កម្មវិធី «មុខរបរខ្ញុំ» រដូវកាលទីពីរ របស់ភីអិនអិន បាត់បង់បេក្ខជនជាលើកទីបួន

ភ្នំពេញ៖ «មុខរបរខ្ញុំ» រដូវកាលទីពីរ ឬ My Place ជាកម្មវិធីជីវិតពិត កំពុងចាក់ផ្សាយក្នុងម៉ោងមាសរបស់ស្ថានីយទូរទស្សន៍ PNN បានបាត់បង់បេក្ខជន ជាលើកទីបួន កាលពីថ្ងៃសុក្រ ទី០៥ ខែសីហា ក្រោយពីត្រូវបេក្ខជនរួម ក្រុមបោះឆ្នោតទម្លាក់។

បេក្ខជន លូ យូវ បានចាកចេញពីកម្មវិធីបន្ទាប់ពី ត្រូវបានបោះឆ្នោតទម្លាក់ដោយបេក្ខជនរួម ក្រុម។

ម្ចាស់ហាងនំបុ័ង វ័យ២៥ឆ្នាំរូបនេះ ត្រូវបានសមាជិកក្នុងក្រុម នៃកម្មវិធីមុខរបរខ្ញុំ សម្រេចបោះឆ្នោត ទម្លាក់ចេញពីកម្មវិធី ដោយត្រូវបានមិត្ត រួមក្រុមគិតថាគាត់ជាមនុស្សដែលមានភាពជឿជាក់លើខ្លួនឯងពេក ហើយមិនងាយទទួល យកគំនិតរបស់សមាជិកក្នុងក្រុមនោះឡើយ។

យ៉ាងណាមិញ បេក្ខជនមកពីរាជធានីភ្នំពេញរូបនេះ បាននិយាយថា៖ «ខ្ញុំធ្វើការនៅក្នុងក្រុម ខ្ញុំសុខចិត្តធ្វើអ្វីគ្រប់យ៉ាង ដើម្បីឲ្យក្រុមទទួលបានជោគជ័យ ប៉ុន្តែខ្ញុំនឹកស្មានមិនដល់ថាអ្វីដែលខ្ញុំប្រឹងប្រែង បែរជាចុងក្រោយគេគិត ទៅជារឿងមួយផ្សេងទៀត នេះដូចជាការទះខ្ញុំមួយកំផ្លៀងធំ»។

កម្មវិធី «មុខរបរខ្ញុំ» នៅរៀងរាល់សប្ដាហ៍នឹងមានបេក្ខជនម្នាក់ធ្លាក់ ចេញពីកម្មវិធីដែលការសម្រេច នឹងត្រូវធ្វើឡើងតាមរយៈ ការបោះឆ្នោតរបស់បេក្ខជនចូលរួមក្នុងកម្មវិធី រហូតដល់ សប្ដាហ៍ទី៩ទើបរកឃើញជ័យលាភី។

កាលពីសប្តាហ៍មុន បេក្ខជនទាំង៧រូបបានធ្វើដំណើរទៅកាន់ខេត្តព្រៃវែង ដើម្បីស្វែងយល់ពីការដាំស្លឹកគ្រៃ របស់ប្រជាជនក្នុងភូមិ។ បេក្ខជនបានធ្វើការ ជាក្រុមប្រកួតប្រជែងលើវិញ្ញាសារធ្វើ បទបង្ហាញពីស្លឹកគ្រៃទៅដល់វាគ្មិន និងអ្នកភូមិ ក្រោមប្រធានបទ៖ «ហេតុអ្វីស្លឹកគ្រៃត្រូវ បាននាំចូលពីក្រៅប្រទេស? តើគួរធ្វើយ៉ាងណាដើម្បីលើកទឹកចិត្តកសិករឲ្យផលិត ស្លឹកគ្រៃដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក បានគ្រប់គ្រាន់»?

នៅសប្តាហ៍នេះវិញ បេក្ខជនដែលនៅសល់ទាំង៦រូប នឹងប្រកួតប្រជែងគ្នាលើការលក់សំបុត្រ ដើម្បីស្វែងរកភ្ញៀវមកចូលទស្សនា ទស្សនីយភាពសិល្បៈនៅ សមាគមសុវណ្ណភូមិ។ ការលក់សំបុត្រ ដើម្បីទស្សនាទស្សនីយភាពសិល្បៈខ្មែរនេះ គឺជាការធ្វើអាជីវកម្មមួយ ដើម្បីបម្រើសេវាកម្មបំពេញ ចំណីអារម្មណ៍ទៅដល់អតិថិជន។

ពួកគេនឹងត្រូវបែងចែកជាពីរក្រុម ដើម្បីលក់សំបុត្ររកអតិថិជនតាម ក្រុមរៀងៗខ្លួន ប៉ុន្តែពួកគេត្រូវសហការរួមគ្នា ដើម្បីបង្កើតព្រឹត្តិការណ៍នោះឡើង។

«មុខរបរខ្ញុំ» ចាប់ផ្តើមចាក់ផ្សាយជាលើកដំបូងកាលពីថ្ងៃច័ន្ទទី០៤ កក្កដា ដោយផ្សាយជូនទស្សនា ជារៀងរាល់ថ្ងៃចន្ទ ដល់ សុក្រ វេលាម៉ោង៨ ដល់ម៉ោង ៨ និង៣០នាទីយប់ ដោយផ្តោតសំខាន់ទៅលើ ការប្រកួតប្រជែងពិតប្រាកដ មួយទៅក្នុងអាជីវកម្មខ្នាតតូច និងមធ្យម។

កម្មវិធីតម្រូវអោយបេក្ខជនចេះធ្វើការជាក្រុម ហើយក៏នឹងមានភ្ញៀវកិត្តិយសមកពីវិស័យខុសៗ គ្នាចូលរួមនិយាយពី បទពិសោធន៍ជីវិតពិតផងដែរ ខណៈបេក្ខជនទាំងអស់ត្រូវប្រឹងបញ្ចេញសមត្ថភាពការងារ ប្រកួតប្រជែងគ្នាដើម្បីឆ្ពោះទៅឈ្នះរង្វាន់ទឹកប្រាក់ចំនួន ២០លានរៀល៕

ទស្សនាវីដេអូខ្លីនៃការជម្រុះបេក្ខជន លូ យូវ សូមចុច៖ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

កម្មវិធី «មុខរបរខ្ញុំ» រដូវកាលទីពីរ របស់ភីអិនអិន បាត់បង់បេក្ខជនជាលើកទីបួន

កម្មវិធី «មុខរបរខ្ញុំ» រដូវកាលទីពីរ របស់ភីអិនអិន បាត់បង់បេក្ខជនជាលើកទីបួន