យួន​ធ្វើ​ផ្លូវ​ចូល​ដី​ខ្មែរ​នៅ​ភូមិ​បាវិត​លើ សង្កាត់​បាវិត អាជ្ញាធរ​ខ្មែរ​មិន​ចាត់វិធានការ​ទប់ស្កាត់​

ប៉ុន្មាន​ថ្ងៃ​កន្លងទៅនេះ​មាន​សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ខ្មែរ​រស់នៅ​ភូមិ​បាវិត​លើ សង្កាត់​បាវិត ក្រុង​បាវិត បាន​ឲ្យ​ដឹងថា​ភាគី​យួន​បាន​ចាក់ដី​ធ្វើ​ផ្លូវ​ចូល​ជ្រៅ​ក្នុង​ទឹកដី​ខ្មែរ ហួស​ខ្សែ​ព្រំដែន​ជាច្រើន​រយ​ម៉ែត្រ ប៉ុន្តែ​អាជ្ញាធរ​សង្កាត់​បាវិត អាជ្ញាធរ​ក្រុង​បាវិត និង​អាជ្ញាធរ​ខេត្តស្វាយរៀង មិន​ចាត់វិធានការ​ទប់ស្កាត់​ឡើយ​។ ហេតុនេះហើយ​ទើប​ប្រជាពលរដ្ឋ​ក្នុង​សង្កាត់​បាវិត អំពាវនាវ​ឲ្យ​លោក វ៉ា គឹមហុង ទេសរដ្ឋមន្ត្រី​ទទួលបន្ទុក​កិច្ចការ​ព្រំដែន និង​ជា​ប្រធាន​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា ចាត់វិធានការ​ត្រួតពិនិត្យ​និង​ទប់ស្កាត់​ជាបន្ទាន់​។ ដោយហេតុថា ក្រោយពេល​ភាគី​យួន​ធ្វើ​ផ្លូវ​ចូល​ទឹកដី​ខ្មែរ​តាម​តំបន់​ព្រំដែន​នៃ​ឃុំ​ចន្ទ្រា ស្រុក​ចន្ទ្រា​បានសម្រេច ឥឡូវនេះ​យួន​ធ្វើ​ផ្លូវ​ចូល​ទឹកដី​ខ្មែរ​តាម​តំបន់​ព្រំដែន​ក្នុង​សង្កាត់​បាវិត យ៉ាង​គឃ្លើន​បន្តទៀត​។

តាម​ប្រភពពី​ប្រជាពលរដ្ឋ​ភូមិ​បាវិត​លើ សង្កាត់​បាវិត បាន​ឲ្យ​ដឹងថា​ករណី​ភាគី​យួន​ចាក់ដី​ធ្វើ​ផ្លូវ​រំលោភ​ចូលក្នុង​ទឹកដី​ខ្មែរ​ជម្រៅ​រាប់រយ​ម៉ែត្រ មិនទាន់​ឃើញ​អភិបាលក្រុង​បាវិត ក៏ដូចជា​លោក ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង មានប្រតិកម្ម​អ្វី​ទាំងអស់​គឺ​មន្ត្រី​អាជ្ញាធរ​ខ្មែរ​រក្សា​ភាព​ស្ងៀមស្ងាត់​។ បញ្ហា​នេះ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​រស់នៅ​តាម​តំបន់​ព្រំដែន​នៃ​ភូមិ​បាវិត​លើ សង្កាត់​បាវិត ក្រុង​បាវិត សម្ដែង​នូវ​សេចក្ដី​ព្រួយបារម្ភ​យ៉ាងខ្លាំង​អំពី​ការបាត់បង់​បូរណភាព​ទឹកដី​ដោយសារ​អំពើ​រំលោភបំពាន​ពី​សំណាក់​ភាគី​យួន​។ ដូច្នេះ​រដ្ឋាភិបាល​លោក ហ៊ុន សែន គួរតែ​ចាត់វិធានការ​ត្រួតពិនិត្យ​និង​ទប់ស្កាត់​ជាបន្ទាន់ ដើម្បី​កុំ​ឲ្យ​ភាគី​យួន​បំពាន​លើ​អធិបតេយ្យភាព​និង​បូរណភាព​ទឹកដី​ខ្មែរ​តាម​តំបន់​ព្រំដែន​ក្នុង​ក្រុង​បាវិត ក៏ដូចជា​ស្រុក​ចន្ទ្រា ខេត្តស្វាយរៀង​តទៅទៀត​។

គួរ​រំលឹក​ដែរ​ថា​មួយ​រយៈពេល​កន្លងទៅនេះ ភាគី​យួន​នៅតែ​បន្ត​រំលោភបំពាន​មកលើ​អធិបតេយ្យភាព​និង​បូរណភាព​ទឹកដី​ខ្មែរ​តាម​ព្រំដែន​ជា​បន្តបន្ទាប់​ដូចជា នៅ​ស្រុក​អូ​រយ៉ា​ដាវ ខេត្តរតនគិរី ស្រុក​មេមត់ និង​ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ ស្រុក​រំដួល ស្រុក​ចន្ទ្រា និង​ក្រុង​បាវិត ខេត្តស្វាយរៀង​ជាដើម​។ ទន្ទឹមនឹងនេះ​មិនទាន់​ឃើញ​លោក វ៉ា គឹមហុង ដែលជា​ទេសរដ្ឋមន្ត្រី​ទទួលបន្ទុក​កិច្ចការ​ព្រំដែន និង​ជា​ប្រធាន​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា ចាត់វិធានការ​ប្រកប​ដោយ​ប្រសិទ្ធភាព​នៅឡើយ​ទេ ដែលជា​ហេតុ​ធ្វើ​ឲ្យ​ភាគី​យួន​បន្តសកម្មភាព​រំលោភ​បំពាន​លើ​អធិបតេយ្យភាព​និង​បូរណភាព​ទឹកដី​ខ្មែរ​ឥតឈប់ឈរ​។ លើស​នេះ​ទៅទៀត​លិខិត​កំណត់​ទូត​របស់​រដ្ឋាភិបាល​ក​ម្ពុ​ជា ក្នុងការ​ជំរុញ​ឲ្យ​ភាគី​យួន​បញ្ឈប់​សកម្មភាព​រំ​លោភ​បំពាន​លើ​អធិបតេយ្យភាព​និង​បូរណភាព​ទឹកដី​ខ្មែរ​តាម​តំបន់​ព្រំដែន គឺ​ពុំមាន​ការឆ្លើយតប​ជា​វិជ្ជមាន​ពី​ភាគី​យួន​ឡើយ ហើយ​យួន​បន្តធ្វើ​សកម្មភាព​ជីក​ស្រះ​ទឹក​និង​ធ្វើ​ផ្លូវ​ចូល​ជ្រៅ​ក្នុង​ទឹកដី​ខ្មែរ​គ្មាន​ញញើត​អ្វី​ទាំងអស់​៕

49c218f87a09ec8239cbd29eb68e6e47លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង  13939602_880504475427771_3258161762006152033_n13903391_880504472094438_4818537731929692608_n13873045_880504498761102_7087718318532506283_n