មន្ត្រី​បរិស្ថាន​ការពារ​ដែន​ជម្រក​សត្វ​ភ្នំ​ឱ​រ៉ា​ល់ បណ្ដោយ​ឲ្យ​មាន​បទល្មើស​បំផ្លាញ​ព្រៃឈើ​យ៉ាង​មហន្តរាយ​

ប្រជាពលរដ្ឋ​រស់នៅ​ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ បាន​អំពាវនាវ​ឲ្យ​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ចាត់វិធានការ​ទប់ស្កាត់​បទល្មើស​កាប់​ឈើ និង​ដឹកជញ្ជូន​ឈើ​ចេញពី​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់​ជាបន្ទាន់​។ ប្រភពពី​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ កំពុង​កើតឡើង​យ៉ាង​គគ្រឹកគគ្រេង ហើយ​លោក យ៉ង ភារ​ម្យ នាយក​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ និង​មន្ត្រីក្រោមឱវាទ​មិន​ចាត់វិធានការ​ទប់ស្កាត់​បទល្មើស​ឡើយ​។ ចំណែក​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តកំពង់ស្ពឺ បាន​រក្សា​ភាព​ស្ងៀមស្ងាត់​ក្នុងខណៈដែល​បទល្មើស​កា​ប់​ឈើ និង​ដឹកជញ្ជូន​ឈើ​ចេញពី​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ កំពុង​កើតឡើង​យ៉ាង​រាលដាល​។

ប្រភពពី​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​ដែល​ឃ្លាំមើល​បទល្មើស​បំផ្លាញ​ព្រៃឈើ​ក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ បាន​ឲ្យ​ដឹងថា​ដោយសារ​មានការ​បើកដៃ​ពី​លោក យ៉ង ភារ​ម្យ និង​មន្ត្រីក្រោមឱវាទ​ទើប​ក្រុម​ឈ្មួញ​និង​ក្រុម​ជនល្មើស​អាច​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់​យ៉ាង​រលូន​។ ប្រភពពី​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​បាន​ឲ្យ​ដឹង​ទៀតថា ឈ្មួញ​មួយចំនួន​បាន​ដឹកជញ្ជូន​ឈើ​តាម​គោយន្ត​កន្ត្រៃ គោយន្ត​ច្នៃ រទេះគោ​ក្របី​ចេញពី​តំបន់​ដែន​ជម្រក​សត្វ​ភ្នំ​ឱ​រ៉ា​ល់​យ៉ាង​គគ្រឹកគគ្រេង ចំណែក​មន្ត្រី​បរិស្ថាន គិតតែ​ពី​រឿង​ប្រមូល​លុយ​ប៉ុណ្ណោះ​។ សេចក្ដីរាយការណ៍​ពី​ឈ្មួញ​កាប់​ឈើ និង​ដឹកជញ្ជូន​ឈើ​មួយចំនួន​បាន​បង្ហើប​ឲ្យ​ដឹងថា ពួកគេ​ត្រូវ​បង់លុយ​ឲ្យ​មន្ត្រី​បរិស្ថាន ឈ្មោះ កង ញឹ​ប ដែល​កុងត្រូលជជុះ​នៅ​ចំណុច​ស្រែ​កិន តាម​ការកំណត់​ទើប​អ្វីៗ​អាច​ប្រព្រឹត្ត​ទៅដោយ​រលូន​។

ឈ្មួញ​ដែល​ចូល​កាប់​ឈើ​និង​ដឹកឈើ​ចេញពី​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ បាន​ឲ្យ​ដឹងថា​សម្រាប់​គោយន្ត​ដឹកឈើ​សន្លឹក​១​គ្រឿង​ត្រូវ​បង់លុយ​ឲ្យ​លោក កង ញឹ​ប ១២​ម៉ឺន​រៀល ចំណែក​គោយន្ត​ដឹក​ឈើមូល​ត្រូវ​បង់​ពី​៧​ម៉ឺន​ទៅ​១០​ម៉ឺន​រៀល ទើប​អាច​ចាក​ចេញពី​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ ដោយ​គ្មាន​ការរំខាន​។ មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ក្នុងស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ បាន​ឲ្យ​ដឹងថា​ការដែល​លោក កង ញឹ​ប ធ្វើ​សកម្មភាព​ប្រមូល​លុយ​ពី​ឈ្មួញ​និង​ក្រុម​ជនល្មើស​ដឹកជញ្ជូន​ឈើ គឺ​ធ្វើតាម​ការចាត់ចែង​រប​ស់លោក យ៉ង ភារ​ម្យ នាយក​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់​ទាំងអស់​។ ដូច្នេះ​លោក សាយ សំ​អាល់ ដែលជា​រដ្ឋមន្ត្រីក្រសួង​បរិស្ថាន គួរពិនិត្យមើល​បញ្ហា​នេះ​ផង ព្រោះ​សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​និង​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​បាន​ឲ្យ​ដឹងថា មន្ត្រី​បរិស្ថាន ការពារ​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ គឺជា​អ្នក​នៅ​ពីក្រោយ​បទល្មើស​បំផ្លាញ​ព្រៃឈើ​យ៉ាង​ក្រអឺតក្រទម​៕

13100762_682385085233949_5521598974144936208_nលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន  221 34