កូរ៉េខាងជើង៖ អាមេរិកប្រុងវាយប្រហារខ្លួនដោយគ្រាប់បែកនុយក្លេអ៊ែរ

យោងតាមសារពត៌មាន AFP​ បានឱ្យដឹងអំពីសេចក្ដីថ្លែងការរបស់កូរ៉េខាងជើងកាលពីថ្ងៃសៅរ៍ ទី០៦សីហាកន្លងទៅដែលបានចោទសហរដ្ឋអាមេរិកថា៖​ ប្រទេសមហាអំណាចមួយនេះកំពុងតែប្រុងប្រៀបវាយប្រហារមកលើប្រទេសកូរ៉េខាងជើងដោយប្រើប្រាស់យន្តហោះទម្លាក់គ្រាប់បែកប្រភេទ B-1 ​ដែលវាមានសមត្ថភាពអាចផ្ទុកគ្រាប់បែកនុយក្លេអ៊ែរជាច្រើនគ្រាប់ ។​
សារពត៌មានក្នុងស្រុកកូរ៉េខាងជើងបានបង្ហាញយ៉ាងដូច្នេះថា៖ ​នារយៈពេលប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ​ សហរដ្ឋអាមេរិកបានបញ្ជូនយន្តហោះទម្លាក់គ្រាប់បែករបស់ខ្លួនប្រភេទ B-1B​ ឱ្យមកចុះចតនៅលើកោះ Guam​ ដែលជាកោះមូលដ្ឋានទ័ពរបស់សហរដ្ឋអាមេរិកដែលនៅកៀកនឹងឧបទ្វីបកូរ៉េ​ទាំងពីរ ។ ​សារពត៌មានរបស់កូរ៉េខាងជើងក៏បាននិយាយបន្ថែមទៀតថា៖ ​បើសហរដ្ឋអាមេរិកគឃ្លើនហ៊ានប្រើយន្តទម្លាក់គ្រាប់បែកខ្នាតធំរបស់ខ្លួនមកសំចតនៅលើកោះមួយនេះ ​ពិតណាស់គឺអាមេរិកកំពុងតែមានបំណងចង់ប្រកាសសង្គ្រាមជាមួយនឹងប្រទេសរបស់ខ្លួន (កូរ៉េខាងជើង) ព្រោះបើ​តាមល្បឿនរបស់យន្តហោះខ្នាត B-1នេះ រយៈចម្ងាយពីកោះ Guam មកកូរ៉េខាងជើងគឺត្រូវប្រើត្រឹមតែ២-៣ម៉ោងប៉ុណ្ណោះ ។​
ទោះជាយ៉ាងណាក៏ដោយ អង្គភាព Rockwell ​អន្តរជាតិ ដែលជាអង្គភាពផលិតយន្តហោះ B-1Bនេះ បានតបទៅកូរ៉េខាងជើងវិញថា៖ ​ការយកយន្តខ្នាត B-1 ​មកសំចតនៅលើកោះ Guam នេះគឺមិនមែនមកគម្រាមកំហែងរដ្ឋណាមួយទេ ​គឺអាមេរិកគ្រាន់តែចង់យកយន្តហោះ B-1​ នេះមកផ្លាស់​យន្តហោះ B-52 ​ប៉ុណ្ណោះ ។ ដោយមិននិយាយអ្វីច្រើនឡើយ បក្សកុម្មុយនីសកូរ៉េខាងជើងបានព្រមានថា៖ មិនថាទោះជាមានរឿងអ្វីកើតឡើងក៏ដោយ​ កូរ៉េខាងជើងមានសមត្ថភាពគ្រប់គ្រាន់ដើម្បីស្វាគមន៍ទៅកាន់អាមេរិកវិញបាន ​ព្រោះកន្លងមកខ្លួនបានសម្រេចនូវការបង្កើតអាវុធថ្មី គឺគ្រាប់​បែកអ៊ីដ្រូស៊ែន ដែលកម្លាំងរបស់វាផ្ទុះខ្លាំងមិនចាញ់គ្រាប់បែកនុយក្លេអ៊ែរប៉ុន្មានឡើយ ៕​

កូរ៉េខាងជើង៖ អាមេរិកប្រុងវាយប្រហារខ្លួនដោយគ្រាប់បែកនុយក្លេអ៊ែរដោយ៖ ឈូកស
ប្រភព៖ presstv