ម៉ារ៉ាតុងចក្រភាពអង្គរ កាន់តែជោគជ័យ ប៉ុន្តែម្ចាស់ជើងឯកមិនមែនម្ចាស់ផ្ទះកម្ពុជា

ទិវារត់ប្រណាំងម៉ារ៉ាតុងអន្តរជាតិចក្រភពអង្គរ លើកទី៣ ឆ្នាំ២០១៦ ដែលត្រូវបានធ្វើឡើងនៅបរិវេណអង្គរវត្ត កាលពីព្រឹកថ្ងៃអាទិត្យ ម្សិលមិញ បានទទួលជោគជ័យកាន់តែខ្លាំង តាមរយៈការកើនឡើងនៃចំនួនអ្នកចូលរួម ប៉ុន្តែទាំងការប្រកួតម៉ារ៉ាតុងចម្ងាយ៤២គីឡូម៉ែត្រ និងពាក់កណ្តាលម៉ារ៉ាតុងចម្ងាយ២១គីឡូម៉ែត្រ គឺចំណាត់ថ្នាក់លេខ១បានទៅលើបរទេសទាំងអស់គ្នា គឺកម្ពុជា បានត្រឹមទទួលជយលាភី ក្នុងការប្រកួតរត់ចម្ងាយ១០គីឡូម៉ែត្រប៉ុណ្ណោះ។

angkormarathon3

តាមរយៈការប្រកួតយ៉ាងស្វិតស្វាញ និងរីករាយ កាលពីព្រឹកថ្ងៃអាទិត្យនោះ កីឡាករវ័យ៣៩ឆ្នាំរបស់អូស្រ្តាលី Jeff Chiseling បានក្លាយជាម្ចាស់ជើងឯកការរត់ម៉ារ៉ាតុង ដោយការចំណាយពេល២ម៉ោង៤៩នាទី និង៥៧វិនាទី ដើម្បីមកដល់ទីផ្តាច់ព្រ័ត្រ។ រីឯកីឡាការិនីវ័យ២៨ឆ្នាំ Erina Nakai មកពីជប៉ុន បានទទួលចំណាត់ថ្នាក់លេខ១ផ្នែកនារី ដោយប្រើថិរវេលា៣ម៉ោង១៩នាទី និង៣៤វិនាទី។

ចំណែកកីឡាករមានអាយុ៤៤ឆ្នាំ Mark Weener មកពីសហរដ្ឋអាមេរិក បានប្រើពេល១ម៉ោង១៨ និងនាទី៣១វិនាទី ដើម្បីទទួលបានចំណាត់ថ្នាក់លេខ១ ការរត់ពាក់កណ្តាលម៉ារ៉ាតុង ខណៈលេខ១ផ្នែកនារីបានទៅកីឡាការិនីវ័យ៤៩ឆ្នាំ Miki Imatzumi មកពីជប៉ុន ដោយបានប្រើថិរវេលា១ម៉ោង៣៩នាទី និង៥៦វិនាទី។

angkormarathon2

យ៉ាងណាក៏ដោយ កីឡាករជម្រើសជាតិកម្ពុជា ម៉ា វីរ៉ូ បានទទួលលេខ១ក្នុងការរត់ចម្ងាយ១០គីឡូម៉ែត្រ ដោយប្រើពេល៣៥នាទី ៣៧វិនាទី និង៣២វិនាទី ខណៈរត់ចម្ងាយ១០គីឡូម៉ែត្រផ្នែកនារី ក៏បានមកកម្ពុជាដែរគឺកីឡាការិនី ហេង ម៉ីជូ ហើយនៅក្នុងការប្រកួតកន្លងមក ហេង ម៉ីជូ តែងតែទទួលបានចំណាត់ថ្នាក់ក្នុងរង្វង់លេខ១ ដល់លេខ៣ឲ្យកម្ពុជា ជានិច្ច។

ទាក់ទងនឹងការប្រកួតនេះ លោក ថោង ខុន ប្រធាន NOCC និងជារដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានថ្លែងថា៖«ទិវារត់ប្រណាំងម៉ារ៉ាតុងអន្តរជាតិចក្រភពអង្គរ នៅឆ្នាំនេះមានអ្នកចូលរួមចំនួន២៨០០នាក់ មកពី៤៨ប្រទេស ក្នុងនោះមានបរទេសចំនួន១៤៥០នាក់ និងប្រជាពលរដ្ឋកម្ពុជាចំនួន១៣៥០នាក់ គឺមានការកើនឡើងជាងឆ្នាំមុន១០ភាគរយ ហើយព្រឹត្តិការណ៍នេះ គឺជាដែកឆក់ស្រូបយកភ្ញៀវទេសចររាប់ពាន់នាក់ មកទស្សនានៅតំបន់អង្គរ ព្រោះយើងបានសហការគ្នាយ៉ាងល្អជាមួយស្ថាប័នក្រសួងអប់រំ យុវជន និងកីឡា ក្រសួងទេសចរណ៍ និងគណៈកម្មាធិការចាតិអូឡាំពិកកម្ពុជា(NOCC) ព្រមទាំងអាជ្ញាធរពាក់ព័ន្ធមួយចំនួនផងដែរ»។

angkormarathon

គេនៅមិនទាន់ដឹងថា ទិវារត់ប្រណាំងម៉ារ៉ាតុងអន្តរជាតិចក្រភពអង្គរ នៅឆ្នាំនេះប្រមូលថវិកា ពីការលក់សំបុត្រសម្រាប់អ្នកចូលរួមបានប៉ុន្មាននោះទេ ប៉ុន្តែក្រៅពីរទិសដៅទាក់ទាញភ្ញៀវទេសចរមកលេងកម្សាន្ដនៅតំបន់អង្គរ ក្នុងរដូវភ្លៀង ដែលខ្វះភ្ញៀវទេសចរនោះ ព្រឹត្តិការណ៍នេះ ត្រូវបានរៀបចំឡើង ដើម្បីស្វែងរកថវិកាសប្បុរសធម៌ សម្រាប់ជួយដល់មន្ទីរពេទ្យកុមារជាតិខេត្តសៀមរាប និងកាកបាទក្រហមកម្ពុជា ផងដែរ៕

The post ម៉ារ៉ាតុងចក្រភាពអង្គរ កាន់តែជោគជ័យ ប៉ុន្តែម្ចាស់ជើងឯកមិនមែនម្ចាស់ផ្ទះកម្ពុជា appeared first on CamboSport.