ប្រទេស​មហា​អនុ​តំបន់​ទន្លេមេគង្គ​រក​មធ្យោបាយ​លើកកម្ពស់​សេដ្ឋកិច្ច

រាជធានី​ភ្នំពេញ ៖ ប្រទេស​ជា​សមាជិក​មហា​អនុ​តំបន់​ទន្លេមេគង្គ​ចំនួន​៦​មាន កម្ពុជា ចិន ឡាវ មី​យ៉ា​ន់​ម៉ា ថៃ និង​វៀតណាម ជាមួយនឹង​ដៃគូ​អភិវឌ្ឍន៍ រួម​ទាំង​វិស័យ​ឯកជន​បាន រៀបចំ​វេទិកា​របៀង​សេដ្ឋកិច្ច​មហា​អនុ​តំបន់ មេគង្គ​លើក​ទី​៨ ដោយ​ពិភាក្សា​លើ​ការ​ពង្រឹង​កា​រត​ភ្ជាប់ និង​លើកកម្ពស់​ភាព​ប្រកួតប្រជែង​ក្នុង​របៀង​សេដ្ឋកិច្ច​មហា​អនុ​តំបន់​មេគង្គ ។

ការ​អភិវឌ្ឍ​តាម​របៀង​សេដ្ឋកិច្ច គឺជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​កំណើនសេដ្ឋកិច្ច​ក្នុង​មហា​អនុ​តំបន់​ទន្លេមេគង្គ ដោយ​ជំរុញ​បន្ថែម​នូវ​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​នៅ​តាម​បណ្តោយ​របៀង ព្រម ទាំង​ជួយ​បង្កើន​ការងារ ទំហំ​ពាណិជ្ជកម្ម និង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​នៅ​ក្នុង​មហា​អនុ​តំបន់​ផង​ដែរ ។

ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​បន្ទាប់​ពី​បាន​បញ្ចប់​វេទិកា​កាលពី​ល្ងាច​ថ្ងៃ​ទី​៤ សីហា កន្លង​ទៅ លោក សុខ ចិន្តា​សោភា រដ្ឋមន្ត្រី​មហា​អនុ​តំបន់​មេគង្គ​ប្រចាំ​កម្ពុជា បានឱ្យ​ដឹង​ថា កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​មហា​អនុ​តំបន់​មេគង្គ (GMS)​នេះ មាន​កិច្ច​សហប្រតិបត្តិការ​ទៅ​តាម​វិស័យ​ដូច​ជា ទេសចរណ៍ កសិកម្ម អភិវឌ្ឍន៍​ធនធានមនុស្ស ថាមពល និង​ទូរគមនាគមន៍ ជាដើម ។

លោក សុខ ចិន្តា​សោភា មាន​ប្រសាសន៍​ថា ៖ « បន្ទាប់​ពី​បាន​ធ្វើការ​ជាមួយ​គ្នា យើង​យល់​ឃើញ​ថា កិច្ច​សហប្រតិបត្តិការ​តាម​វិស័យ​ទាំងនោះ​ពុំ​មាន​រូបិយ ដូច្នេះ ដើម្បី​ជំរុញ​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​ទាំងនេះ យើង​បាន​ផ្តួចផ្តើម​គំនិត​ឱ្យ​មានការ​អភិវឌ្ឍ​នៅ​តាម​របៀង​សេដ្ឋកិច្ច GMS ។ តើ​អ្វី​ជា​របៀង ? ក្នុង​ន័យ​សេដ្ឋកិច្ច ពី​ដើម​ឡើយ​គេ​ហៅ​ថា ផ្លូវ​ទូរគមនាគមន៍ តែ​មក​ដល់​សម័យ​ទំនើប​យើង​នេះ គេ​តែង​ប្រើ​ពាក្យ​របៀង ដោយ​ភ្ជាប់​ជាមួយនឹង​តាម​ដងផ្លូវ ហើយ​រដ្ឋាភិបាល​នៃ​ប្រទេស​ជា​ច្រើន​តែងតែ​ខិតខំ ពេល​មាន​ផ្លូវ​ហើយ​ចង់ឱ្យ​មាន​អ្វី​នៅ​អប​ទៀត​ដើម្បី​ជា​គុណសម្បត្តិ និង​បានជា​ប្រយោជន៍​ដល់​ប្រជាជន​ដែល​រស់នៅ​តាម​ដងផ្លូវ​នោះ » ។

លោក​បន្ត​ថា របៀង​សេដ្ឋកិច្ច GMS គឺ​ប្រទេស​ទាំងអស់​យល់​ឃើញ​ថា យើង​ត្រូវធ្វើ​កិច្ចការ​ទៅ​លើ​របៀង​នេះ ព្រោះ​វា​ជា​ឆ្អឹងខ្នង​នៃ​ការ​អភិវឌ្ឍ ។ ដូច្នេះ យើង​មើល​ភូមិសាស្ត្រ ផែនទី​តំបន់​យើង ហើយ​បាន​សម្រេច​ថា របៀង​សេដ្ឋកិច្ច​សំខាន់​ៗ​មាន​ចំនួន​៣ គឺ ៖

១-​របៀង​សេដ្ឋកិច្ច​ជើង ត្បូង រវាង​បណ្តា​ប្រទេស​នៅ​អាស៊ី​អាគ្នេយ៍ និង​ចិន ។
២-​របៀង​សេដ្ឋកិច្ច​ខាងត្បូង​ដែល​រត់​តាម​បណ្តោយ​ភាគ​ខាងត្បូង​នៃ​មហា​អនុ​តំបន់​នេះ ។

៣-​របៀង​សេដ្ឋកិច្ច​កើត លិច ដែល​លាតសន្ធឹង​ប្រមាណ​ជាង​១.៣០០​គីឡូម៉ែត្រ​ពី​កំពង់​ផែ​ដា​ណា​ង​នៃ​ប្រទេស​វៀតណាម ឆ្លងកាត់​ប្រទេស​ឡាវ និង​ថៃ រហូត​ដល់​ប្រទេស​មី​យ៉ា​ន់​ម៉ា ។

យោង​តាម​ការ​ប្រកាស​ព័ត៌មាន​នៃ​អង្គ​វេទិកា​នេះ ដែល​បាន​ពិភាក្សា​លើ​គំនិត​ផ្តួចផ្តើម និង​បទ​ពិសោធន៍​សំខាន់​ៗ​មួយ​ចំនួន​ក្នុង​ទិស​ដៅ​សម្រេច​ឱ្យ​បាន​នូវ​សក្តានុពល​សេដ្ឋកិច្ច​នៃ​របៀង GMS រួម​មាន ការ​ពង្រឹង និង​តម្រឹម​របៀង​សេដ្ឋកិច្ច​ទាំង​អស់នេះ​ឱ្យ​ស្រប​នឹង​លំហូរ​ពាណិជ្ជកម្ម និង​វិនិយោគ វិធានការ​សម្របសម្រួល​ការ​ដឹក​ជញ្ជូន និង​ពាណិជ្ជកម្ម (TTF) និង​ផែនការ​រូប​វន្ត សេដ្ឋកិច្ច​សម្រាប់​ទីតាំង​ជាក់លាក់​តាម​បណ្តោយ​របៀង​ជាប់​ព្រំដែន រួម​ទាំង​ការ​អភិវឌ្ឍ​តំបន់​សេដ្ឋកិច្ច​ពិសេស ឬ​កម្រង​ឧស្សាហកម្ម ។

ប្រទេស​ទាំង​៦ ក៏​បាន​ពិចារណា​លើ​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ឆ្លងកាត់​ព្រំដែន​តាម​របៀង​សេដ្ឋកិច្ច អភិក្រម​ក្នុង​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​កិច្ច​សម្រួល​ពាណិជ្ជកម្ម ការ​ដឹក​ជញ្ជូន​ប្រកបដោយ​ស័ក្តិសិទ្ធិ​ភាព ភាព​អាច​ទុកចិត្ត​បាន និង​មធ្យោបាយ​ក្នុង​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​កា​រត​ភ្ជាប់​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​តាម​ព្រំដែន ក្នុង​គោលបំណង​លើកកម្ពស់​ភាព​ប្រកួតប្រជែង​របស់​បណ្តា​ប្រទេស​នៅ​តាម​របៀង​សេដ្ឋកិច្ច​នេះ ៕