ស្នងការ​នគរបាល​ខេត្តបាត់ដំបង គួរពិនិត្យមើល​ភាពអនាធិបតេយ្យ​ក្នុង​កាស៊ីណូ​ឃ្វី​ន​នៅ​ច្រក​អន្តរជាតិ​ដូង ស្រុក​កំរៀង​ខ្លះ​ផង​

​ប្រជាពលរដ្ឋ​រស់នៅ​តាម​តំបន់​ព្រំដែន​ស្រុក​កំរៀង ខេត្តបាត់ដំបង​បាន​អំពាវនាវ​ឲ្យ​លោក ស ថេត ស្នងការ​នគរបាល​ខេត្ត និង​លោក ច័ន្ទ សុផល អភិបាលខេត្ត​បាត់ដំបង ពិនិត្យមើល​ភាពអនាធិបតេយ្យ​នៅក្នុង​កាស៊ីណូ​ឃ្វី​ន ក្បែរ​ច្រក​អន្តរជាតិ​ដូង ស្រុក​កំរៀង​ជាបន្ទាន់​។ ដោយហេតុថា កាស៊ីណូ​នោះ​មិន​អនុវត្តន៍​ឲ្យ​ត្រឹមត្រូវ​តាម​សេចក្ដីណែនាំ​របស់​ក្រសួងមហាផ្ទៃ​នោះទេ ហើយ​បែរជា​បើកដៃ​ឲ្យ​ជនជាតិខ្មែរ​ចូលទៅ​លេងល្បែង​ស៊ីសង​ក្នុង​កាស៊ីណូ​នោះ​យ៉ាង​ពេញបន្ទុក ដោយ​ពុំមាន​សមត្ថកិច្ច​ណា​ទប់ស្កាត់​ឡើយ​។ ប្រជាពលរដ្ឋ​បាន​រិះគន់ថា សមត្ថកិច្ច​នគរបាល​ប្រចាំ​កាស៊ីណូ​ឃ្វី​ន គឺជា​អ្នក​ឃុបឃិត​ជាមួយ​ម្ចាស់​កាស៊ីណូ ហើយ​បើកដៃ​ឲ្យ​ជនជាតិខ្មែរ​ចូល​លេងល្បែង​ស៊ីសង​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​។

​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ស្រុក​កំរៀង បាន​ឲ្យ​ដឹងថា​កាស៊ីណូ​ឃ្វី​ន គឺជា​កាស៊ីណូ​មួយ​ដែលមាន​ម្ចាស់​ឈ្មោះ ឡុង សុខ​ខេង ហើយ​ថៅកែ​រូបនេះ​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​មន្ត្រីជាន់ខ្ពស់​ដែលមាន​អំណាច​ខ្លាំង​ទើប​អាចធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ដោយសារ​មាន​ខ្នងបង្អែក​រឹងមាំ​បែបនេះហើយ ទើប​ម្ចាស់​កាស៊ីណូ​ឃ្វី​ន​នៅក្បែរ​ច្រក​អន្តរជាតិ​ដូង បាន​បើក​ឲ្យ​ជនជាតិខ្មែរ​ចូល​លេងល្បែង​ស៊ីសង​យ៉ាង​អនាធិបតេយ្យ ហើយ​មន្ត្រី​អាជ្ញាធរ និង​សមត្ថកិច្ច​មូលដ្ឋាន​មិន​ហ៊ាន​ទៅ​ក្បែរ​នោះទេ​។ ហេតុនេះហើយ​ទើប​មានការ​អំពាវនាវ​ឲ្យ​លោក​ឧត្ដមសេនីយ៍ទោ ស ថេត ស្នងការ​នគរបាល​ខេត្តបាត់ដំបង ពិនិត្យមើល​ភាពអនាធិបតេយ្យ​ក្នុង​កាស៊ីណូ​ឃ្វី​ន ឡើងវិញ​ខ្លះ​ផង​ព្រោះ​ម្ចាស់​កាស៊ីណូ​នេះ​កំពុង​បំពាន​ច្បាប់​យ៉ាង​គឃ្លើន​។

​ប្រភពពី​អ្នក​ចូល​លេងល្បែង​ក្នុង​កាស៊ីណូ​ឃ្វី​ន បាន​ឲ្យ​ដឹងថា អ្នកលេង​ល្បែង​ក្នុង​កាស៊ីណូ​នេះ ភាគច្រើន​ជា​ជនជាតិខ្មែរ មិនមែន​ជនជាតិ​សៀម​ឬ​ជនបរទេស​ផ្សេងទៀត​នោះទេ ហើយ​ប្រជាពលរដ្ឋ​ក្នុងស្រុក​កំរៀង មួយចំនួនធំ​ក្លាយជា​អ្នកញៀន​ល្បែង​ក្នុង​កាស៊ីណូ​នេះ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ការពិត​សមត្ថកិច្ច​នគរបាល​ដែល​ប្រចាំការ​នៅក្នុង​កាស៊ីណូ គឺមាន​តួនាទី​ទប់ស្កាត់​កុំ​ឲ្យ​ជនជាតិខ្មែរ​ចូល​លេងល្បែង ព្រោះ​ជាការ​បំពាន​លើ​បម្រាម​របស់​ក្រសួងមហាផ្ទៃ និង​ស្ថាប័ន​ពាក់ព័ន្ធ​មួយចំនួន​។ ក៏ប៉ុន្តែ​មន្ត្រីនគរបាល​ប្រចាំ​កាស៊ីណូ​ឃ្វី​ន​ក្បែរ​ច្រក​អន្តរជាតិ​ដូង ស្រុក​កំរៀង មិន​ត្រឹមតែ​គ្មាន​វិធានការ​ទប់ស្កាត់​កុំ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ចូល​លេង​ល្បែងស៊ីសង​ប៉ុណ្ណោះ​ទេ គឺ​ថែមទាំង​ឃុបឃិត​ជាមួយ​ថៅកែ​កាស៊ីណូ​ឈ្មោះ ឡុង សុខ​ខេង ហើយ​បើកដៃ​ឲ្យ​ជនជាតិខ្មែរ​ចូល​លេងល្បែង​ស៊ីសង​យ៉ាង​អនាធិបតេយ្យ​៕

12642800_463731920478570_4586952363976681214_nលោក ស ថេត ស្នងការនគរបាលខេត្តបាត់ដំបង casino-queen casino-queen1