បើ​យុវជន​អែបអប​តែ​កូន​អ្នកធំ រឹតតែ​ធ្វើ​ឲ្យ​កូន​អ្នកធំ​កាន់តែ​មានឱកាស​ធ្វើ​ធំ

អ្នកវិភាគនយោបាយលោក អ៊ូ វីរៈ យល់ថា ប្រជាពលរដ្ឋខ្មែរខ្លះ ជាពិសេសគឺយុវជន ចូលចិត្តតែអែបអបអ្នកមានអំណាច ឬបុគ្គលជាសែស្រឡាយអ្នកធំ។ លោកថា កូនអ្នកធំជាមនុស្សដែលមានឱកាស ទទួលបានតួនាទីច្រើនជាងយុវជនចេញពីមូលដ្ឋាន ហើយបើយុវជន នាំគ្នារត់ទៅអែបអបកូនអ្នកធំទៀតនោះ នឹងធ្វើឲ្យកូនអ្នកធំ កូនអ្នកមានអំណាចទាំងនោះ មានឱកាសដឹកនាំប្រទេស ឬបានតួនាទីខ្ពស់បន្ថែមទៀត។ អ្នកវិភាគរូបនេះ ចង់ឃើញពលរដ្ឋ និងយុវជនខ្មែរ ឈប់ឲ្យតម្លៃតែទៅលើសែស្រឡាយ កូនអ្នកមានអំណាច ហើយខំប្រឹងពង្រឹងសមត្ថភាពផ្ទាល់ខ្លួន នោះនឹងអាចមានឱកាសប្រកួតប្រជែងជាមួយកូនអ្នកធំទាំងនោះបាន។

បើទោះបីជាលោក អ៊ូ វីរៈ ទទួលស្គាល់ថា យុវជនដែលមិនមែនជាកូនអ្នកមានអំណាចស្រាប់ មានឱកាសទទួលតួនាទីក្នុងបក្ស ឬរដ្ឋាភិបាលតិចក្តី ក៏លោកប្រាប់ទៅយុវជនទាំងនោះ កុំឲ្យអស់សង្ឃឹមឡើយ។ លោកថា យុវជនដែលចេញពីជនបទដែលបានរៀនសូត្រខ្ពស់ ហើយមានសមត្ថភាពប្រហាក់ប្រហែលនឹងកូនអ្នកមានអំណាចដែរ វាជាមោទកភាពខ្លាំងណាស់។ លោក អ៊ូ វីរៈ យល់ថា អ្នកដឹកនាំដែលអាចយល់ពីទុក្ខសោករបស់ប្រជាពលរដ្ឋបានច្រើនជាងកូនអ្នកធំ គឺមនុស្សដែលចេញពីមូលដ្ឋានតែម្តង។

ជាមួយគ្នានេះនៅក្នុងបទសម្ភាសន៍ជាមួយលោក ជា ធីរិទ្ធ និពន្ធនាយករងនៃសារព័ត៌មានថ្មីៗ អ្នកវិភាគរូបនេះ ស្នើឲ្យអ្នកនយោបាយចាស់ៗ ពោលគឺសម្តេច ហ៊ុន សែន ឯកឧត្តម សម រង្ស៊ី ឯកឧត្តម កឹម សុខា ជាដើម ល្មមដល់ពេលពិភាក្សាគ្នាអំពីការចូលនិវត្តរៀងៗខ្លួន ដើម្បីផ្តល់ឱកាសឲ្យយុវជនជំនាន់ក្រោយទទួលបានតូួនាទី និងរៀនដឹកនាំជាក់ស្តែងវិញម្តង៕ ប្រភព៖ ថ្មីៗ

សូមទស្សនាបទសម្ភាសន៍ខាងក្រោម៖


Related Posts