មាស ចាន់ណា ​៖ ​បឹង​កេត​នៅ​តែ​ភាគរយ​ខ្ពស់ ទោះ​ស្មើ​ណាហ្គា​យប់មិញ

លោក មាស ចាន់ណា ​គ្រូ​បង្វឹក​ក្រុម​ណាហ្គាវើល ​បាន​និយាយ​ថា​ក្រុម​បឹង​កេត​នៅ​តែ​មាន​ភាគរយ​ខ្ពស់​ជាង​ក្រសួង​ការពារ​ជាតិ​ដដែល បើ​ទោះ​បី​ជា​ស្មើ​ជាមួយ​ក្រុម​របស់​លោក​ ០-០ ​កាល​ពី​យប់មិញ​នេះ​ក៏​ដោយ។

 

មាស ចាន់ណា ​៖ ​បឹង​កេត​នៅ​តែ​ភាគរយ​ខ្ពស់ ទោះ​ស្មើ​ណាហ្គា​យប់មិញលោក មាស ចាន់ណា

 

ការ​ប្រកួត​ជាមួយ​ណាហ្គាវើល​ដែល​លោក​ ប្រាក់ សុវណ្ណារ៉ា ​គិត​ថា​ពិបាក​សម្រាប់​បឹង​កេត​នោះ បាន​បញ្ចប់​ដោយ​លទ្ធផល​ចែក​គ្នា​​ម្នាក់​មួយ​ពិន្ទុ ហើយ​លទ្ធផល​នេះ​ដែរ ​នៅ​តែ​ធ្វើ​ឱ្យ​ក្រុម​បឹង​កេត​ឈរ​នៅ​លេខ​១​ក្នុង​តារាង​លីគ​កំពូល​កម្ពុជា​ដដែល ដោយ​លើស​ពិន្ទុ​ក្រុម​ទ័ព ១​ពិន្ទុ។

 

នៅ​សល់​ ៣​ប្រកួត​ទៀត​នឹង​បញ្ចប់​រដូវ​កាល​២០១៦​ ខណៈ​ដែល​ក្លឹប​ក្រសួង​ការពារ​ជាតិ​និង​បឹង​កេត​អង្គរ​នៅ​ប្រដេញ​ពិន្ទុ​គ្នា​នៅ​ឡើយ​នោះ ​លោក មាស ចាន់ណា ​គ្រូ​បង្វឹក​ក្រុម​ណាហ្គាវើល​បាន​បង្ហាញ​ចំណាប់​អារម្មណ៍​ថា ​បឹង​កេត​នៅ​តែ​មាន​ភាគរយ​ខ្ពស់​ក្នុង​ការ​ក្ដាប់​យក​ពាន​រង្វាន់​​រដូវ​កាល​នេះ​ដដែល។​

 

“​ខ្ញុំ​ជឿ​ជាក់​ថា​៣​ប្រកួត​នៅ​សល់​របស់​ក្រុម​ទាំង​ពីរ​នេះ គឺ​ពួកគេ​មិន​ភ្លាត់​នោះ​ទេ។ ទាំង​បឹង​កេត ទាំង​ទ័ព ​សុទ្ធ​តែ​ត្រៀម​ខ្លួន​រួច​ជា​ស្រេច ដូច្នេះ​បើ​មើល​ទៅ​លើ​ពិន្ទុ​ពិន្ទុ ​គឺ​បឹង​កេត​នៅ​តែ​មាន​ភាគរយ​ខ្ពស់​ជាង​ទ័ព”។ សម្ដី​លោក មាស ចាន់ណា ។

 

៣​ប្រកួត​ចុង​ក្រោយ​របស់​ក្រុម​ក្រសួង​ការពារ​ជាតិ នឹង​ត្រូវ​ប៉ះ​ជាមួយ​ស្វាយរៀង ស៊ីម៉ាក់ ​និង​អាស៊ីអឺរ៉ុប ខណៈ​ដែល​៣​ប្រកួត​របស់​បឹង​កេត​វិញ នឹង​ត្រូវ​ប៉ះ​ជាមួយ​ភ្នំពេញ​ក្រោន ស្វាយ​រៀង ​និង​ប៉ូលិស ៕

 

អត្ថបទ៖ មុន្នី រម្យ