បឹងកេត បានត្រឹមស្មើណាហ្គាវើល តែ ទ័ព បន្តឈ្នះក្រុមខេមបូឌានថាយហ្គឺរ

ក្រុម​បឹងកេតអង្គរ មិន​អាច​​សម្រេច​​ការ​ឈ្នះ​បាន​៣ពិន្ទុ​លើក្រុម​ណាហ្គាវើល បាន​នោះ​ទេ ខណៈ​ពួក​គេ បាន​ត្រឹម​ស្មើ​គ្នាជាមួយ​ណហា្គវើល ជាមួយ​ការ​ប្រកួត​យ៉ាង​ស្វិត​ស្វាញ​បំផុត​នោះ ប៉ុន្តែ​ក្រុម​ក្រសួង​ការពារជាតិ(ទ័ព) បាន​យក​ឈ្នះ​ក្រុម​ខេមបូឌានថាយហ្គឺរ ១-០ ​តាម​ទិស​ដៅ​ដែល​បាន​គ្រោង​ទុក ដើម្បី​បង្កើន​ភាគ​រយ​ក្នុង​ការ​ប្រជែង​យក​ពាន​ជាមួយ​បឹង​កេត។

sport1

តាម​រយៈ​​ការ​ប្រកួត​យ៉ាង​ស្វិត​ស្វាយ កាល​ពី​ម្សិល​មិញ​នោះ ក្រុម​ទ័ព ដែល​ត្រូវ​ប្រកួត​មុន​នោះ បាន​យក​ឈ្នះ​ក្រុម​ខេមបូឌានថាយហ្គឺរ ១-០ នៅលើ​ទឹក​ដី​ខ្លួន​ឯង គឺ​​កីឡដ្ឋាន​ស្តាត​ចាស់ ទាំង​លំបាក។ គ្រាប់​បាល់​ជ័យ​ជម្នះ​របស់​ក្រុម​ទ័ព ​រក​បានដោយ​ខ្សែ​ប្រយុទ្ធ​ពាក់​អាវ​លេខ​៣៣​មក​ពី​កូរ៉េខាងជើង Ri Hyok Chol នៅនាទីទី​៤៧។

sport2

ផ្ទុយ​ពី​នេះ​ក្រុម​បឹង​កេតអង្គរ មិន​អាច​ប្រើ​ការ​មាន​ប្រៀប លើ​ការបង្កើត​ឱកាសនៅ​តង់​ទី​១ យក​ឈ្នះ​ក្រុមណាហ្គាវើល នៅ​ពហុកីឡដ្ឋាន​ជាតិ បាន​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ នៅ​ក្នុង​ការ​ប្រកួត​តង់​ទី​២ ណាហ្គាវើល បាន​ធ្វើ​ការ​ដាក់​សម្ពាធ​វិញ​យ៉ាង​ខ្លាំង និង​បានបង្កើត​ឱកាស​មាស​នៅ​មុខ​ទី​របស់​បឹង​កេត ជា​បន្ត​បន្ទាប់ ប៉ុន្តែ​ណាហ្គាវើល ក៏​បាន​ត្រឹម​សោក​ស្តាយ​ជាមួយការ​ស៊ុត​បាល់​មិន​បាន​សម្រេច​របស់​សមាជិក​ក្រុម​ដូច​គ្នា ពិសេសការ​ស៊ុត​បាល់​ទៅ​ប៉ះ​បង្គោល​ទី​របស់​​ខ្សែ​ប្រយុទ្ធ​Omokafe នៅនាទីទី​៦២។​

sport4

យ៉ាង​ណា​ក៏​ដោយ​ ការ​ទទួល​បាន​១ពិន្ទុ​លើក​នេះ ក៏​បាន​ជួយ​ឲ្យ​ក្រុម​ណាហ្គាវើល មាន​២៨​ពិន្ទុ និង​កាន់​តែ​រឹង​មាំក្នុង​ការ​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣ ក្នុង​រដូវ​កាលនេះ​ផង​ដែរ។ ប៉ុន្តែ​ចំពោះ​បឹង​កេត កាន់​តែ​ជួប​ការ​លំបាក ក្នុង​ការ​​ឆ្ពោះ​ទៅ​រក​ការ​ឈ្នះ​ពានក្នុង​រដូវ​កាលនេះ ព្រោះ​ការ​ទទួល​បាន​១ពិន្ទុ​បន្ថែម បាន​ធ្វើ​ឲ្យ​បឹង​កេត មាន​​៣៧ពិន្ទុ លើស​ក្រុម​ទ័ព តែ​១ពិន្ទុ​​ទេ។

sport5

ជាមួយ​ពិន្ទុ​នេះ ក្រុម​បឹង​កេត ត្រូវ​ឈ្នះ​​ទាំង​៣​ប្រកួត​ដែល​នៅ​សល់​ជា​ដាច់​ខាត ទើប​អាច​លើក​ពានក្នុង​រដូវកាល​នេះ​បាន។ ផ្ទុយ​ទៅ​វិញ ​បើ​សិន​ជា​ពួក​គេភ្លាត់​ទៅ​ស្មើ​ជាមួយ​ក្រុម​ប៉ូលិស ព្រះខ័នរាជស្វាយ​រៀង ឬ ភ្នំពេញ​ក្រោន តែ​១​ប្រកួត​ទៀត នោះ​ឱកាស​លើក​ពាន​​ត្រូវ​ធ្លាក់​ទៅលើ​​ក្រុម​ទ័ព វិញ​ម្តង ដោយសារ​៣​ប្រកួត​នៅ​សល់​របស់​ក្រុម​ទ័ព មិន​សូវ​មាន​ភាព​តាន​តឹង​ដូច​ក្រុម​បឹង​កេត នោះ​ទេ៕

sport43

ចំណាត់ថ្នាក់ជាបណ្តោះអាសន្ននៃក្របខ័ណ្ឌកំពូលកម្ពុជា ឆ្នាំ២០១៦

table

The post បឹងកេត បានត្រឹមស្មើណាហ្គាវើល តែ ទ័ព បន្តឈ្នះក្រុមខេមបូឌានថាយហ្គឺរ appeared first on CamboSport.