រថយន្តក្រុង​«​រិ​ទ្ធ​មុនី​»​ដឹក​អ្នកដំណើរ​ពេញ​ត្រូវ​ភ្លើង​ឆេះ​ម៉ដ្ឋ អ្នក​របួស​៥​នាក់​ទទួល​អំណោយ​សប្បុរសជន

ខេត្តបាត់ដំបង ៖ រថយន្តក្រុង​ដឹក​អ្នកដំណើ​របស់​ក្រុមហ៊ុន «​រិ​ទ្ធ​មុនី​» ត្រូវ​ភ្លើង​ឆេះ​អស់ទាំង​ស្រុង​ខណៈ​កំពុ​ធ្វើ​ដំណើរ​តាម​ផ្លូវ​វាង​ក្រុង​មួយ​កន្លែង​ត្រង់​ចំណុច​ភូមិ​ព្រៃ​កូន​សេក សង្កាត់​អូរ​ម៉ា​ល់ ក្រុង​បាត់ដំបង កាលពី​វេលា​ម៉ោងជាង​៩​យប់ ថ្ងៃ​ទី​៦ ខែសីហា ឆ្នាំ​២០១៦ បណ្ដាល​ឲ្យ​ស្លាប់​អ្នកដំណើរ​ម្នាក់ និង​របួសធ្ងន់​ស្រាល​៥​នាក់ ។

លោក ឈឿ​ង គឹ​ម​សុង ប្រធាន​ក្រុម​បង្ការ​-​បង្ក្រាប នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត បាន​ឲ្យ​ដឹង​ថា កាលពី​ល្ងាច​ថ្ងៃ​ទី​៧ ខែសីហា ឆ្នាំ​២០១៦ លោក​បាន​នាំ​អំណោយ​សប្បុរសជន​ដែល​មាន​ជា​ទឹកប្រាក់​ចំនួន​៣,១០​លាន​រៀល ទឹក​សុទ្ធ ទឹកដោះគោឆៅ ទឹកក្រូច គ្រឿង​ឧបភោគ បរិភោគ និង​សម្ភារ​មួយ​ចំនួន ទៅ​ចែក​ជូន​ដល់​ជន​រង​គ្រោះ​ដោយសារ​អគ្គិភ័យ​ឆេះ​រថយន្ត​ដឹក​អ្នកដំណើ​ចំនួន​៥​នាក់ ដែល​កំពុង​សម្រាក​នៅ​មន្ទីរពេទ្យ​អង្គការ​មួយ​នៅ​ក្នុង​ក្រុង​បាត់ដំបង ។ លោក​ថា អំណោយ​ទាំងនេះ​បាន​មក​ពី​ការ​រៃ​អង្គាស​របស់​សប្បុរសជន​ជាង​៤០​នាក់​នៅ​ក្នុង​ក្រុង​បាត់ដំបង ក្នុង​នោះ​មាន​មន្ត្រី​នគរបាល មន្ត្រី​កងរាជអាវុធហត្ថ មន្ត្រីរាជការ អាជីវករ និង​ពលរដ្ឋ ។

សូម​បញ្ជាក់​ថា ញាក់សាច់ ! រថយន្តក្រុង​«​រិ​ទ្ធ​មុនី​»ដឹក​អ្នកដំណើរ​ពេញ​ត្រូវ​ភ្លើង​ឆេះ​ម៉ដ្ឋ ។ ជន​រង​គ្រោះ​ដែល​ស្លាប់​ក្នុង​គ្រោះ​អគ្គិភ័យ​ឆេះ​រថយន្ត​នេះ​ឈ្មោះ ឡុ​ង ថេ ប្រុស​អាយុ​៤២​ឆ្នាំ រស់នៅ​ក្រុង​ប៉ោយ​ប៉ែ​ត រីឯ​អ្នក​របួស​មាន ១-​ឈ្មោះ ជិន គង់ ភេទ​ស្រី អាយុ​៦៨​ឆ្នាំ​, ២-​ឈ្មោះ ជិន សុខ​កេ​ន ភេទ​ស្រី អាយុ​៤០​ឆ្នាំ​, ៣-​ឈ្មោះ មុនី បុប្ផា ភេទ​ស្រី អាយុ​៣​ឆ្នាំ​កន្លះ ៣​នាក់​នេះ​ជា​ម្ដាយ កូន និង​ចៅ រស់នៅ​ខេត្តកំពង់ចាម​, ៤-​ឈ្មោះ ព្រឿ​ន ស៊ី​ណាត ភេទ​ស្រី អាយុ​២៨​ឆ្នាំ នៅ​ខេត្តបន្ទាយមានជ័យ និង ៥-​ឈ្មោះ អោ រក្សា ភេទ​ប្រុស អាយុ​២៨​ឆ្នាំ នៅ​ខេត្តពោធិ៍សាត់ ។

លោក ឈឿ​ង គឹ​ម​សុង ប្រធាន​ក្រុម​បង្ការ​-​បង្ក្រាប បាន​ឲ្យ​ដឹង​ទៀត​ថា ទាំង​សមត្ថកិច្ច ទាំង​សប្បុរសជន​នានា ដែល​បាន​ចូល​ជួយ​រំដោះ​ជន​រង​គ្រោះ​ពី​ក្នុង​អណ្ដាតភ្លើង​ដែល​កំពុង​ឆាបឆេះ​រថយន្ត គឺ​ពិតជា​មាន​ក្ដី​រន្ធត់​ខ្លាំង​ណាស់ និង​កាន់តែ​ខ្លោចចិត្ត​ថែម​ទៀត​នៅ​ពេល​ឮ​សំឡេង​ជន​រង​គ្រោះ​ស្រែក​លាន់​ទ្រហឹង​ពេញ​រថយន្ត​រក​ជំនួយ​អន្តរាគមន៍ ។ ដូច្នេះ​ហើយ​ទើប​សប្បុរសជន​រៃ​អង្គាស​ជា​ថវិកា ទឹក​សុទ្ធ ទឹកក្រូច និង​សម្ភារ​ផ្សេង​ៗ​តាម​រយៈ​ក្រុម​បង្ការ​-​បង្ក្រាប ដើម្បី​ផ្ដល់​ជួន​ជន​រង​គ្រោះ​ដែល​កំពុង​សម្រាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យ ។ ប៉ុន្តែ​លោក​បាន​បញ្ជាក់​ថា អំណោយ​បន្តិចបន្តួច​ច​ទាំងនេះ មិន​បាន​ផ្ដល់​ជួន​គ្រួសារ​ជន​រង​គ្រោះ​ដែល​បាន​ស្លាប់​ទេ គឺ​សម្រាប់​ផ្ដល់​ជូន​តែ​ជន​រង​គ្រោះ​ចំនួន​៥​នាក់​ដែល​រង​របួស​តែ​ប៉ុណ្ណោះ ។

ជាមួយនឹង​ការ​ផ្ដល់​អំណោយ​នេះ ក្រុម​គ្រួសារ​ជន​រង​គ្រោះ​ក៏​បាន​ថ្លែងអំណរគុណ​ផង​ដែរ ដល់​សប្បុរសជន​នានា និង​កម្លាំង​សមត្ថកិច្ច​គ្រប់​ស្ថាប័ន ដែល​បាន​ប្រឹងប្រែង​យ៉ាង​ខ្លាំង​ក្នុង​ការ​ជួយ​សង្គ្រោះ​ជីវិត​របស់​ពួក​គាត់​ឲ្យ​រួច​ផុត​ពី​ក្នុង​អគ្គិភ័យ​ឆេះ​រថយន្ត​នេះ ៕