ទេព​ឥន្ទ្រី​សេនាក្លាហាន (ភាគទី៣១)

ភាគ​ទី​៣១

ផឹងលានហូ​ងាក​ទៅ​រក​ព្រះរាជបុត្រ​ទូល​ថា៖
«បពិត្រ​ព្រះ​រាជ​កុមារ​! ទុក​ឱ្យ​ទូល​ព្រះ​បង្គំ​ចាត់ការ​វា​ចុះ កុំ​ឱ្យ​វា​ទៅ​ឆាឆៅ​ព្រះអង្គ​មិន​ចេះ​ឈប់ឈរ​យ៉ាង​នេះ!»
គេ​ក៏​យារ​ដៃ​ឡើង​យ៉ាង​ខ្ពស់ ហើយ​ដក​ដង្ហើម​យ៉ាង​វែង​ បម្រុង​នឹង​តប់​តែ​មួយ​ដៃ​ឱ្យ​​ស្លាប់​តែ​ម្ដង។
កួកឆេង​ក្រឡេក​ទៅ​ខ្មាំង​​សត្រូវ​គេ​យល់​ក្នុង​ចិត្ត​ថា​ ម្ដង​នេះ​ប្រាកដ​ជា​មិន​អាច​ជៀស​ផុត​ពី​គ្រោះ​ថ្នាក់​ទេ។ គេ​ខំ​ប្រឹង​បញ្ចេញ​កម្លាំង​ក្នុង​ខ្លួន​ទៅ​ប្រមូល​ផ្ដុំ​នៅ​នឹង​ស្មា ​ដើម្បី​ទប់ទល់​នឹង​កម្លាំង​ដៃ​សត្រូវ។
អ្នក​ខ្លាំង​ពូកែ​ទាំង​ប៉ុន្មាន​នៅ​ទី​នោះ​ កាល​បើ​ឃើញ​ដូច្នេះ​​ក៏​យល់​ថា​ ដៃ​កួកឆេង​ទាំង​សងខាង​ប្រាកដ​ជា​នឹង​បាក់​មិន​ខាន​ ដោយ​ពុំ​អាច​ទប់ទល់​នឹង​កម្លាំង​ដៃ​ផឹងលានហូ​បាន​ទេ។

 

មួយ​រំពេច​នោះ​ ស្រាប់​តែ​​មាន​បុរស​ម្នាក់​រត់​ហេ​ចេញ​ពី​ហ្វូង​មនុស្ស​ទៅ​ ហើយ​ស្រែក​ឃាត់​ថា៖
«ឈប់​សិន!»
គេ​នាំ​គ្នា​ក្រឡេក​មើល​ទៅ​បុរស​ដែល​រត់​ចេញ​មក​ឃាត់ ​នោះ​គឺ​អាចារ្យ​ម្នាក់​ដែល​មាន​វ័យ​ចំណាស់​បន្តិច​ទៅ​ហើយ។ គាត់​លើក​អាវុធ​មួយ​ដ៏​ចម្លែក​រង​ដៃ​ផឹងលានហូ។ ដៃ​របស់​ផឹង​លានហូ​ ក៏​បាន​គាំង​ឡើង​មិន​អាច​តប់​ទៅ​រក​កួកឆេង​បាន​ឡើយ​។
ផឹងលានហូ​ភ្ញាក់​ព្រើត​តែ​ម្ដង​ គេ​ងាក​ទៅ​ឃើញ​អាចារ្យ​នោះ​ ហើយ​គេ​បាន​សាក​កម្លាំង​គាត់​អម្បាញ់មិញ​ទៅ​ដឹង​ថា​ អាចារ្យ​នេះ​ក៏​ជា​មនុស្ស​ខ្លាំង​ពូកែ​មិន​ចាញ់​រូប​គេ​ប៉ុន្មាន​ដែរ។ ពេល​នោះ​អាចារ្យ​ពោល​៖
«លោក​ជា​អ្នក​មាន​កេរ្តិ៍​ឈ្មោះ​យ៉ាង​ល្បីល្បាញ​ឈ្មោះ​ផឹងលានហូ​នោះ​ឬ? ថ្ងៃ​នេះ​ខ្ញុំ​បាន​មក​ជួប​ ជា​ភ័ព្វ​សំណាង​ល្អ​របស់​ខ្ញុំ​ហើយ!»

 

ផឹងលានហូ​ឆ្លើយ៖
«កុំ​មាន​ប្រសាសន៍​អ៊ីចឹង! តើ​លោក​មាន​នាម​អី​ដែរ?»
ពេល​នេះ​ភ្នែក​រាប់​រយ​រាប់​​ពាន់​កំពុង​តែ​ដោត​តម្រង់​មក​រក​អាចារ្យ​។​ អាចារ្យ​មាន​មុខ​មាត់​យ៉ាង​សមរម្យ​​គាត់​មាន​ពុក​មាត់​នឹង​ពុក​ចង្កា​វែង​ អន្លាយ​ មាន​សម្លៀកបំពាក់​យ៉ាង​ស្អាត​បាត។
អាចារ្យ​នោះ​នៅ​ស្ងៀម គាត់​បោះ​ជើង​ឆ្វេង​ទៅ​មុខ​ជាន់​ដី​ឱ្យ​ទ្រុឌ​ដាម​ស្នាម​ជើង​មួយ​យ៉ាង​ ច្បាស់​ក្រឡៅ។ កម្លាំង​ជើង​របស់​អាចារ្យ​ពូកែ​សក្ដិសិទ្ធិ​ដល់​កម្រិត​នៅ​ក្រោម​មេឃ​នេះ គ្មាន​អ្នក​ណា​អាច​ផ្ទឹម​បាន​ឡើយ។
ផឹងលានហូ​ឃើញ​ស្នាម​ជើង​នេះ​ គេ​ក៏​ពោល​៖
«លោក​ម្ចាស់​គឺ​លោក​វង់ឈូយី​ ដែល​គេ​តែង​ហៅ​ថា​អាចារ្យ​ជើង​ដែក​នោះ​ឬ?»
អាចារ្យ​ងក់​ក្បាល​ឆ្លើយ​ថា៖
«លោក​មាន​ប្រសាសន៍​សរសើរ​លើក​ខ្ញុំ​ហួសពេក​ ខ្ញុំ​ជា​អាចារ្យ​ធម្មតា​ទេ!»

 

ចុច​ត្រង់​នេះ​អាន​រឿង​បន្ត…

 

ទេព​ឥន្ទ្រី​សេនាក្លាហាន (ភាគទី៣១)

 

ចុច Like Page ប្រលោមលោក Sabay ដើម្បី​ទទួល​បាន​រឿង​ថ្មីៗ