យក​បាយ​ហូប​ក្នុង​បន្ទប់​មិន​ឃើញ​ចុះ​ក្រោម ឡើងទៅ​មើល​ផ្អើល​ឈុ​ល

រាជធានី​ភ្នំពេញ ៖ ដោយ​ឃើញ​ប្អូនថ្លៃ​ប្រុស​យក​បាយ​ទៅ​ហូប​ក្នុង​បន្ទប់​ឡៅតឿ​មិនឃើញ​ចុះ​មក​ក្រោម​សោះ បងថ្លៃ​ស្រី​ក៏​បាន​ឡើង​ទៅ​មើល ហើយ​ស្រែកហៅ​តែ​មិន​ឆ្លើយតប ក៏​ទៅ​ហៅ​ឪពុក​ក្មេង​មក​ជួយ​មើល ស្រាប់តែ​ឃើញ​ប្អូនថ្លៃ​ចង​.​ក​ស្លាប់​បាត់​ទៅ​ហើយ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៧ និង​៣០​នាទី​យប់ ថ្ងៃ​ទី​៧ ខែសីហា ឆ្នាំ​២០១៦ នៅ​ក្នុង​បុរី​ចំការ​ដូង ផ្លូវ​បេតុង​អត់លេខ ផ្ទះ​លេខ​G10 ភូមិ​សំបួរ សង្កាត់​ដង្កោ ខណ្ឌដង្កោ ។

បុរស​រង​គ្រោះ​ឈ្មោះ ផល ផា​នី អាយុ​៣៤​ឆ្នាំ មុខរបរ​នៅផ្ទះ ស្នាក់​នៅផ្ទះ​កើតហេតុ​ខាងលើ មានស្រុក​កំណើត​នៅ​ភូមិ​ដំណាក់​ធំ សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ ជា​កូន​ទី​៣​ក្នុង​គ្រួសារ​ក្នុង​ចំណោម​បងប្អូន​៤​នាក់​ប្រុស​ទាំងអស់ ។

តាម​សម្ដី​បងថ្លៃ​ស្រី​ឈ្មោះ សែ​ម សុ​ដា បាន​ឲ្យ​ដឹង​ថា ជា​រៀងរាល់ថ្ងៃ​ប្អូនប្រុស​របស់​គាត់​មាន​អាកា​រៈ​ធម្មតា លុះដល់​វេលា​ម៉ោង​៥​ល្ងាច ប្អូន​គាត់​បាន​ចុះ​មក​ក្រោម​រួច​បាន​ដួស​បាយ​យក​ទៅ​ហូប​នៅ​ក្នុង​បន្ទប់​ផ្ទាល់ខ្លួន​ជាន់​ឡៅតឿ រហូត​ដល់​ម៉ោង​កើតហេតុ​ខាងលើ​មិនឃើញ​ចុះ​មក​ក្រោម​សោះ ដូច្នេះ​រូប​គាត់​ជា​បងថ្លៃ​បាន​ឡើង​ទៅ​ហៅ ពេល​ឡើង​ទៅ ឃើញ​បន្ទប់​ចំហ​ទ្វារ​តែ​បិទ​ភ្លើង រូប​គាត់​បាន​ស្រែកហៅ​តែ​ជន​រង​គ្រោះ​មិន​ឆ្លើយ​តប​សោះ ពេល​នោះ​រូប​គាត់​មិន​ហ៊ាន​ចូល​ទៅ​ក្នុង​បន្ទប់ ក៍​ចុះ​មក​ក្រោម​ហៅ​ឪពុក​ជន​រង​គ្រោះ​ឲ្យ​ទៅ​មើល លុះដល់​ពេល​ឪពុក​ឡើង​ទៅ​មើល រួច​បើកភ្លើង​បន្ទប់ ក៏​ស្រាប់តែ​ឃើញ​ជន​រង​គ្រោះ​បាន​ចងក​ជាមួយនឹង​ខ្សែ​គោ ពណ៌​ស​ជាប់​នឹង​ចម្រឹង​បង្អួច​ផុត​ជើង​ពី​ដី​ប្រហែល​១​ចង់​អាម​ស្លាប់​បាត់​ទៅ​ហើយ ។ បន្ទាប់​មក​ក៏​ផ្តល់​ដំណឹង​ទៅ​សមត្ថកិច្ច​មូលដ្ឋាន​ឲ្យ​ចុះ​មក​មើល និង​ទាក់ទង​ទៅ​ខាង​ជំនាញ​ចក្ខុ​មក​ធ្វើ​កោសល្យ​វិ​ច្ច័​យ​មើល​ថា សព​នេះ​ពិតជា​បាន​ធ្វើ​អត្តឃាត​ដោយ​ចងក​សម្លាប់​ខ្លួនឯង​ពិតប្រាកដ​មែន ឬ​យ៉ាងណា ។

បើ​តាម​សំដី​របស់​ឪពុក​ជន​រង​គ្រោះ​ឈ្មោះ ភោគ ផល អាយុ​៧៦​ឆ្នាំ បាន​និយាយ​ថា កាលពី​ថ្ងៃ​ទី​៥ ខែសីហា  កូន​របស់​គាត់​ដែល​បាន​ចងក​សម្លាប់​ខ្លួន​នេះ​ត្រូវ​បាន​សមត្ថកិច្ច​ប៉ុស្តិ៍​ស្ទឹង​មាន​ជ័យ​មក​ឃាត់ខ្លួន​យក​ទៅ​សាកសួរ​នៅ​ប៉ុស្តិ៍​នគរបាល​ស្ទឹង​មាន​ជ័យ ពាក់ព័ន្ធ​នឹង​រឿង​ករណី​ប្លន់​ចិញ្ចៀន និង​លុយ​ជិត​៤​ពាន់​ដុល្លារ លុះដល់​ពេល​សមត្ថកិច្ច​សាកសួរ និង​ឲ្យ​ជន​រង​គ្រោះ​មក​ចង្អុលបង្ហាញ ឃើញ​ថា ភិនភាគ​មិន​ច្បាស់លាស់ អត់​មាន​ភស្តុ​តាង​គ្រប់គ្រាន់ សមត្ថកិច្ច​ក៏​បាន​ដោះ​លែង​ឲ្យ​ត្រឡប់​មក​ផ្ទះ​វិញ​ដូច​ធម្មតា ស្រាប់តែ​នៅ​ថ្ងៃ​កើតហេតុ​ខាងលើ គាត់​មិន​នឹក​ស្មានថា​កូន​របស់​គាត់​ចងក​សម្លាប់​ខ្លួន​បែប​នេះ​សោះ ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​បាន​ចុះ​ទៅ​ពិនិត្យ​សាកសព និង​ធ្វើការ​សន្និដ្ឋាន​ថា ជន​រង​គ្រោះ​ពិតជា​ស្លាប់​ដោយ​ចង​.​ក​សម្លាប់​ខ្លួន​ពិតប្រាកដ​មែន ។ សព​ជន​រង​គ្រោះ​ត្រូវ​សមត្ថកិច្ច​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕