បង្ក្រាប​ជន​ជួញដូរ​ថ្នាំ​ញៀន ដកហូត​បាន​ជាង​២០០​កញ្ចប់

រាជធានី​ភ្នំពេញ ៖ កម្លាំង​ប្រជា​ការពារ​ខណ្ឌដូនពេញ​សហ​ការណ៍​ជាមួយ​កម្លាំង​អាវុធហត្ថ​ខណ្ឌដូនពេញ និង​កម្លាំង​អាវុធហត្ថ ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន រាជធានី​ភ្នំពេញ ក្រោម​ការ​ដឹកនាំ​ផ្ទាល់​ពី​លោក គួ​ច ចំរើន ប្រធាន​គណ​:​បញ្ជាការ​ឯកភាព​ខណ្ឌ បាន​បន្ត​ប្រតិបត្តិការ​ចុះ​ទៅ​បង្ក្រាប​ករណី​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​មួយ​ករណី​ថ្មី​ទៀត ដោយ​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​៥​នាក់ ក្នុង​នោះ​មាន​ស្រី​២​នាក់ និង​ដកហូត​ថ្នាំ​ញៀន​បាន​២៣១​កញ្ចប់​។ មន្ត្រី​អាវុធហត្ថ​ខណ្ឌដូនពេញ បាន​ឲ្យ​ដឹង​ថា ប្រតិបត្តិការ​បង្ក្រាប​ក្រុម​គ្រឿងញៀន​នេះ បាន​ធ្វើ​ឡើង​នៅ​ល្ងាច​ថ្ងៃ​ទី​៦ ខែសីហា ឆ្នាំ​២០១៦ ស្ថិត​នៅ​ចំណុច​ផ្ទះ​លេខ​១៩​អា និង​ផ្ទះ​លេខ​២៥ ផ្លូវ​រថភ្លើង សង្កាត់​បឹង​កក់​២ (​រោងចក្រ​ឆ្នាំង​) ខណ្ឌទួលគោក​ជាប់​ព្រំប្រទល់​សង្កាត់​ស្រះ​ចក​ខណ្ឌដូនពេញ​បន្ទាប់​សមត្ថកិច្ច​ជំនាញ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ហើយ​ឈាន​ទៅ​ដល់​បង្ក្រាប​ទីតាំង​ជួញដូរ​ថ្នាំ​តែ​ម្តង​។

ជា​លទ្ធផល​សមត្ថកិច្ច​ដកហូត​ថ្នាំ​ញៀន​ចំនួន​២៣១​កញ្ចប់ និង​ដកហូត​ជញ្ជីង​សម្រាប់​ថ្លឹង ចំនួន​០៤​គ្រឿង ម៉ូតូ​ចំនួន​០៥​គ្រឿង និង​សម្ភារ​សម្រាប់​វេច​ខ្ចប់ និង​សេព​គ្រឿងញៀន​មួយ​ចំនួន​ផង​ដែរ​។ គ្រាន់តែ​រយៈពេល​មួ​យស​ប្តា​ហ៍​ប៉ុណ្ណោះ អាវុធហត្ថ​ខណ្ឌដូនពេញ​ក្រោម​ការ​ដឹកនាំ​ផ្ទាល់​ពី​លោក គួ​ច ចំរើន អភិបាល​ខណ្ឌដូនពេញ​បាន​ចុះ​បង្ក្រាប​ករណី​ចែកចាយ និង​ប្រើប្រាស់​ថ្នាំ​ញៀន​ក្នុង​សង្កាត់​ស្រះ​ចក​បាន​ចំនួន​៣​ករណី ឃាត់ខ្លួន​ជនសង្ស័យ​១៩​នាក់ និង​ដកហូត​ថ្នាំ​ញៀន​មួយ​ចំនួន​ធំ​ផង​ដែរ​។ បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថុ​តាង បាន​បញ្ជូន​ទៅ​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​៕