តើ​គួរ​ធ្វើ​ដូច​ម្តេច​ដើម្បី​ចៀសវាង​ភាព​តានតឹង​ក្នុង​ការងារ ?

ប្រសិនបើ​អ្នកជា​មនុស្ស​ធ្វើការ​ឥត​ឈប់​ឈរ​ស្ទើរតែ​ពេញ​មួយ​ថ្ងៃ ឬ​ក៏​តាំងចិត្ត​ធ្វើការ​ឱ្យ​បាន​ច្រើន​ពេញ​មួ​យស​ប្តា​ហ៍​នោះ អ្នក​ច្បាស់​ជា​មាន​អារម្មណ៍​ធុញទ្រាន់ អស់កម្លាំង និង​អាច​ឈាន​ដល់​ធុញថប់​នឹង​ការងារ ឬ​បាក់ទឹកចិត្ត​ផង​ដែរ​។ ខាងក្រោម​នេះ អ្នក​អាច​ស្វែងរក​គន្លឹះ​មួយ​ចំនួន​សម្រាប់​លើកទឹកចិត្ត​ខ្លួនឯង និង​ចៀសវាង​អារម្មណ៍មិនល្អ​ចំពោះ​ការងារ ។

១-​ទទួលទានដំណេក​ឱ្យ​បាន​ត្រឹមត្រូវ ៖
ការ​ទទួលទានដំណេក​ឱ្យ​បាន​ត្រឹមត្រូវ និង​លង់លក់​ល្អ គឺជា​គន្លឹះ​ដ៏​សំខាន់​មួយ​សម្រាប់​ភាព​ស្រស់ថ្លា​នៅ​ពេល​ដែល​យើង​ភ្ញាក់​ឡើង​នៅ​ព្រឹកស្អែក ។ ជា​ធម្មតា មនុស្ស​ទូទៅ​ត្រូវការ​គេង​ឱ្យ​បាន​៨​ម៉ោង​ក្នុង​មួយ​ថ្ងៃ ។ ដូច្នេះ ប្រសិនបើ​អ្នក​គេង​តិច​ជាង​៨​ម៉ោង​នោះ វា​នឹង​ធ្វើ​ឱ្យ​អ្នកមាន​អារម្មណ៍​ថា ហាក់ដូចជា​ខ្សោយកម្លាំង ឬ​ល្វើយ​ជាដើម ហើយ​វា​ក៏​នឹង​ផ្តល់​ផលវិបាក​ចំពោះ​អ្នកផង​ដែរ នៅ​ពេល​ដែល​អ្នក​ព្យាយាម​ផ្តោតអារម្មណ៍​ធ្វើ​ការងារ ។

២-​រៀន​និយាយ​ថា «​ទេ​» ៖
ពិត​ណាស់ អ្នក​ប្រាកដជា​មិន​អាច​ធ្វើ​ការងារ​ចប់​សព្វគ្រប់ និង​ទាន់​ពេលវេលា​រាល់​គ្រប់​ភារកិច្ច ឬ​គម្រោង​នោះ​ទេ ។ អ្នក​ត្រូវ​តែ​កំណត់ព្រំដែន​ការងារ​របស់​អ្នក​ឱ្យ​បាន​ត្រឹមត្រូវ និង​បោះបង់​ចោល​នូវ​អ្វី​ដែល​គ្មាន​ប្រយោជន៍​ចំពោះ​ការងារ​របស់​អ្នក ។ បែងចែក​ពេលវេលា​របស់​អ្នក​ឱ្យ​បាន​ល្អ​រាល់​អ្វី​ដែល​អ្នក​បាន​កំណត់​ធ្វើ​សម្រាប់​រយៈពេល​មួយ​ថ្ងៃ ឬ​មួ​យស​ប្តា​ហ៍ ជា​ជាង​ការ​ព្យាយាម​ធ្វើការ​ទាំង​បង្ខំ និង​បន្ទុក​ផ្ទួន​ៗ ។ 

៣-​លំ​ហាត់ប្រាណ ៖
ការ​ធ្វើ​លំ​ហាត់ប្រាណ​ទៀងទាត់​អាច​កាត់​បន្ថយ​ភាព​តានតឹង និង​ភាព​ធុញថប់​បាន​ច្រើន​។ ម្យ៉ាងទៀត វា​អាច​ជួយ​បង្កើន​អារម្មណ៍​របស់​អ្នក​ឱ្យ​បាន​ល្អ​ប្រសើរ និង​ស្រស់ស្រាយ​ឡើង​វិញ​ផង​ដែរ ។ លំ​ហាត់ប្រាណ​បន្ទាប់​ពី​ធ្វើ​ការងារ ឬ​អំឡុង​ពេល​សម្រាក​បរិភោគ​អាហារ​ថ្ងៃត្រង់ ក៏​អាច​ជួយ​ជម្រះ​ភាព​តានតឹង​ក្នុង​ចិត្ត និង​អាច​លំហែ​ខួរក្បាល​របស់​អ្នក​បាន​មួយ​កម្រិត​ទៀត​ផង ។ ដូច្នេះ អ្នក​នឹង​អាច​ធ្វើការ​បាន​កាន់តែ​ប្រសើរ និង​មាន​អារម្មណ៍​ធ្វើ​ការងារ​ទាំង​ពេញចិត្ត ។

៤-​យក​ពេល​ខ្លះ​ដើម្បី​សម្រាក ៖
ការ​ឆ្លៀតឱកាស​អំឡុង​ពេលធ្វើការ​ដើម្បី​លំហែ​ខួរក្បាល វា​នឹង​អាច​ជួយ​អ្នក​ឱ្យ​មាន​អារម្មណ៍ល្អ​ឡើង​វិញ ។ អ្នក​យក​ពេលវេលា​ខ្លី​មួយ​ដើម្បី​ជជែក​លេង​ជាមួយ​មិត្ត​រួមការ​ងារ និង​ចែករំលែក​អ្វី​ផ្សេង​ៗ​ដើម្បី​បង្កើន​បរិយាកាស​ឱ្យ​រីករាយ ជា​ជាង​ការ​សម្រាក​តែ​ម្នាក់ឯង ឬ​ធ្វើការ​ពេញ​មួយ​ថ្ងៃ​ទាំង​ចិត្ត​ធុញថប់ ។

៥-​សុំ​ជំនួយ​ពី​មិត្ត​រួមការ​ងារ ៖
នៅ​ពេល​ដែល​អ្នកមាន​អារម្មណ៍​តានតឹង ឬ​ធុញថប់​នឹង​ការងារ អ្នក​អាច​ពឹងពាក់​មិត្ត​រួមការ​ងារ​ឱ្យ​ជួយ ។ ចូរ​កុំ​គិត​ថា វា​ជា​រឿង​អាម៉ាស់​នៅ​ពេល​ដែល​ពឹង​មិត្ត​រួមការ​ងារ​ឱ្យ​ជួយ​។ ប្រហែលជា​អ្នក​នឹង​អាច​ស្វែងរក​ដំណោះស្រាយ​ណាមួយ ឬ​អាច​បង្ហើយ​ការងារ​របស់​អ្នក​បាន​ឆាប់​ជាមួយ​មនុស្ស​២​ឬ​ច្រើន​នាក់ បើ​ធៀប​នឹង​ការ​ធ្វើការ​តែ​ម្នាក់ឯង ។ សូមកុំ​ភ្លេច​ថា គ្មាន​នរណា​ម្នាក់​អាច​សម្រេច​អ្វី​ៗ​តែ​ម្នាក់ឯង​បាន​ឡើយ នេះ​ហើយ​ជា​ហេតុ​ដែល​មនុស្ស​ទូទៅ​ធ្វើការ​ជា​ក្រុម ។

៦-​ប្រើប្រាស់​ពេល​វិស្សមកាល​របស់​អ្នក ៖
មនុស្ស​មួយ​ចំនួន​តែងតែ​ចូល​ចិត្ត​សន្សំ​ថ្ងៃ​វិស្សមកាល​របស់​ពួក​គេ និង​កម្រ​យក​ពេល​នោះ​មក​ដើរ​កម្សាន្ត​ណាស់ ។ យ៉ាងណាមិញ គោលដៅ​នៃ​ថ្ងៃ​វិស្សមកាល​ក្នុង​មួយ​ឆ្នាំ​ៗ គឺ​អនុញ្ញាត​ឱ្យ​អ្នកមាន​ពេល​សម្រាកលំហែ​ខួរក្បាល ចំណាយពេល​ដើរ​កម្សាន្ត​រីករាយ​ជាមួយ​មិត្តភក្តិ និង​ក្រុម​គ្រួសារ​ជាដើម ។ ដូច្នេះ អ្នក​មិន​ត្រូវ​ឱ្យ​ឱកាស​នេះ​កន្លង​ផុត​ទៅ​នោះ​ទេ ។ ម្យ៉ាងទៀត អ្នក​អាច​ផ្លាស់​ប្តូរ​ទីតាំង ឬ​ទៅ​លេង​កន្លែង​ផ្សេង​ៗ ឬ​អាច​ជា​ដំណើរ​កម្សាន្ត​ទៅ​បរទេស​ក៏​បាន នោះ​អ្នក​នឹង​មាន​អារម្មណ៍ល្អ មិន​ធុញថប់​នឹង​ការងារ​របស់​អ្នក​ទៀត​ឡើយ ៕