សមត្ថកិច្ច​គួរ​វែកមុខ​អ្នក​នៅ​ពីក្រោយ​បទល្មើស​ឈូសឆាយ​បំផ្លាញ​ព្រៃ​សហគមន៍​ក្នុង​ស្រុក​បរិបូរណ៍ យកទៅ​ផ្ដន្ទាទោស​តាមច្បាប់​

កាលពី​ព្រលប់​ថ្ងៃទី​០៥ ខែសីហា ឆ្នាំ​២០១៦ កម្លាំង​សមត្ថកិច្ច​ចម្រុះ​និង​តំណាង​សហគមន៍​ការពារ​ព្រៃឈើ​ក្នុង​ឃុំ​អញ្ចាញ​រូង ស្រុក​បរិបូរណ៍ បាន​ព្រមាន​ចាប់​ជនល្មើស​ដែល​លួច​ឈូស​ដីព្រៃ​សហគមន៍​នៅ​ចំណុច​ខ្លុង​រលើង ភូមិ​អញ្ចាញ​រូង ឃុំ​អញ្ចាញ​រូង​។ តំណាង​សហគមន៍​ការពារ​ព្រៃឈើ​ឃុំ​អញ្ចាញ​រូង បាន​ឲ្យ​ដឹងថា​កម្លាំង​នគរបាល​ប៉ុស្ដិ៍​ឃុំ​អញ្ចាញ​រូង និង​អាជ្ញាធរ​ឃុំ ព្រមទាំង​ប្រជាពលរដ្ឋ​បាន​ចុះ​ល្បាត ហើយ​ទប់ស្កាត់​សកម្មភាព​ឈូសឆាយ​ព្រៃ​សហគមន៍​នៅ​ព្រលប់​ថ្ងៃទី​០៥ ខែសីហា ឆ្នាំ​២០១៦​។ ប៉ុន្តែ​អ្វីដែល​គួរ​ឲ្យ​ហួសចិត្ត​នោះ គឺ​សមត្ថកិច្ច​មិន​ចាប់ខ្លួន​អ្នកបើក​គ្រឿងចក្រ​ឈូសឆាយ​បំផ្លាញ​ព្រៃ​សហគមន៍​នោះទេ គឺ​គ្រាន់តែ​ឃាត់ខ្លួន ហើយ​ឲ្យ​ជនល្មើស​ធ្វើ​កិច្ចសន្យា​បញ្ឈប់​សកម្មភាព​ទាំងស្រុង​។

សេចក្ដីរាយការណ៍​ពី​មន្ត្រី​អាជ្ញាធរ​ឃុំ​អញ្ចាញ​រូង បាន​ឲ្យ​ដឹងថា ជនល្មើស​ដែល​សមត្ថកិច្ច​ចម្រុះ​និង​មន្ត្រី​អាជ្ញាធរខេត្ត​ខ្លួន​ឲ្យ​ធ្វើ​កិច្ចសន្យា​នោះ មានឈ្មោះ មាស ឌី ជា​មន្ត្រី​យោធា ហើយ​ជនល្មើស​រូបនេះ​ធ្លាប់ធ្វើ​សកម្ម​ភាពជា​បន្តបន្ទាប់​។ ចម្លើយ​របស់​ឈ្មោះ មាស ឌី បាន​ឲ្យ​ដឹងថា​រូបគេ​ស៊ីឈ្នួល​ឈូសឆាយ​ដីព្រៃ​សហគមន៍​ឲ្យ​អង្គរក្ស​រដ្ឋមន្ត្រីក្រសួង​ការពារជាតិ​ម្នាក់ ហេតុនេះហើយ​ទើប​សមត្ថកិច្ច​ចម្រុះ​មិន​ហ៊ាន​ឃាត់ខ្លួន​ជនល្មើស​បញ្ជូន​ឲ្យ​តុលាការ​ចាត់វិធានការ​តាមច្បាប់​។ ហេតុនេះ​លោក ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង មិនគួរ​ព្រងើយកន្តើយ​តទៅទៀត​ទេ ហើយ​គួរ​វែកមុខ​អ្នក​នៅ​ពីក្រោយ​ខ្នង​ជនល្មើស​ឈ្មោះ មាស ឌី បញ្ជូន​ឲ្យ​តុលាការ​ចាត់វិធានការ​តាមច្បាប់ ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​មាន​បទល្មើស​ឈូសឆាយ​បំផ្លាញ​ព្រៃ​សហគមន៍ នៅ​ភូមិ​អញ្ចាញ​រូង ឃុំ​អញ្ចាញ​រូង ស្រុក​បរិបូរណ៍​បន្តទៀត​។

ប្រជាពលរដ្ឋ​រស់នៅក្នុង​ឃុំ​អញ្ចាញ​រូង បាន​ឲ្យ​ដឹងថា​ព្រៃ​សហគមន៍​ក្នុង​មូលដ្ឋាន​របស់​ពួកគាត់ ត្រូវ​ប្រឈម​នឹង​ការ​ឈូសឆាយ​បំផ្លាញ​ជា​បន្តបន្ទាប់ ហើយ​មន្ត្រី​អាជ្ញាធរ និង​មន្ត្រី​ជំនាញ​នៃ​ស្ថាប័ន​ពាក់ព័ន្ធ មិន​ចាត់វិធានការ​ទប់ស្កាត់​ប្រកបដោយ​ប្រសិទ្ធភាព​នៅឡើយ​ទេ​។ ជាក់ស្ដែង​ការឃាត់ខ្លួន​ជនល្មើស​ប្រើ​គ្រឿងចក្រ​ឈូសឆាយ​បំផ្លាញ​ព្រៃ​សហគមន៍ កាលពី​ព្រលប់​ថ្ងៃទី​០៥ ខែសីហា ឆ្នាំ​២០១៦ គឺ​សមត្ថកិច្ច​បានត្រឹមតែ​ឲ្យ​ជនល្មើស​ឈ្មោះ មាស ឌី ធ្វើ​កិច្ចសន្យា​បញ្ឈប់​សកម្មភាព​តទៅទៀត​តែប៉ុណ្ណោះ ចំណែក​អង្គរក្ស​រដ្ឋមន្ត្រីក្រសួង​ការពារជាតិ​ម្នាក់​ដែល​នៅ​ពីក្រោយ​ខ្នង​ឈ្មោះ មាស ឌី មិនទាន់​ត្រូវបាន​វែកមុខ​នៅឡើយ​។ ហេតុនេះ​លោក ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង គួរ​ចាត់វិធានការ​ទប់ស្កាត់​បទល្មើស​ឈូសឆាយ​បំផ្លាញ​ព្រៃ​សហគមន៍​ទន្ទ្រាន​យក​ដី​ធ្វើជា​កម្មសិទ្ធិ​នៅ​ភូមិ​អញ្ចាញ​រូង ឃុំ​អញ្ចាញ​រូង ជាបន្ទាន់​ដើម្បី​ការពារ​ព្រៃឈើ​សម្រាប់​ជា​ផលប្រយោជន៍​របស់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​៕

ឈួរ-​ច័ន្ទឌឿន-500x409លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង 84157e90-33b7-4183-897a-14e63e9890ba