ចរិតអន់! ខឹង​ថៅ​កែខ្លួនឯង​រហូតបបួលគេសង​សឹក

រាជធានី​ភ្នំពេញ ៖ អ្នក​បើករថយន្ត​ដឹក​មាន់​ម្នាក់ មាន​​គំនុំ​ជាមួយ​ថៅកែ​របស់​ខ្លួន ព្រោះតែ​ខឹង​ថៅកែ​បញ្ឈប់​ការងារ បាន​រួមគំនិត​​ជា​
មួ​​យ​​កម្មករ​ផ្នែក​ចាប់​មាន់​ម្នាក់​ទៀត ធ្វើ​សកម្មភាព​លួច​រថយន្ត​កូរ៉េ​​មួយ​​គ្រឿង​​របស់​ថៅកែ​ ដែល​ខ្លួន​ធ្លាប់​បើក​​កម្ល​ង​មក ប៉ុន្តែ​ខណៈ​នោះ​មិន​បាន​សម្រេច​ទេ ដោយ​ត្រូវ​​ថៅកែ​ដឹង​ទាន់ ក៏​​​តាម​ឃាត់ខ្លួន​បាន​ម្នាក់ ។

ជនសង្ស័យ​ ​គឺ​កម្មករ​ផ្នែក​ចាប់​មាន់ ចំណែក​អ្នក​បើករថយន្ត ដែល​ត្រូវ​ថៅកែ​បណ្ដេញចេញ និង​ជា​មេគំនិត​ផង​នោះ បាន​រត់គេច​ខ្លួន​រួច ​។ ​បន្ទាប់​មក​ អ្នក​ដែល​ត្រូវ​ចាប់ខ្លួននោះ​ បាន​ប្រគល់​ឲ្យ​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ ធ្វើការ​សាកសួរ​កាលពី​វេលា​ម៉ោង​១១ ​និង​១០​នាទី​យប់​ថ្ងៃ​ទី​៧ ​សីហា ​​២០១៦ នៅ​តាម​ផ្លូវលំ ក្នុងភូមិ​ត្រពាំង​នប់ ឃុំ​ក្រាំ​ម្នាក់ ស្រុក​អង្គស្នួល ខេត្តកណ្តាល ។

ជនសង្ស័យ​ដែល​ឃាត់​បាន​ម្នាក់​​ឈ្មោះ​ឌុ​ក ធន់ ​អាយុ​២៨​ឆ្នាំ ជា​​កម្មករ​ចាប់​​មាន់ ស្នាក់​នៅ​ក្នុង​ចំណតរថយន្ត ​​ក្នុងភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ ​​មានស្រុក​កំណើត​នៅ​ក្នុងភូមិ​ស្វាយ​ខម ឃុំ​ដូង​ស្រុក​បាទី ខេត្តតាកែវ ។ ​ដោយឡែក​ម្នាក់​ទៀត ​ដែល​ជា​អ្នក បើក​រថយន្ត​ និង​ត្រូវ​ថៅកែ​ដេញ​ចេញ​នោះ បាន​រត់គេច​ខ្លួន​បាត់​ស្រមោល​ ប៉ុន្តែ​គេ​ស្គាល់​ថា ឈ្មោះ​រ៉ូ អាយុ​២៦ ។

តំណាង​ម្ចាស់​​រថយន្ត​ឱ្យ​​នគរបាល​ដឹង​ថា ថៅកែ​បាន​បណ្ដេញ​ជនសង្ស័យ​ម្នាក់​ឈ្មោះ​រ៉ូ ដែល​ជា​អ្នក​បើកបរ​រថយន្ត​ដឹក​មាន់​រយៈពេល​ជាង​១​ខែ​កន្លង​មក​ហើយ ដោយសារ​តែ​ឈ្មោះ​នេះ មានគំនិត​ជា​ចោរលួច របស់របរ​នៅ​ក្នុង​ក្រុមហ៊ុន ជា​បន្តបន្ទាប់​រហូត​ទ្រាំ​លែង​បាន ទើប​ត្រូវ​​បាន​ថៅកែ​បណ្ដេញចោល ។ ​ដែល​ជា​ហេតុ​ធ្វើ​ឱ្យជន​នេះ មានការ​ខឹងសម្បារ​ និង​មាន​គំ​នុ​គុំកួន​ជាមួយ​ថៅ​កែ ប៉ុន្តែ​ទោះជា​ត្រូវ​ដេញចោ​លហើយ ក៏​ជន​នោះ​នៅ​តែ​ចេញ-ចូល​ទៅ​ក្នុង​ចំណតរថយន្ត​របស់​ក្រុមហ៊ុន​ម្ដងម្កាល​ដែរ មិនតែប៉ុណ្ណោះ​ នៅ​តែ​មាន​ទំនាក់​​ជាមួយ​ឈ្មោះ​ឌុ​ក ធន់ ដែល​ជា​កម្មករ​ចាប់​មាន់​ដដែល​ ។

ប្រភព​ដដែល​​បន្ត​ថា ទំនាក់ទំនង​នោះ​មិនធម្មតា​ឡើយ គឺ​ពួក​គេ​បាន​សមគំនិត​គ្នា​ប្រព្រឹត្ត​បទល្មើស ដោយនៅ​វេលា​ម៉ោង​៦​ល្ងាច ថ្ងៃ​ទី​៧ ​សីហា ​​២០១៦ ឈ្មោះ​រ៉ូ បាន​ឱ្យ​ឈ្មោះ​ឌុ​ក ធន់ យក​សោ​​រថយន្ត​១​គ្រឿង​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ​ដឹក​មាន់​ពាក់​ស្លាក​លេខ​ភ្នំ​ពេ​ញ 2AJ -5935 ឱ្យ បន្ទាប់​មក​ក៏​បាន​បបួល​គ្នា បើករថយន្ត​នោះ​ចាក​ចេញពី​ចំណត​ ក្នុង​បំណង​យក​ទៅ​លក់​។​

លុះដល់​ម៉ោង​៧​យប់​ថ្ងៃ​ដដែល​ ទើប​ថៅកែ​ដឹង​មានការ​ភ្ញាក់ផ្អើល ហើយដោយ​សារ​តែ ខណៈនោះ​ឈ្មោះ​ឌុ​ក ធន់ ក៏​បាត់​ខ្លួន​ដែរ​នោះ ទើប​ថៅកែ​មានការ​សង្ស័យ ព្រោះ​ពួក​គេ​ទាំង​២​នាក់ ធ្លាប់​លួច​មាន់ លួច​ទ្រុងមាន់​យក​ទៅ​លក់​ជា​រឿយ​ៗ​ផង និង​មាន​ទំនាក់​ទំនង​គ្នា​ស្អិតរ​មួ​ត​ផង​ទើប​ថៅកែ​ដាក់​ការ​សង្ស័យ​ទៅ​លើ​ជន​នោះ​តែ​ម្ដង ។

បន្ទាប់​មក ​បាន​តាម​រក​ហើយ បាន​ប្រទះ​ឃើញ​ពួក​គេ​កំពុង​បើករថយន្ត​តាម​ផ្លូវ​នៅ​ក្នុងភូមិ​ត្រពាំង​នប់ ឃុំ​ក្រាំ​ម្នាក់ ស្រុក​អង្គស្នួល ក៏​បាន​ឃាត់​បាន​ម្នាក់​គឺ​ឈ្មោះ​ឌុ​ក ធន់ ប្រគល់​ឲ្យ​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ ដើម្បី​កសាង​សំណុំ​រឿង​ប​ញ្ចូ​ន​ខ្លួន​ទៅ​តុលាការ ចំណែកឯ​ឈ្មោះ​រ៉ូ បាន​រត់គេច​ខ្លួន​ចូល​ទៅ​ក្នុង​ព្រៃ​បាត់ ។