ជើង​ខ្លាំង​ថៃ​​ម្នាក់​នេះ​​វ៉ៃ​ ឡៅ​ ចន្រ្ទា​ ឲ្យ​បែក​​៥​ថ្នេរ​ តែ​សន្លប់​​ធំ​ទឹក​ទី​២​

អ្នក​លេង​ឆ្លង​ដែន​មក​ពី​ថៃ​ ផេត​ រ៉ុង​​បាន​ផ្តល់​ស្លាក់​ស្នាម​ឈឺ​ចាប់​មួយ​​ដល់​​កីឡាករ​កម្ពុជា​​ ឡៅ ចន្ទ្រា​​តាម​រយៈ​ការ​វ៉ៃ​​ឲ្យ​​​បែក​​៥​ថ្នេរ មុន​ពេល​រូប​គេ​សន្លប់​ក្នុង​ទី​២​នៃ​ការ​ប្រកួត​មិត្តភាព​នៅ​​សង្វៀន​ PNN​ ​កាល​ពី​ល្ងាច​ថ្ងៃ​អាទិត្យ​ ទី​៧ សីហា។

 

ជើង​ខ្លាំង​ថៃ​​ម្នាក់​នេះ​​វ៉ៃ​ ឡៅ​ ចន្រ្ទា​ ឲ្យ​បែក​​៥​ថ្នេរ​ តែ​សន្លប់​​ធំ​ទឹក​ទី​២​កីឡាករ ឡៅ ចន្ទ្រា

 

អ្នក​គាំទ្រ​ធ្លាប់​ដឹង​ហើយ​ថា​ កីឡាករ​ថៃ​ ផេត រ៉ុង​នេះ​​ធ្លាប់​ទទួល​បាន​ជ័យជម្នះ​ និង​វ៉ៃ​ជើង​ខ្លាំង​ យ៉េន ឌីណា​ ឲ្យ​បាក់​ច្រមុះ​តាម​រយៈ​កែង​ដ៏​មុត​ស្រួច​របស់​គេ។ ទោះ​ជា​យ៉ាង​ណា​ការ​មក​ជួប​ជើង​ខ្លាំង​វ័យ​ក្មេង​ ឡៅ ចន្ទ្រា​ តស៊ូ​បាន​​ត្រឹម​តែ​២​ទឹក​ប៉ុណ្ណោះ​ក៏​សន្លប់​ធំ។

 

ការ​វ៉ៃ​គ្នា​ដ៏​ជក់​ចិត្ត​ អ្នក​លេង​គុន​ខ្មែរ​ ឡៅ ចន្ទ្រា​បាន​​វាយ​ឲ្យ​លោក​អាជ្ញា​កណ្តាល​រាប់​លើ ផេត រ៉ុង​ដល់​៨​ម្តង​ បន្ទាប់​ពី​កីឡាករ​កម្ពុជា​រូប​នេះ​ឡើង​ជង្គង់​ផ្ទួនៗ។ ​បន្ទាប់​ពី​អាជ្ញា​កណ្តាល​រាប់​ ស្នូរ​ជួង​ឈប់​សម្រាក​ក៏​​ផ្តល់​ឱកាស​ឲ្យ​រូប​គេ​បាន​បន្ត​ទៅ​ទឹក​ទី​២។

 

ការ​ប្រកួត​នៅ​ទឹក​ទី​២​ អ្នក​​ទស្សនា​ឃើញ​យ៉ាង​ច្បាស់​ថា កីឡាករ​ថៃ​ម្នាក់​នេះ​​បាន​ព្យាយាម​​វាយ​កែង​ជា​បន្តបន្ទាប់​ និង​​​ចំ​គោល​ដៅ​ច្រើន​ដែរ។ អ្វី​ដែល​គួរ​ឲ្យ​កត់​សំគាល់​នោះ​ រូប​គេ​បាន​ធ្វើ​ឲ្យ​ ឡៅ ចន្ទ្រា​បែក​​​រហូត​ដល់​៥​ថ្នេរ។ ប៉ុន្តែ​ការ​វាយ​កែង​ដោយ​គ្មាន​​ចេញ​កណ្តាប់​ដៃ​ និង​ជង្គង់​នោះ​ មិន​បាន​ធ្វើ​​ឲ្យ​កីឡាករ​កម្ពុជា​រូប​នេះ​​​ថយ​ក្រោយ​ឡើយ។ ផ្ទុយ​ទៅ​វិញ ឡៅ ចន្ទ្រា​បាន​ព្យាយាម​វាយ​សម្រុក​ និង​​ចាប់​ក្រៀក​ឡើង​​ជង្គង់​ផ្ទួនៗ។ បន្ទាប់​មក ប្អូន​ប្រុស​ឡៅ​ ស៊ីណាយ​វាយ​មួយ​កែង​ និង​ថែម​២​ជង្គង់​ធ្វើ​ឲ្យ​ ផេត រ៉ុង​សន្លប់​ធំ​តែ​ម្តង​ក្នុង​ទឹក​ទី​២។

​​ 

 

ក្រោយ​ចប់​ការ​ប្រកួត​​លោក​គ្រូ​ពេទ្យ​ដេរ​របួស​​បែក​របស់​ឡៅ ចន្ទ្រា​ដល់​ទៅ​៥​ថ្នេរ។ ជ័យជម្នះ​នេះ​មាន​ន័យ​ថា​ ឡៅ ចន្ទ្រា​បាន​សង​សឹក​ឲ្យ​មិត្ត​រួម​ជាតិ​ យ៉េន ឌីណា​បាន​សម្រេច៕

 

អត្ថបទ៖ នួន ស៊ីណា​