បញ្ហា​បន្តិច​សោះ ថៃ​ជំទាស់​បិទ​ច្រក​ទ្វារ​២​កន្លែង

ឧត្តរមានជ័យ ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​០៦​និង​ថ្ងៃ​ទី​០៧ ខែសីហា ឆ្នាំ​២០១៦ នៅ​តាម​មាត់ច្រក​ទ្វារ ព្រំដែន​២​កន្លែង គឺ​ច្រក​ទ្វារ​អន្តរជាតិ​អូរ​ស្មាច់ និង​ច្រក​ទ្វារ​តំបន់​ជប់​គគីរ សាយ​តា​តូ នៃ​ខេត្តឧត្តរមានជ័យ ត្រូវ​បាន​ថៃ​បិទ​ដោយ​ឯកតោភាគី ដោយ​មិន​បាន​ជូនដំណឹង​ដល់​ភាគី​កម្ពុជា មូលហេតុ​ភាគី​ថៃ​ប្រើប្រាស់​ទ​ង្វើ​ជំទាស់​បែប​នេះ​ខាង​ភាគី​កម្ពុជា​រុះរើ​ទ្រុងមាន់​ចាស់​ធ្វើ​ថ្មី​។ ហេតុការណ៍​នេះ​បាន​កើតឡើង ជា​ជំហាន​ដំបូង​នៅ​មាត់ច្រក​ទ្វារ​អន្តរជាតិ​អូរ​ស្មាច់ ស្ថិត​ក្នុងភូមិ​អូរ​ស្មាច់ សង្កាត់​អូរ​ស្មាច់  ក្រុង​សំរោង ខេត្តឧត្តរមានជ័យ​។

ក្រោយ​ពី​បាន​បិទ​អស់​រយៈពេល​៣​ម៉ោង នឹង​បើក​ដោយ​ឯ​តោ​ភាគី ថៃ​ឳ្យ​ដំណើរការ​ច្រក​ទ្វារ​អន្តរជាតិ​អូរ​ស្មាច់ និង​ច្រក​ជប់​គគីរ​ឡើង​វិញ បន្ទាប់​ពី​ការ​បិទ​ពី​សំណាក់​ភាគី​ថៃ កាលពី​ព្រឹក​ថ្ងៃ​ទី​០៦ ខែសីហា ឆ្នាំ​២០១៦​នេះ ភាគី​ទាំង​២​បាន​ជួប​ពិភាក្សា​គ្នា​នៅ​ច្រក​អន្តរជាតិ​អូរ​ស្មាច់ ដោយ​ភាគី​កម្ពុជា​ដឹកនាំ​ដោយ​ឯកឧត្តម ស ថា​វី អភិបាលខេត្ត​ឧត្តរមានជ័យ​។ ចំណែក​ភាគី​ថៃ​ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ត្រី​ស៊ុន​ធិ យ៉ា​ស៊ី​ចា​រឺ​ន មេបញ្ជាការ​កង​សុ​រៈ​នារី និង​លោក​អភិបាលខេត្ត​សុរិន្ទ​។

នៅ​ក្នុង​ឱកាស​នោះ ឯកឧត្តម ស ថា​វី​បាន​សម្ដែង​នូវ​ការ​សោកស្តាយ​ចំពោះ​ភាគី​ថៃ ដែល​បាន​បិទ​ច្រក​ទ្វារ​ជា​ឯកតោភាគី មិន​ជូនដំណឹង​ឲ្យ​ភាគី​កម្ពុជា​ដឹង​ជា​មុន ដែល​ជា​ហេតុ​ធ្វើ​ឳ្យ​ប្រជាពលរដ្ឋ​ខ្លះ​គាត់​មានការ​យល់​ច្រឡំ​ថា​មាន​បញ្ហា​នៅ​តាម​ព្រំដែន​ទៅ​វិញ តាម​ពិត​គឺ​រឿង​តិចតួច​សោះ​មិន​គួរ​ធ្វើ​ឳ្យ​មានការ​ភ្ញាក់ផ្អើល​ប្រជាពលរដ្ឋ​។ ឯកឧត្តម​អភិបាលខេត្ត​បាន​សំណូមពរ​ទៅ​ភាគី​ថៃ មុន​នឹង​ធ្វើ​អ្វី​ត្រូវ​ជូនដំណឹង​ឲ្យ​ភាគី​កម្ពុជា​ដឹងផង ចំពោះ​បញ្ហា​ទ្រុងមាន់​ដែល​ភាគី​ថៃ​ទាមទារ​ឲ្យ​ភាគី​កម្ពុជា​រុះរើ​ចេញ​នោះ​។

ឯកឧត្តម ស ថា​វី​បាន​មាន​ប្រសាសន៍​ថា ករណី​ដែល​ខ្សែបន្ទាត់​ព្រំដែន​នៃ​ប្រទេស​ទាំង​២​មិនទាន់​កំណត់​ច្បាស់លាស់ ដោយ​គណៈកម្មាធិការ​កិច្ចការ​ព្រំដែន​នៃ​ប្រទេស​ទាំង​២​ទេ​នោះ អ្វី​ដែល​មាន​ស្រាប់​គឺ​ត្រូវ​រក្សា​នៅ​ដដែល ហើយ​អ្វី​ដែល​សាងសង់​ថ្មី​គឺ​ត្រូវ​ជូនដំណឹង​ឲ្យ​ដឹង​ទៅ​វិញ​ទៅ​មក​។ ដោយឡែក​ទ្រុងមាន់​ដែល​ថៃ​ទាមទារ​ឳ្យ​រុះរើ​នោះ តាម​ពិត​បាន​សង់​យូរណាស់​មក​ហើយ ជា​រោង​យាម​ប្រចាំការ​ចាស់​របស់​មន្ត្រី​នគរបាល​អន្តោប្រវេសន៍​ច្រក​អូរ​ស្មាច់ ដោយសារ​តែ​វា​ចាស់​ឌ្រុ​ធ​ទ្រោម​ទើប​យើង​រុះរើ​ធ្វើ​ថ្មី តែ​ត្រូវ​ភាគី​ថៃ​ជំទាស់​។ ក្រោយ​ពី​ការ​ចុះ​ពិនិត្យ​ជាក់ស្តែង​ឃើញ​ថា​ជា​រោង​ចាស់​ពិតប្រាកដ​មែន មិនមែន​ជា​សំណង់​រឹង​មាំ​នោះ​ទេ ។ ភាគី​ទាំង​២​បាន​ទទួលទាន​អាហារ​សាមគ្គី​ជុំ​គ្នា​ដោយ​ភាព​ស្និ​ទ​ស្នាល ហើយ​ភាគី​ទាំង​២​បាន​សន្យា​ជួប​គ្នា​រយៈពេល​មួយ​ខែ​ម្តង​៕