ផ្អើល​នាំ​គ្នា​មើល​បុរស​ម្នាក់​សន្លប់​នៅ​មុខ​រោងចក្រ

រាជធានី​ភ្នំពេញ ៖ ប្រជាពលរដ្ឋ​បាន​នាំ​គ្នា​ចោមរោម​មើលបុរស​ម្នាក់​ដែល​រត់​ចេញពី​បឹង​កំប្លោក​មក​ដេក​សន្លប់​នៅ​មុខ​រោងចក្រ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៨ និង​៣០​នាទី​យប់ ថ្ងៃ​ទី​៧ ខែសីហា ឆ្នាំ​២០១៦ តាម​បណ្តោយ​ផ្លូវ​១០៣ នៅ​ចំណុច​មុខ​រោងចក្រ​គុណ​ជី​ន ស្ថិត​នៅ​ក្នុង​សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ ។

ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​នៅ​ម្តុំ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​បានឃើញ​បុរស​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់​អាយុ​ប្រហែល​២៧-២៨​ឆ្នាំ​មិនដឹង​មកពីណា​ហើយ​មាន​មូលហេតុ​អ្វី​ទេ​ស្រាប់តែ​រត់​ចេញ​មក​ពី​បឹង​កំប្លោក​មក​ដេក​សន្លប់​នៅ​មុខ​រោងចក្រ​គុណ​ជី​ន ។ ឃើញ​ដូច្នេះ​ប្រជាពលរដ្ឋ​ស្មានថា​ចោរ​នាំ​គ្នា​មក​ចោម​រោ​មើល​ផ្អើល​ដល់​សមត្ថកិច្ច​ចុះ​មក​ដល់​កន្លែង​កើតហេតុ ។

ប្រភព​ព័ត៌មាន​ដដែល​បាន​បន្ត​ថា បុរស​ម្នាក់​នោះ​សង្ស័យ​ថា​បែក​ថ្នាំ ពេល​ប្រជាពលរដ្ឋ​សួរនាំ​ដំបូង គឺ​គាត់​ថា គាត់​មាន​គ្នា​៣​នាក់​បាន​ចូល​ទៅ​ជក់​ថ្នាំ​នៅ​ម្តុំ​ជិត​កន្លែង​កើតហេតុ ហើយ​សមត្ថកិច្ច​ដេញចាប់​ទើប​គាត់​រត់​មក​អ៊ីចឹង ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​បាន​យក​រ៉ឺ​ម៉ក​ម៉ូតូ​ដឹក​បុរស​រូប​នោះ​យក​ទៅ​សំរាក​នៅ​វត្ត​ទួល​អស់លោក​មួយ​យប់​សិន ចាំ​សួរនាំ​រក​សាច់ញាតិ​គាត់​ជា​បន្ត​ទៀត ៕