ឃាត់​ជនសង្ស័យ​៦​នាក់ ដកហូត​បាន​ថ្នាំ​ញៀន​១៣​កញ្ចប់

រាជធានី​ភ្នំពេញ ៖ កម្លាំង​នគរបាល​ផ្នែក​អន្តរាគមន៍ របស់​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ធ្វើការ ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​៦​នាក់ ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​បទល្មើស​គ្រឿងញៀន ២​ករណី​ផ្សេង​គ្នា តែ​ក្នុង​រយៈពេល​ជាង​១​ម៉ោង​ប៉ុណ្ណោះ​។ ដែល​ក្នុង​នោះ​លើក​ទី​១ ឃាត់ខ្លួន​ជនសង្ស័យ​បាន​២​នាក់ ដោយ​ម្នាក់​ជា​អ្នកទិញ​យក​ទៅ​ប្រើប្រាស់ និង​ម្នាក់​ទៀត​គឺជា​អ្នក​ដែល​ទទួល​ទិញ​ពី​ម៉ូយ​ដែល​បោះ​ដុំ​ធំ យក​ទៅ​ធ្វើការ​ចែកចាយ​បន្ត​ដើម្បី​យកចំណេញ ហើយ​កម្លាំង​បាន​ដកហូត​បាន​ថ្នាំ​ញៀន​ចំនួន​៣​កញ្ចប់​តូច​។ ការ​ឃាត់ខ្លួន​នោះ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៩​និង​៣០​ព្រឹក​ថ្ងៃ​ទី​៥ ខែសីហា ឆ្នាំ​២០១៦ នៅ​តាម​ផ្លូវ​បេតុង ត្រង់​ចំណុច​ខាងក្រោយ​ហាង ST សម្លាញ់ ស្ថិត​ក្នុងភូមិ​ព្រៃ​ព្រីង​ខាងត្បូង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

ជនសង្ស័យ​ខាងលើ​នោះ ម្នាក់​គឺជា​អ្នក​ចែកចាយ​ឈ្មោះ សូរ សារ​ត្ន័ ហៅ អា​ប៊ូ​យ អាយុ​៣៤​ឆ្នាំ ស្នាក់​នៅ និង​មានមុខ​របរ​មិន​ពិតប្រាកដ ជា​មុខសញ្ញា​ដែល​ស្ថិត​ក្នុង​ការ តាមដាន​និង​ស៊ើបអង្កេត​របស់​កម្លាំង​នគរបាល​។ ចំណែក​ជនសង្ស័យ​ម្នាក់​ទៀត ជា​អ្នកទិញ​យក​ទៅ​ប្រើប្រាស់​ឈ្មោះ វ៉ា​ន វី​វ៉ា អាយុ​២២​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ មាន​មុខរបរ​កម្មករ​រោងចក្រ​។ លើក​ទី​២​នៅ​វេលា​ម៉ោង​១០​និង​២០​នាទី​យប់​ដដែល កម្លាំង​សមត្ថកិច្ច​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៤​នាក់​ទៀត​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ត្រង់​ចំណុច​ម្តុំ​រោងចក្រ​តម្លើង​ម៉ូតូ Suzuki ស្ថិត​ក្នុងភូមិ​ត្រពាំង ទួល សង្កាត់​កំ​បូល ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ នៅ​ក្នុង​ពេល​នោះ​កម្លាំង​នគរបាល​បាន​ដកហូត​បាន​ថ្នាំ​ញៀន​ចំនួន​១០​កញ្ចប់​តូច និង​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​ស​១២៥ ស៊េរី​២០១៦ ពណ៌​ខ្មៅ​មួយ​គ្រឿង ពាក់​ស្លាក​លេខ​ភ្នំពេញ 1FM-5432​។

ដោយឡែក​ជនសង្ស័យ​ទាំង​៤​នាក់​នេះ នៅ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ​។ នគរបាល​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​ពីរ​ក្រុម​មាន​គ្នា​៦​នាក់​នេះ គឺ​កម្លាំង​បាន​ល្បាត​ការពារ​បទល្មើស​នៅ​ក្នុងភូមិ​សាស្ត្រ​ខណ្ឌ​របស់​ខ្លួន ហើយ​ក៏​បាន​ប្រទះ​ឃើញ​ជនសង្ស័យ​ទាំងនោះ​មានការ​សង្ស័យ បាន​ឃាត់​និង​ធ្វើការ​ឆែកឆេរ​រក​ឃើញ​ថ្នាំ​ទាំង​១៣​កញ្ចប់​រួច​ក៏​បាន​ចាប់ខ្លួន​នាំ យក​ទៅ​សាកសួរ និង​កសាង​សំណុំរឿង ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់​៕