ក្រុម​អ្នក​ស្រាវជ្រាវ​ផែនការ​សេដ្ឋកិច្ច​ថា ចិន​គួរតែ​កាត់​បន្ថយ​អត្រា​ការ​ប្រាក់

ប្រទេស​ចិន ៖ អ្នក​ស្រាវជ្រាវ​នៃ​ផែនការ​សេដ្ឋកិច្ច​កំពូល​របស់​ប្រទេស​ចិន​បាន​អំពាវនាវ​ឱ្យ​មានការ​បន្ធូរបន្ថយ​គោលនយោបាយ​រូបិយ​វត្ថុ​បន្ថែម​ទៀត​នៅ​ឆ្នាំ​នេះ ដើម្បី​ជួយ​កាត់​បន្ថយ​ការ​ចំណាយ​លើ​អាជីវកម្ម និង​ជំរុញ​ការ​វិនិយោគទុន ។

នៅ​ក្នុង​ការ​ផ្តល់​យោបល់​ជា​សាធារណៈ​ដ៏​កម្រ​មួយ​ស្តី​ពី​គោលនយោបាយ​រូបិយ​វត្ថុ អ្នក​ស្រាវជ្រាវ​នៅ​គណៈកម្មការ​អភិវឌ្ឍន៍ និង​កំណែទម្រង់​ជាតិ​បានឱ្យ​ដឹង​ថា អត្រា​ការ​ប្រាក់ និង​អនុ​បាតប្រាក់​បម្រុង​ទុក​សម្រាប់​ធនាគារ គួរតែ​ត្រូវ​បាន​កាត់​បន្ថយ​នៅ​ពេល​សមរម្យ​ណាមួយ​។ នេះ​បើ​យោង​តាម​សេចក្តីថ្លែងការណ៍​មួយ​នៅ​លើ​គេហទំព័រ​របស់​គណៈកម្មការ​កាលពី​ថ្ងៃ​ពុធ ។

ការិយាល័យ​ស្រាវជ្រាវ​នេះ គឺជា​ស្ថាប័ន​ប្រឹក្សា​យោបល់​នៃ​គណៈកម្មការ ហើយ​ជាទី​ភ្នាក់ងារ​ដ៏​ចម្បង​របស់​រដ្ឋាភិបាល​សម្រាប់​ការ​រៀបចំ​ផែនការ និង​កំណែទម្រង់សេដ្ឋកិច្ច ហើយ​ក៏​គ្មាន​អំណាច​ដើម្បី​កំណត់​គោលនយោបាយ​ដោយ​ផ្ទាល់​ឡើយ ។ គណៈកម្មការ​អភិវឌ្ឍន៍ និង​កំណែទម្រង់​ជាតិ (NDRC) ជា​ធម្មតា មិន​ធ្វើ​អត្ថាធិប្បាយ​ជា​សាធារណៈ​ទៅ​លើ​គោលនយោបាយ​រូបិយ​វត្ថុ ដែល​ស្ថិត​នៅ​ក្រោម​ការ​ត្រួតពិនិត្យ​របស់​ធនាគារកណ្តាល​នោះ​ទេ ។

ក្រុម​អ្នក​ស្រាវជ្រាវ​ក៏​បាន​អំពាវនាវ​ផង​ដែរ​ឲ្យ​មានការ​អនុវត្ត​គោលនយោបាយ​សារពើពន្ធ «​ដ៏​សកម្ម​» និង​ធ្វើ​ឱ្យ​ការ​វិនិយោគ​ជា​ច្រើន​ទៀត​មាន​ប្រសិទ្ធភាព​ខ្ពស់ ស្រប​ពេល​ដែល​មាន​សម្ពាធ​នៃ​ការ​ចំណាយ​កើតឡើង ។ ក្រុម​អ្នក​ស្រាវជ្រាវ​របស់​គណៈកម្មការ​អភិវឌ្ឍន៍ និង​កំណែទម្រង់​ជាតិ​បានឱ្យ​ដឹង​ថា ប្រទេស​ចិន​គួរតែ​លើកទឹកចិត្ត​ដល់​បណ្តា​ក្រុមហ៊ុន​ឯកជន​ទាំងឡាយ ដើម្បី​ប្រមូល​ថវិកា​តាម​រយៈ​ការ​លក់​មូល​ប​ត្រ​បំណុល រក្សា​គោល​ជំហរ​ក្នុង​ការ​ដក​ចេញ​នូវ​តម្រូវការ​ផលិតផល​ទាប​ជាង​ការ​ផ្គត់ផ្គង់​ដល់ទី​ផ្សារ ជំរុញ​ការ​វិនិយោគ​លើ​អចលនទ្រព្យ​ដែល​មាន​ភាព​ស្ថិតស្ថេរ​ល្អ និង​រក្សា​ការ​កាត់​បន្ថយ​ទំនិញ​លើស​ពី​កន្លែង​ស្តុក ៕