ខណៈ​នេះ តុលាការ​កំពុង​បើក​សវនាការ​សំណុំរឿង​លោក​ឧកញ៉ា អ៊ឹ​ង ម៉េ​ង​ជឺ

រាជធានី​ភ្នំពេញ ៖ ដូច​តាម​ការ​គ្រោងទុក សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​០៨ សីហា ២០១៦​នេះ បាន​បន្ត​សវនាការ​លើ​អង្គសេចក្តី​សំណុំ​រឿ​ង​ឃាតកម្ម​បាញ់​សម្លាប់​ឧកញ៉ា អ៊ឹង ម៉េ​ង​ជឺ ។

កាលពី​ព្រឹក​ថ្ងៃ​ទី​១៥ កក្កដា សំណុំរឿង​ឃាតកម្ម​មួយ​នេះ ត្រូវ​បាន​លើកយក​មក​បើក​សវនាការ​លើ​អង្គសេចក្តី​ម្តង​មក​ហើយ ប៉ុន្តែ​ការ​សាកសួរ​ដេញដោល មិន​ទាន់​បាន​បញ្ចប់​នៅឡើយ​ទេ និង​បាន​លើក​ពេល​សវនាការ​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ ។

បើ​តាម​អ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បាន​ឲ្យ​ដឹង​ទៀត​ថា អង្គ​សវនាការ​មាន​លោក តុ​ប ឈុ​ន​ហេង អនុប្រធាន​សាលាដំបូង ជា​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ លោក ហេង កេស​រោ និង​លោក ម៉េ​ង តូ​នី ចៅក្រម​អម និង​លោក ហ៊ឹង ប៊ុ​ន​ថន ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ។

សវនាការ​បាន​ធ្វើ​ឡើងជា​សាធារណៈ និង ចំពោះ​មុខ​ជនជាប់ចោទ​៤​នាក់ (​ម្នាក់​ស្លាប់​) និង​កំបាំង​ជន​ត្រូវ​ចោទ​ម្នាក់​គឺ​(​ឧកញ៉ា ថោ​ង សា​រ៉ាត់​) ដែល​មាន​ជំងឺ​កំពុង​សម្រាក​ព្យាបាល​នៅ​ក្នុង​មន្ទី​ពេទ្យ ។ ទោះជា​យ៉ាងណា ក៏​មាន​មេធាវី​ការពារ​ក្តី​ឲ្យ​ដើមបណ្តឹង និង​ជន​ត្រូវ​ចោទ​ទាំង​សងខាង និង​មាន​សាក្សី​គ្រប់គ្រាន់ សម្រាប់​តុលាការ​ដំណើរការ​លើ​រឿង​ក្តី​នេះ​ទៅ​បាន ។

សំណុំរឿង​ឃាតកម្ម​មួយ​នេះ​មាន​ជនជាប់ចោទ​៦​នាក់ ១.​ឧកញ៉ា ថោ​ង សា​រ៉ាត់ ភេទ​ប្រុស អាយុ​៣៨ ឆ្នាំ ២.​ឈ្មោះ សៀង វាសនា ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ ៣. ឈ្មោះ លី សៅ ហៅ វី (​ស្លាប់​)៤.​ឈ្មោះ​កូយ ចាន់​ថុ​ល ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ៥.​ឈ្មោះ មាស សម្បត្តិ ភេទ​ប្រុស អាយុ​២៩ ឆ្នាំ និង​៦.​ឈ្មោះ ឈុ​ន ចិ​ត្រា ភេទ​ប្រុស​អាយុ​៤៨​ឆ្នាំ ។

គួរ​រំ​ឮ​កថា ករណី​ឃាតកម្ម​លើ​លោក​ឧកញ៉ា អឹ​ុ​ង ម៉េ​ង​ជឺ  បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧ និង​១៨​នាទី យប់​ថ្ងៃ​ទី​២២ វិច្ឆិកា ២០១៤ នៅ​មុខ​ហាង​លក់​ផ្លែ​ឈើ​យីហោ​ឡោ តិច​សេង ស្ថិត​នៅ​ផ្លូវ​២៧៤ សង្កាត់​ទួល​ស្វាយព្រៃ​២ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ក្រោយ​ពី​មាន​អំពើ​ឃាតកម្ម​នោះ​សមត្ថ​ត​កិច្ច​បាន​ឃាត់ខ្លួន​ជនជាប់ចោទ​៦​នាក់​ដូច​មានឈ្មោះ​ខាងលើ​នេះ​៕