៃ​ឈើទាល ឃុំ​សំរោង​លើ ស្រុក​អង្គស្នួល ខេត្តកណ្ដាល  ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ស៊េរី​ឆ្នាំ​២០១៤ ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ ភ្នំពេញ​1CG-8803 ចំណែក​រថយន្ត​បង្ក​បើក​រត់​បាត់​ស្រមោល​។ តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​១​គ្រឿង​ខាងលើ ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ ពី​កើត​ទៅ​លិច ចំណែក​រថយន្ត​បង្ក​ម៉ា​កម​កាម​រី​បា​ឡែ​ន មិន​ចាំ​ស្លាក​លេខ បើកបរ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​។

លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ​ខាងលើ រថយន្ត​បាន​ជែង​យាន យន្ត​នៅ​ខាង​មុខ ហើយ​ក៏​បាន​ជ្រុល​ទៅ​បុក ម៉ូតូ​ជន​រង​គ្រោះ​ពេញទំហឹង បណ្ដាល​ឲ្យ​ដួល​បោក​ទៅ​លើ​ថ្នល់ ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​។ បន្ទាប់​មក​រថយន្ត​នោះ​បាន​បើក​រត់គេច​បាត់​ស្រមោល​។ ក្រោយ​ពេល​កើតហេតុ កម្លាំង​នគរបាល​ចរាចរ​ស្រុក​អង្គស្នួល បាន​ចុះ​ទៅ​កាន់​កន្លែង​កើតហេតុ ប្រគល់​សាកសព​ទៅ​ឲ្យ​ក្រុម​គ្រួសារ នាំ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕