យុវជន​​​ចាប់​​អារម្មណ៍​​ចូល​រៀន​​​វគ្គ​ខ្លី​​ៗ​កាន់​តែ​ច្រើន បន្ថែម​លើ​ជំនាញ​សិក្សា​តាម​សាលា

បច្ចុប្បន្ន​​​សិស្ស​-និស្សិត​​កម្ពុជា​ជា​ច្រើន​ បាន​​​​​​​​​ចាប់​អារម្មណ៍​​ចូល​រួម​វគ្គ​បណ្ដុះ​បណ្ដាល​​ជំនាញ​​​រយៈ​ពេល​ខ្លី​ៗ​ផ្សេង​ៗ បើ​ទោះ​បី​ជា​ពួក​គេ​​បាន​រៀន​ជំនាញ​​ឯកទេស​នៅ​សាលា​រួច​​ហើយ​ក៏​ដោយ។ ការ​រៀន​វគ្គ​​បណ្ដុះបណ្ដាល​នោះ គឺ​​​ដើម្បី​​បំប៉ន​​និង​គួប​ផ្សំ​បន្ថែម​​ទៅ​លើ​ការ​សិក្សា​ជំនាញ​របស់​ពួក​គេ និង​ការ​ពង្រឹង​សមត្ថភាព​​​​​ពេល​ចូល​ធ្វើ​ការ​។

 

យុវជន​​ថាវ​ ស៊ីវ​នី និស្សិត​ឆ្នាំ​ទី​៣​​ រៀន​ផ្នែក​សិក្សា​​អន្តរជាតិ​ ​នៅ​វិទ្យាស្ថាន​ភាសា​បរទេស បាន​លើក​ឡើង​​​ពី​​បទ​ពិសោធន៍​​​ផ្ទាល់​​ខ្លួន​ដែល​បាន​​ចូល​រួម​វគ្គ​បណ្ដុះ​បណ្ដាល​យុវជន​ឈ្មោះ​ (Youth Management Training Program) រយៈ​ពេល​ ២ខែ​​ ​ថា ​មុន​ពេល​​ចូល​រៀន ​​​រូប​គេ​​​​ស្ថិត​ក្នុង​ភាព​ស្រពិចស្រពិល​​​​​លើ​​ជំនាញ​របស់​គេ ប៉ុន្តែ​ក្រោយ​ពី​ការ​​ចូល​រៀន​វគ្គ​ខ្លី រូប​គេ​ទទួល​បាន​​បទ​ពិសោធន៍​​​ជា​​មូលដ្ឋាន ដែល​អាច​ជួយ​​​រូប​គេ​ដោះ​ស្រាយ​បញ្ហា​ នៅ​បរិស្ថាន​ការងារ​បាន​។ ​

 

“ពេល​គេ​ជួល​យើង​ធ្វើ​ការ គេ​ប្រាកដ​ជា​រំពឹង​ថា យើង​អាច​ដោះ​ស្រាយ​​បញ្ហា​​ឲ្យ​គេ​បាន ស្ថានភាព​នេះ​ខ្ញុំ​គិត​ថា​វា​(ការ​បណ្ដុះបណ្ដាល​​) អាច​ជួយ​ខ្ញុំ​បាន ព្រោះ​វា​អាច​ជួយ​ខ្ញុំ​​​​​នូវ​​អ្វី​ដែល​ខ្ញុំ​មិន​មាន​បទ​ពិសោធ​ក្នុង​ការ​ងារ។ ខ្ញុំ​ភាគ​ច្រើន​រៀន​ពី​បទ​ពិសោធន៍​ជីវិត​របស់​អ្នក​បណ្ដុះ​បណ្ដាល ការ​រៀន​​នោះ ​​​អ្វី​ដែល​យើង​ទទួល​បាន​គឺ​ជា​មូលដ្ឋាន ជា​បទ​ពិសោធន៍​​ក្នុង​ការ​សម្រេច​ចិត្ត​ផ្សេងៗ​​ ​“។​ នេះ​ជា​ការ​លើក​ឡើង​របស់​យុវជន ស៊ីវនី។​​​

 

យុវជន​​​ចាប់​​អារម្មណ៍​​ចូល​រៀន​​​វគ្គ​ខ្លី​​ៗ​កាន់​តែ​ច្រើន បន្ថែម​លើ​ជំនាញ​សិក្សា​តាម​សាលាយុវជន​​ ថាវ​ ស៊ីវ​នី

 

ចំណែក​​កញ្ញា​ អ៊ីម ម៉ាលីណែត បច្ចុប្បន្ន​ជា​ជំនួយ​ការ​នាយក​ប្រតិបត្តិ​នៅ​ក្រុម​ហ៊ុន​មួយ បាន​បង្ហាញ​ពី​ចំណាប់​​អារម្មណ៍​ក្រោយ​ពេល​បាន​​​ចូល​រួម​​​ក្នុង​កម្មវិធី​បណ្ដុះ​​បណ្ដាល​យុវជន រយៈ​ពេល​​​៧​សប្ដាហ៍​​​ថា៖ ​​”អំឡុង​ពេល​ដែល​ខ្ញុំ​ចូល​រៀន​ វា​ដូច​ Change ​ខ្លួន​ឯង​​ផ្ទាល់​ ដូច​ពេល​ខ្លះ​​យើង​មាន​អារម្មណ៍​​ធ្លាក់​ទឹក​ចិត្ត​ ថា​អត់​​អាច Challenge ជា​មួយ​អ្នក​ខ្លាំង​ ចឹង​មាន​អារម្មណ៍​ថា​មិន​អាច​រក​ការងារ​ល្អ​ៗ​ ​តែ​ពេល​ខ្ញុំ​ចូល​រៀន​គឺ​បាន​ជួប​អ្នក​បណ្ដុះបណ្ដាល​​ល្អ​ច្រើន គាត់​ពន្យល់​ គាត់​ Share ពី​​បទ​ពិសោធន៍​ច្រើន ហើយ​យើង​មាន​ទឹក​ចិត្ត​ឡើង​វិញ​។ មុន​ចប់​ការ​​ Training ខ្ញុំ​ដាក់​ពាក្យ​ធ្វើ​ការ​ហើយ​​ជោគ​ជ័យ ក្លាយ​ជា​ជំនួយ​ការ​​​ CEO”។

 

យុវជន​​​ចាប់​​អារម្មណ៍​​ចូល​រៀន​​​វគ្គ​ខ្លី​​ៗ​កាន់​តែ​ច្រើន បន្ថែម​លើ​ជំនាញ​សិក្សា​តាម​សាលាកញ្ញា​ អ៊ីម ម៉ាលីណែត

 

 

​ទាក់​ទង​នឹង​​ការ​ចូល​រួម​វគ្គ​បណ្ដុះ​បណ្ដាល​​រយៈ​ពេល​ខ្លី នៅ​ក្នុង​​កម្មវិធី​​ប្រគល់​សញ្ញបត្រ​​និស្សិត​​២៩​នាក់ ដែល​បាន​បញ្ចប់​ដោយ​ជោគជ័យ​នូវ​​​ការ​បណ្ដុះបណ្ដាល​​​វគ្គ​ខ្លី​ (Youth Management Training Program) កាល​ពី​ថ្ងៃ​​សុក្រ​កន្លង​ទៅ​ រៀប​ចំ​ដោយ​សមាគម​អតីត​និស្សិត​អាហារូបករណ៍​សហរដ្ឋអាមេរិក​ (FUSSAC) លោក យូ សុគន្ធ​បញ្ញា ​​ប្រធាន​សមាគម​នេះ​បាន​លើក​​ឡើង​ថា កម្មវិធី​បណ្ដុះបណ្ដាល​រយៈ​ពេល​ខ្លី​​នោះ​​ពិត​ជា​មាន​ប្រយោជន៍។ លោក​ថា នៅ​ប្រទេស​​កម្ពុជា​​មាន​ការ​ផ្លាស់​ប្ដូរ​ ​ការ​ងារ​ប្រើ​កម្លាំង​​នឹង​ផ្លាស់​ប្ដូរ​ទៅ​ការ​ប្រើ​ជំនាញ​ច្រើន​ជាង ដូច​​​នេះ​​ការ​រៀន​ជំនាញ​​​អាច​​ជោគ​ជ័យ​នៅ​ថ្ងៃ​​ខាង​មុខ។

 

យុវជន​​​ចាប់​​អារម្មណ៍​​ចូល​រៀន​​​វគ្គ​ខ្លី​​ៗ​កាន់​តែ​ច្រើន បន្ថែម​លើ​ជំនាញ​សិក្សា​តាម​សាលាលោក យូ សុគន្ធ​បញ្ញា

 

​​ជា​ចុង​ក្រោយ​លោក​ ​សុគន្ធ​បញ្ញា​បាន​ផ្ដល់​ជា​ការ​ណែ​នាំ​ដល់​និស្សិត​ទើប​បញ្ចប់​ការ​សិក្សា​ស្វែង​រក​ការងារ​​ ដោយ​បាន​លើក​​ឡើង​បី​ចំណុច ទី​១​គឺ​ការ​ឲ្យ​ចេះ​ធ្វើ​​ការ​ជា​ក្រុម សហការណ៍​គ្នា និង​រៀន​នូវ​អ្វី​ដែល​នឹង​ប្រើ​ក្នុង​ការ​ធ្វើ​ការ​ ត្រូវ​នឹង​តម្រូវ​ការ​របស់​ទី​​ផ្សារ។ ទី​២​រក​កន្លែង​ការងារ​ណា មាន​ការ​ប្រកួត​ប្រជែង​នឹង​ខ្លួន​​ឯង​​​ តាម​រយៈ​ការ​ខំ​ប្រឹង​ប្រែង ដើម្បី​ទទួល​បទ​ពិសោធន៍​ថ្មី​ៗ​។ ទី​៣​គឺ​​​​បន្ត​ការ​ឆ្ងល់​ឲ្យ​​ច្រើន ដោយ​ខិត​ខំ​​​រៀន​​នូវ​អ្វី​ដែល​ខ្លួន​​មាន​ចម្ងល់​ និង​រួម​ចំណែក​ចូល​រួម​ក្នុង​ការ​ជួយ​សង្គម​ផង​ដែរ៕
​​​
អត្ថបទ៖ មាន​ រតនា