ទើប​រក​ឃើញ​ ​​ណែមសាច់​ត្រី​​ដាក់​គីមី ​ហើយកំពុងលក់ពេញផ្សារ​​ទៀត​

ខេត្តសៀមរាប ៖ កម្លាំង​មន្ត្រី​កាំកុងត្រូល បន្ទាប់​ពី​បាន​​រក​ឃើញ​សារធាតុ​គីមី (​បូ​រ៉ា​ក់​)​ ​នៅ​ក្នុង​សរ​​សៃ​​គុយ​ទាវ​​ ដែល​កំពុង​ចរាចរណ៍​លក់ដូរ ​​​ពេញ​​លើ​​ទីផ្សារ​ក្នុង​ក្រុង​សៀមរា​ប​មក​នោះ ​នៅ​​​ថ្ងៃ​ទី​០៦ សីហា ក៏បាន​រកឃើញ​​​មាន​នៅ​ក្នុង​​​ណែម​​សាច់​ត្រី ​ដែល​​​បញ្ចូល​សារ​​ធាតុ​គីមី​(​បូ​រ៉ា​ក់​)​ទម្ង​ន់​៤១​គីឡូក្រាម ​កំពុង​ដាក់​លក់​នៅ​ទីប្រជុំជន​ស្រុក​ក្រឡាញ់ រួម​មាននៅ​ក្នុង​ផ្សារ​ក្រឡាញ់, ផ្សារ​កំពង់​ថ្កូវ  និង​​​​រង្វង់​មូល​ផ្លូវជាតិ​លេខ​៦ ដែល​​គេ​ដាក់​តាំង​លក់ ​សម្រាប់​អ្នក​ធ្វើ​ដំណើរ​ឆ្លងកាត់​ ​ដែល​នេះ​គឺជា​ប្រតិបត្តិការ​ក្តៅ​មួយ​​ជំហាន​ទៀត របស់​សាខា​កាំកុងត្រូល សហការ​ជាមួយ​មន្ត្រី​ជំនាញ មន្ទីរ​ពាណិជ្ជកម្ម ខេត្តសៀមរាប ។

លោកង៉ែត ចេក ប្រធាន​សាខា​កាំកុងត្រូល​ខេត្តសៀមរាប​ឱ្យ​ដឹង​​ថា ​ការ​ដកហូត​ណែម​​ចំនួន​៤១​គីឡូក្រាម ​ដែល​បាន​​ដាក់​​លក់​​នៅ​លើ​​ទីផ្សារ​​ទាំងនោះ មន្ត្រី​ជំនាញ​បាន​​ណែនាំ​ដល់​អា​ជីវករ​​​លក់ដូរ​ទាំងអស់ ​ត្រុវ​​ប្រុង​ប្រយ័ត្ន និង​​​យកចិត្តទុក​​ឱ្យ​បាន​​ខ្ពស់ ​ក្នុង​លក់​​ និង​ចែកចាយ​​ទំនិញ ឬ​ផលិតផល​ម្ហូបអាហារ​ណា​​​​មាន​គុណ​ភាពល្អ ដែលមិន​ប៉ះពាល់​ដល់​​សុខភាព​​អ្នក​ប្រើ​ប្រាស់​។

ចំពោះ​ជនល្មើសណា ដែលបំពាន​ច្បាប់​ស្តី​ពី​ការ​គ្រប់គ្រង​គុណភាព សុវត្ថិភាព​លើ​ផលិតផលទំនិញ និង​សេវា នឹង​ត្រូវ​ផ្តន្ទាទោស តាម​​ច្បាប់​ជា​ធរមាន  ករណី​មិន​រាងចាលក្រោយ​ពី​មានការ​អប់រំ និង​ត្រូវ​បញ្ជូន​សំណុំរឿង​ទៅ​តុលាការ ​។

លោក​បាន​បញ្ជាក់​បន្ថែម​​ថា ណែម​សាច់​ត្រី​ដែល​​ដាក់​លក់​ទាំង​នោះ ពិតជា​មាន​សារធាតុ​គីមី​(​បូ​រ៉ា​ក់​)​នៅ​លើ​ដុំ​ណែម​នោះ ពិត​ប្រាកដ​​មែន​។ តាម​ការ​សាកសួរ​ពី​អ្នកលក់​ណែម​ទាំងអស់ បាន​និយាយ​ដូច​ៗ​គ្នា​ថា មាន​អ្នក​បោះ​ដុំ​យក​មក​ចែក​លក់​ដល់ទី​កន្លែង​តែ​ម្តង ​ហើយ​ប្រភព​នៃ​ការ​ផលិត​ណែម​សាច់​ត្រី​ទាំងនេះ ​គឺ​យក​មក​ពី​ខេត្តបាត់ដំបង​។ 

មន្ត្រី​ជំនាញ​មក​ពី​មន្ទីរ​ពាណិជ្ជកម្ម​ខេត្តសៀមរាប  ដែល​បាន​ចូលរួម​សហការ​ក្នុង​ប្រតិបត្តិការ​នេះ បាន​កត់​សម្គាល់ថា ចំណុច​អវិជ្ជ​មាន​ដែល​ចេញពី​ការ​លក់​ណែម​សាច់​ត្រី ដែល​លាយ​សារធាតុ​បូ​រ៉ា​ក់​នេះ  វា​មិន​ត្រឹមតែ​បាន​ផ្តល់​គ្រោះថ្នាក់ ដល់​សុខភាព​ប្រជា​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​នេះ​ប៉ុណ្ណោះ​ទេ  តែ​អ្នកដំណើរ​មក​ពី​បណ្តា​ស្រុក​ខេត្ត​ផ្សេង​ទៀត  ក៏​អាច​មាន​បញ្ហា​នេះ​ដែរ  បើសិនជា​ពួក​គេ​បាន​ទិញ​ណែម​នេះ យក​ទៅ​បរិភោគ​នោះ​។