ការរំពឹង​លើក​ពានរ​របស់​បឹងកេត​អង្គរ​កាន់តែ​តានតឹង​ក្រោយ​មិនអាច​សម្រេចបាន​៣​ពិន្ទុ​ពី​ណាហ្គា​វើ​ល​ និពន្ធដោយ : សឿន វណ្ណឌេត       August-08-2016, 12:03 pm         398

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132ការរំពឹង​លើក​ពានរ​របស់​បឹងកេត​អង្គរ​កាន់តែ​តានតឹង​ក្រោយ​មិនអាច​សម្រេចបាន​៣​ពិន្ទុ​ពី​ណាហ្គា​វើ​ល​​រូបភាព​ពី​៖ ហ្វេ​ស​ប៊ុ​ក​សហព័ន្ធ​បាល់ទាត់​កម្ពុជា​​ការរំពឹង​លើក​ពាន​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក​ប្រចាំឆ្នាំ​២០១៦ របស់​ក្រុម​បឹងកេត​អង្គរ​កាន់តែ​មានការ​តានតឹង​ឡើង បន្ទាប់ពី​ក្រុម​នេះ​បាន​ត្រឹម​ស្មើ ០-០ នា​ជំនួប​យ៉ាង​ស្វិតស្វាញ​ជាមួយ​ក្រុម​ណាហ្គា​វើ​ល កាលពី​ម្សិលមិញ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ ខណៈ​គូប្រកួត​ប្រជែង​របស់ខ្លួន​ក្រសួងការពារជាតិ​ទទួលបាន​៣​ពិន្ទុ​ក្រោយ​យកឈ្នះ​ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ ១-០ ដើម្បី​បង្កើន​ការ​ប្រជែង​កាន់តែខ្លាំង​មកលើ​ខ្លួន​។

​ការរំពឹង​ឈានទៅរក​លើក​ពាន​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក​ប្រចាំឆ្នាំ​២០១៦​របស់​បឹងកេត​អង្គរ កាន់​តែមាន​ភាពស្វិតស្វាញ និង​តានតឹង​បំផុត​បន្ទាប់ពី​ក្រុម​នេះ​មិនអាច​សម្រេចបាន​៣​ពិន្ទុ​ពី​ក្រុម​ណាហ្គា​វើ​ល​តាម​អ្វីដែល​បានគ្រោង​ទុក ទោះបី​ជានា​ការប្រកួត​យ៉ាង​ស្វិតស្វាញ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​កាលពី​ម្សិលមិញ​ក្រុម​នេះ​បាន​បង្កើន​ការ​វាយ​សម្រុក និង​ព្យាយាម​បង្កើត​ឱកាស​យ៉ាងណា​នៅតែ​មិនបាន​សម្រេច​ដោយសារ​មាន​រារាំង​ដោយ​ខ្សែ​ការ​របស់​ណាហ្គា​វើ​ល​។

​ការ​វាយ​សម្រុក​របស់​បឹងកេត​អង្គរ​នេះ​ហាក់ដូចជា​ផ្តល់ឱកាស​ដល់​ណាហ្គា​វើ​ល​ផងដែរ​ក្នុង​វាយបក​តម និង​បង្កើត​ឱកាស​ក្នុងការ​ស្វែងរក​គ្រាប់​ផងដែរ​តែ​ខ្សែប្រយុទ្ធ​របស់​ណាហ្គា​វើ​ល​ធ្វើ​មិនបាន​សម្រេច​តាមរយៈ​ការ​ស៊ុត​ចំ​បង្គោល​ទី ម្យ៉ាង​ដោយសារ​មានការ​ការពារ​យ៉ាងរឹងមាំ​ពី​សំណាក់​ខ្សែការពារ​របស់​បឹងកេត​អង្គរ​។ ក្រុម​ទាំងពីរ​នៅតែ​បន្ត​ធ្វើការ​វាយបក​ដាក់គ្នា​ទៅវិញទៅមក ប៉ុន្តែ​នៅតែ​មិនអាច​ទម្លុះ​សំណាញ់​ទី​គ្នា​បាន រហូត​សំឡេង​កញ្ចែ​បញ្ចប់​ការប្រកួត​បន្លឺឡើង​ដោយ​រក្សា​លទ្ធផល​ស្មើ ០-០​។

​ជាមួយគ្នានេះ​គូប្រជែង​របស់​បឹងកេត​អង្គរ​គឺ​ក្រុម​ក្រសួងការពារជាតិ​បានសម្រេច​បំណង​របស់ខ្លួន​ដោយ​ទទួលបាន​៣​ពិន្ទុ​បន្ថែម ក្រោយពី​យកឈ្នះ​ក្រុម​ខេ​ម​បូ​ថា​យ​ហ្គឺ​រ ១-០ យ៉ាង​លំបាក​កាលពី​ម្សិលមិញ​នៅ​កីឡដ្ឋាន​កងយោធពល​ខេមរភូមិន្ទ​។ ជ័យជម្នះ​របស់​ក្រសួងការពារជាតិ​នេះ​សម្រេច​ដោយ​ខ្សែប្រយុទ្ធ​ជនជាតិ​កូរ៉េខាងជើង Ri Hyok Chol នៅ​នាទី​៤៧​។   

​ការទទួលបាន​៣​ពិន្ទុ​របស់​ក្រសួងការពារជាតិ​នេះ វា​ហាក់ដូចជា​ដាក់​សម្ពាធ​ប្រកួតប្រជែង​កាន់តែខ្លាំង​ទៅលើ​ក្រុម​បឹងកេត​អង្គរ​ដែល​កំពុង​ឈរ​លំដាប់​លេខ​១​ដោយមាន​៣៨​ពិន្ទុ ចំ​ណែ​ក្រសួងការពារជាតិ​ឈរ​លំដាប់​លេខ​២​ដោយមាន​៣៧​ពិន្ទុ ពោលគឺ​ចាញ់​បឹងកេត​តែ​១​ពិន្ទុ​ប៉ុណ្ណោះ​។

​ដើម្បី​ឈានដល់​ការលើក​ពាន​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក​រដូវ​កាល​២០១៦ ក្រុម​បឹងកេត​ត្រូវតែ​ឈ្នះ​ដាច់ខាត​ទាំង​៣​ប្រកួត​ដែល​នៅសល់ ប៉ុន្តែ​ប្រសិនបើ​មានការ​ភ្លាត់ស្នៀត​ស្មើ ឬ​ចាញ់​ក្រុម​ណាមួយ នោះ​ឱកាស​លើក​ពាន​នឹង​ធ្លាក់​ទៅលើ​ក្រសួងការពារជាតិ​។ គួរ​បញ្ជាក់ថា ៣​ប្រកួត​ចុងក្រោយ​របស់​បឹងកេត​អង្គរ ត្រូវ​ជួប​ក្រុម​ខ្លាំង ប៉ូលិស​, ព្រះខ័ន​រាជ​ស្វាយរៀង និង​ភ្នំពេញ​ក្រោ​ន ចំណែក​៣​ប្រកួត​របស់​ក្រសួងការពារជាតិ ជួប អាស៊ី​អឺរ៉ុប​, ស៊ីម៉ាក់ និង​ព្រះខ័ន​រាជ​ស្វាយរៀង​៕