ចាប់លែង ចាប់លែង អ្នកណាក៏សង្ស័យ​ដែរ​

ខេត្តមណ្ឌលគិរី ៖ លោកឌិន ប៊ុ​ន​ធឿ​ន នាយក​ដែនជម្រកសត្វព្រៃ​ស្រែពក ត្រូវ​បាន​មហាជន​ និង​មន្ត្រីរាជការ​ក្នុង​ខេត្តមណ្ឌលគិរី រិះគន់​​យ៉ាង​ចាស់ដៃ​បំផុត ក្រោយ​ពី​បាន​សម្រេច​ឲ្យ​មានការ​ដោះ​លែង​ជនសង្ស័យ​ជួញដូរ​សត្វព្រៃ​២​នាក់ កាលពី​ថ្ងៃ​ទី​៧ សីហា ២០១៦ បន្ទាប់​ពី​បាន​ឃាត់ខ្លួន​បាន​២៤​ម៉ោង ​ខណៈ​បទល្មើស​​ជាក់ស្តែង​ ត្រូវ​បាន​បង្ក្រាប​កាលពី​ល្ងាច​ថ្ងៃ​ទី​៦ សីហា ២០១៦ ។

មហាជន​បាន​រង់ចាំ​មើល​ចំណាត់ការ​របស់​មន្ត្រី​ជំនាញ ដែល​កំពុង​ចាត់ការ​លើ​ជនសង្ស័យ​ជា​មេ​ឈ្មួញ ជួញដូរ​សត្វព្រៃ​យ៉ាង​សកម្ម​ទាំង​២​នាក់​ ឱ្យ​ទៅ​ខាង​អយ្យការ ​ដើម្បី​ចាត់ការ​តាម​ច្បាប់​យ៉ាង​អន្ទះសារ ប៉ុន្តែ​អ្វី​ដែល​មហាជន ​នៅ​មណ្ឌលគិរី​បាន​សម្តែង នូវ​ការ​ខក​ចិត្ត​យ៉ាង​ខ្លាំង​នោះ គឺ​ជនល្មើស​ទាំង​២​នាក់ រួម​នឹង​រថយន្ត​១​គ្រឿង ដែល​ជំនាញ​ឃាត់ខ្លួន​បាន​មាន​ភស្តុ​តាង​ជាក់ស្តែង បែរ​ត្រូវ​គេ​ដោះ​លែង​ជនសង្ស័យ​ទាំងនោះ ឲ្យ​មាន​សេរីភាព​នៅ​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី​យ៉ាង​រំភើយ​ទៅ​វិញ ​។

ពាក់ព័ន្ធ​នឹង​ការ​ដោះ​លែង​ជនសង្ស័យ ​ដែល​ជា​មេ​ឈ្មួញ​ជួញដូរ​សត្វព្រៃ​ខាងលើ​នេះ ​អ្នកឆ្លើយឆ្លង​ព័ត៌មាន​យើង​ បាន​សុំ​ការ​បំភ្លឺ​ពី​លោកឌិន ប៊ុ​ន​ធឿ​ន នាយក​ដែនជម្រកសត្វព្រៃ​ស្រែពក នៅ​រសៀល​ថ្ងៃ​ទី​៧ សីហា លោក​បាន​បញ្ជាក់​ប្រាប់​ថា ជនសង្ស័យ​២​នាក់​នេះ​ពិតជា​បាន​ដោះ​លែង​ឱ្យ​​មាន​សេរីភាព​វិញ​ហើយ ​គឺ​ដោះ​លែង​នៅ​មន្ទីរ​បរិស្ថាន​ខេត្ត​មែន ​ដោយសារ​ច្បាប់​យល់​ឃើញ​ថា សត្វ​ព្រៃ​ខាងលើ​នេះ​ មិនមែន​ជា​ប្រភេទ​សត្វព្រៃ​កម្រ​នោះ​ទេ ។ ​

ដូច្នេះ​ មានការ​ធ្វើការ​ផាកពិន័យ​អន្តរកាល​​យក​ថវិកា​​បង់​ចូល​រដ្ឋ​និង​ណែនាំ​ឲ្យ​បញ្ឈប់​ការ​ជួញដូរ​តទៅ​ទៀត ។​ លោកនាយក​ដែន​ជម្រក​រូប​នោះ​បាន​បញ្ជាក់​យ៉ាង​ខ្លី​ថា រឿង​ហ្នឹង​មាន​តែ​ប៉ុ​ណ្តឹ​ង​។ ចំពោះ​ការ​លើក​ឡើង​របស់​លោក ឌិន ប៊ុ​ន​ធឿ​ន នាយក​ដែនជម្រ​​ក​សត្វព្រៃ​ស្រែ​ពក ត្រូវ​បាន​ក្រុម​អ្នក​ច្បាប់​និយាយ​ថា បើ​បទល្មើស​ជាក់ស្តែង​​ចាប់​បាន​សត្វព្រៃ​រស់​គ្រប់​ប្រភេទ មាន​ចំនួន​រហូត​ដល់​១០៣​គីឡូក្រាម​ហើយ នៅ​តែ​គ្មាន​ទោស ចឹ​ង​តើ​បទល្មើស​ក្នុង​ទំហំ​បែប​ណា ទោះ​លោកនាយក​ដែន​ជម្រក​គិត​ថា គួរតែ​មាន
ទោស ។

​ក្រុម​អ្នក​ច្បាប់​បាន​បន្ត​ថា តាម​ចាំ កាល​ពេល​ដែន​ជម្រក​មួយ​នេះ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​មណ្ឌលគិរី កុំ​ថា​ឡើយ​បទល្មើស​សត្វព្រៃ​មាន​ចំនួន​ជាង​១០០​គីឡូក្រាម​បែប​នេះ សូ​ម្បី​១០​គីឡូក្រាម ក៏​ត្រូវ​ចាប់​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់​ដែរ​។

លោក មូល ផាត ប្រធាន​គម្រោង​អភិរក្ស​តំបន់​ទេសភាព​ខ្ពង់រាប​ភាគ​ខាងកើត​នៅ​រសៀល​ថ្ងៃ​ទី​៧ សីហា ២០១៦ នេះ​លោក​បាន​សម្តែង​នូវ​ការ​សោកស្តាយ​យ៉ាង​ខ្លាំង រាល់​ការ​បាត់បង់​សត្វព្រៃ​យ៉ាងច្រើន​សន្ធឹកសន្ធាប់ អាច​បង្ក​ឡើង​ដោយ​មាន​អ្នក​ជួញដូរ​សត្​ព្រៃ ចេះ​តែ​កើនឡើង មាន​អ្នក​ញៀន​ការ​ប្រ​ម៉ា​ញ់​សត្វព្រៃ​ដោយ​ការ​បាញ់ប្រហារ​ដោយ​គ្រាប់កាំភ្លើង​ច្រើន​នាក់​(​អ្នក​ឆ្លុះ​យប់​)​ព្រាន​ព្រៃ​។​ចំណែក​អ្នក​ដាក់​អន្ទាក់​ក៏​ច្រើន​គ្មាន​ការ​ថមថយ​សោះ កត្តា​ទាំងនេះ​ហើយ​ធ្វើ​អោយ​សត្វព្រៃ​គ្រប់​ប្រភេទ​នៅ​តំបន់​មណ្ឌលគិរី​ទាំង​តូច ធំ ប្រឈម​ទៅ​ការ​បាត់បង់​បណ្តើរ​ៗ​។