ស្គាល់​ម្ចាស់​​ឡានមែរហ្សែដែស​នេះទេ? ផ្ញើចោលជាង៣ខែហើយ​

រាជធានី​ភ្នំពេញ ៖ រថយន្ត​​ម៉ាកមែរ​ហ្សឺ​ដែ​ស ​S-320មួយ​គ្រឿង ត្រូវ​​​បុរស​​ម្នាក់​បើក​ទៅ​​កន្លែង​ទទួល​​ផ្ញើ​រថយន្ត​ សរុប​រយៈ​ពេ​ល​​ជាង​៣​​ខែ​​​​មក​​ហើយ មិន​ទាន់​ឃើញ​ម្ចាស់​ទៅ​ទទួលយក​​វិញទេ ​ធ្វើ​ឱ្យ​ម្ចាស់​ទីតាំង​ទទួល​​បញ្ញើរ​មានការ​សង្ស័យ​ថា​​រថយន្ត​នោះ មាន​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​បទ​ល្មើស​អ្វីមួយ ទើប​ប្ដឹង​ឱ្យ​​នគរបាល​ប៉ុស្ដិ៍​ចោម​ចៅ យកទៅ​រក្សា​ទុក​បណ្ដោះអាសន្នវិញ​ រង់ចាំ​ការ​ស្រាវជ្រាវរក​ម្ចាស់​ និង​ដើមចម​នៃ​ការ​យក​រថយន្ត​ទៅ​ផ្ញើ​​ចោល​បែប​នេះ ​។

នគរបាល​ប៉ុស្ដិ៍​ចោម​ចៅ​បាន​ទៅ​ទទួលយក​រថយន្ត​នោះ​ពី​កន្លែង​​ទទួលបញ្ញើ​ដែល​មាន​ទីតាំង ស្ថិត​នៅ​ក្នុងភូមិ​ព្រៃ​ទា សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ យក​ទៅ​រក្សា​ទុក​នៅ​ប៉ុស្ដិ៍ កាលពី​វេលា​ព្រឹក​ថ្ងៃ​ទី​៧ ​សីហា ​​២០១៦​។

អ្នក​ទទួលបញ្ញើ​បាន​ប្រាប់​នគរបាល​ថា រ​ថ​យន្ត​មួយ​គ្រឿង​នោះ ម៉ាក​មែក​សឺ​ដែ​ស​ S-320 ព​ណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 2D- 7227 និង​មិនត្រូវ​បាន​គេ​ស្គាល់​អត្តសញ្ញាណ​ម្ចាស់​នោះ​​ឡើយ ហើយ​ម្ចាស់​នោះ​ បាន​យក​ទៅ​ផ្ញើ​​នៅ​ទីតាំង​ខាងលើ​តាំងពី​អំឡុង ​មេសា​ ​២០១៦ ​មក​ម្ល៉េះ មិនឃើញ​ត្រឡប់​ទៅ​យក​វិញ​សោះ​ ។

​ដោយនៅ​ក្នុងអំឡុងពេល​នោះ ​មាន​បុរស​ម្នាក់​បាន​បើក​យក​ទៅ​ផ្ញើ​ បន្ទាប់​មក​ក៏​បាន​ចាកចេញ​ទៅ​បាត់​ស្រមោល​តែ​ម្ដង មិនដឹង​ថា​មាន​បញ្ហា​អ្វីមួយ ស្លាប់​ឬ​ក៏​រស់ ឬ​ក៏​រថយន្ត​នោះ​មានការ​ជាប់​ពាក់ព័ន្ធ​ម​ទៅ​នឹង​​អំពើ​ចោរកម្ម លួច ឆក់ ប្លន់ ឬ​បែប ណា​នោះ​ឡើយ​។

ដោយសារ​ចាំ​មើលផ្លូវ ម្ចាស់​ត្រឡប់​ទៅ​យក​វិញ​មិនឃើញ​ បាត់​ស្រមោល​ឈឹង​ ក៏​មានការ​បារម្ភ​ខ្លាច​មាន​បញ្ហា​ដល់​ខ្លួន ទើប​ឈប់​រង់​ចាំ​តទៅ​ទៀត ហើយ​សម្រេចចិត្ត​ប្ដឹង​នគរបាល​ឱ្យ​​នគរ​បាល​ចុះ​យក​រថយន្ត​នោះ​ទៅ​រក្សា​ទុក​តែ​ម្ដង ​។

នគរបាល​​ឱ្យ​​ដឹង​ថា រថយន្ត​នោះ​​នៅ​អាច​ប្រើ​ការ​បាន មិន​ទាន់​ចាស់​ទ្រុឌទ្រោម​នោះ​ឡើយ ហើយ​បន្ទាប់​ពី​ម្ចាស់​ទីតាំង​ខាងលើ ប្ដឹង​និង​ប្រគល់​ឱ្យ​កម្លាំង​ ក៏​បាន​ចុះ​ទៅ​នាំ​យក​ទៅ​រក្សា​ទុក​នៅ​ប៉ុស្ដិ៍ ​ដើម្បី​ស្រាវជ្រាវ​រក​ម្ចាស់ឱ្យ​​ទៅ​ទទួលយក​វិញ ហើយ​ក៏​មិន​ទាន់​ដឹង​ថា​រថយន្ត​នោះ មាន​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​សកម្មភាព​អ្វីមួយ​ ឬ​អត់​នោះ​ឡើយ​ ៕