ធនាគារកណ្តាល​បាន​ត្រៀមខ្លួន​ទប់ស្កាត់​ប្រាក់​បាត​ឡើងថ្លៃ

ប្រទេស​ថៃ ៖ មន្ត្រីជាន់ខ្ពស់​មួយ​រូប​បាន​និយាយ​ថា ធនាគារកណ្តាល​ថៃ​កំពុង​រៀបចំ​វិធានការ​ដើម្បី​ដោះស្រាយ​នូវ​លំហូរ​មូលធន​ចូល​ក្នុង​មូល​ប​ត្រ​ក្នុងស្រុក និង​ទីផ្សារ​មូល​ប​ត្រ​បំណុល ព្រមទាំង​ទប់ស្កាត់​ប្រាក់​បាត​ឡើងថ្លៃ ។

លោកស្រី Chantavarn Sucharitakul ជំនួយការ​គ្រប់គ្រង​ក្រុម​ប្រតិបត្តិការ​ទីផ្សារ​ហិរញ្ញវត្ថុ បាន​និយាយ​ថា ប្រាក់​ដុល្លារ​ប្រមាណ​២​ប៊ី​លាន​ដុល្លារ​បាន​ហូរ​ចូល​ក្នុង​ផ្សារ​ហ៊ុន​ថៃ​ក្នុងឆ្នាំនេះ ដែល​ពាក់កណ្តាល​នៃ​ចំនួន​នោះ គឺ​ហូរ​ចូល​តែ​ក្នុង​ខែកក្កដា មួយ​គត់ ។

លោកស្រី Chantavarn បន្ថែម​ថា ចំពោះ​ទីផ្សារ​មូល​ប​ត្រ ទឹកប្រាក់​ចំនួន​៣​ប៊ី​លាន​ដុល្លារ​បាន​ហូរ​ចូល​ទៅ​ក្នុង​បំណុល​ផ្សេង​ៗ​ក្នុងឆ្នាំនេះ​។ លោកស្រី​លើក​ឡើង​ថា ៖ « តម្លៃ​ប្រាក់​បាត​បាន​កើនឡើង​៣,២៣% ជាមួយនឹង​ការ​ប្រែប្រួល​ប្រមាណ​៤%-៥% ចាប់តាំងពី​ដើមឆ្នាំ​មក​ម្ល៉េះ » ។

លោកស្រី​ឱ្យ​ដឹង​ទៀត​ថា ថៃ​នៅ​តែ​មាន​ច្រក​សម្រាប់​លំហូរ​ចូល​មូលធន ហើយ​យើង​នឹង​អាច​ឃើញ​វា​ហូរ​ចូល និង​ចេញ​យ៉ាង​ឆាប់រហ័ស​ក្នុង​ពេលវេលា​ជាក់លាក់​ណាមួយ ។
បើ​ទោះជា​គ្មាន​លំហូរ​ចូល​មូលនិធិ​ក្តី ក៏​មូល​ប​ត្រ​បំណុល​របស់​វិនិយោគិន​បរទេស​ក្នុង​ប្រទេស​ថៃ​មាន​ចំនួន​៨%-៩% ធៀប​នឹង​៣០%-៤០%​ក្នុង​ប្រទេស​ដទៃ​ៗ​ទៀត ។ ភាគហ៊ុន​ដែល​ពួក​គេ​ទិញ​ក្នុង​ប្រទេស​ថៃ គឺ​ពិបាក​ក្នុង​ការ​ផ្លាស់​ប្តូរ និង​រក្សា​នៅ​ត្រឹម​២៧% ។

លំហូរ​ចូល​នូវ​មូលធន​ក្នុង​ប្រទេស​ថៃ ត្រូវ​បាន​គេ​សង្កេត​ឃើញ​ថា មាន​ចាប់តាំងពី​អង់គ្លេស​បោះ​ឆ្នោត​ចាក​ចេញពី​សហភាព​អឺរ៉ុប​នា​ចុងខែ​មិថុនា មក​ម្ល៉េះ ។ ការ​បោះ​ឆ្នោត​ចាកចេញ​ដ៏​គួរ​ឱ្យ​ភ្ញាក់ផ្អើល​នេះ បាន​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​ពិភពលោក​ធ្លាក់​ក្នុង​ស្ថានភាព​ច្របូកច្របល់ ហើយ​ការ​រំពឹង​ជា​ច្រើន​បាន​លើក​ឡើង​ថា ធនាគារកណ្តាល​នៃ​បណ្តា​ប្រទេស​សេដ្ឋកិច្ច​ធំ​ៗ​នានា នឹង​មាន​វិធានការ​ជំរុញ​សេដ្ឋកិច្ច​បន្ថែម​ទៀត ដើម្បី​ទប់ស្កាត់​នឹង​ផល​ប៉ះពាល់​ផ្សេង​ៗ ។

កាលពី​ថ្ងៃ​ព្រហស្បតិ៍ ប្រាក់​បាត​មិន​ឡើង មិន​ចុះ នៅ​ត្រឹម​៣៤,៩២​បាត​ក្នុង​១​ដុល្លារ​អា​មេ​រិ​ក ។

លោកស្រី Chantavarn ក៏​បាន​ក្រើនរំលឹក​ថា បញ្ហា​ទាក់ទង​ក្នុង​ពាណិជ្ជកម្ម​អន្តរជាតិ​ទាំងនោះ បាន​ជួយ​ទប់ស្កាត់​ហានិភ័យ​នៃ​អត្រា​ប្តូរ​ប្រាក់​បរទេស ។

ក្រុមហ៊ុននាំចេញ និង​នាំ​ចូល​មាន​ចំនួន​២០%-៣០% បាន​ធ្វើ​សកម្មភាព​ទប់ស្កាត់​ហានិភ័យ​រូបិយប័ណ្ណ​បរទេស ។

ក្នុង​ពេល​ដំណាលគ្នា​នេះ លោកស្រី​បាន​និយាយ​ផង​ដែរ​ថា ឆាប់​ៗ​នេះ ធនាគារកណ្តាល នឹង​ផ្តល់​ពានរង្វាន់​អាជ្ញាប័ណ្ណ​រតនាគារ​កណ្តាល (TC) ទៅ​ឱ្យ​ក្រុមហ៊ុន​ចំនួន​២ ខណៈ​ជាង​១២​ក្រុមហ៊ុន​ផ្សេង​ទៀត​កំពុង​សាកសួរ​ពី​អាជ្ញាប័ណ្ណ​។ លោកស្រី​ថ្លែង​ថា ៖ « មក​ទល់​នឹង​ពេល​នេះ ក្រុមហ៊ុន​ចំនួន​១៤ បាន​និង​កំពុង​ស្វែងរក​អាជ្ញាប័ណ្ណ TC ពី​ធនាគារ​កណ្តាល ក្នុង​នោះ​ក្រុមហ៊ុន​ចំនួន​៦​ជា​ក្រុមហ៊ុន​ថៃ និង​៨​ផ្សេង​ទៀត​ជា​ក្រុមហ៊ុន​បរទេស » ៕