ច្រកទ្វារព្រំដែន​ទឹក​ព្រែក​បាក់ដៃ​នៅ​ខេត្តតាកែវ​មាន​ករណី​នាំចូល​ទំនិញគេចពន្ធ​កាន់តែ​ច្រើនឡើងៗ​

ប្រភពព័ត៌មាន​ពី​ខេត្តតាកែវ​បាន​រាយការណ៍​មក​ថា ច្រកទ្វារព្រំដែន​ទឹក​ព្រែក​បាក់ដៃ​ស្ថិតនៅ​ឃុំ​គោកធ្លក ស្រុក​អង្គរបុរី ខេត្តតាកែវ មាន​ករណី​នាំចូល​ទំនិញគេចពន្ធ​កាន់តែ​ច្រើនឡើងៗ ហើយ​ភាគច្រើន​កើតឡើង​ដោយសារតែ​ការឃុបឃិត​គ្នា​រវាង​មន្ត្រី​ជំនាញ​ដែល​ប្រព្រឹត្ត​អំពើពុករលួយ និង​ឈ្មួញ​ខិលខូច​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា លោក នាង សុខុម ប្រធានការិយាល័យ គយ និងរ​ដា្ឋ​ករ ច្រក​បាក់ដៃ និង​លោក​វរសេនីយ៍ឯក អេង ឃាង មេបញ្ជាការ​វរ​សេនា​តូច​លេខ​៣០១ ការពារ​ព្រំដែន​គោក ត្រូវបាន​ប្រជាពលរដ្ឋ​រិះគន់ថា​ជាប់​ពាក់ព័ន្ធ​នឹង​អំពើពុករលួយ​។​

ប្រជា​ពល​ដ្ឋ​ស្រុក​អង្គរបុរី បាន​រៀបរាប់ថា សមត្ថកិច្ច​គយ​ប្រចាំ​ច្រក​បាក់ដៃ និង​មន្ត្រី​ជំនាញ​ផ្សេងៗ​ទៀត​តែងតែបាន​គាបសង្កត់ និង​ជំរិត​យកលុយ​ពី​ពួកគាត់​តាម​អំពើ​ចិត្ត​ដោយ​ពុំមាន​ការយោគយល់​ឡើយ តែ​ផ្ទុយទៅវិញ​បែរជា​ឃុបឃិត​ជាមួយ​ឈ្មួញ​មានអំណាច​ដើម្បី​ទទួលបាន​ប្រាក់​សំណូក​ចំនួន​ច្រើន​ទៅវិញ​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា ឈ្មួញ​ធំៗ​បាន​នាំចូល​ទំនិញ តាម​ទូក​ប៉ុកចាយ​ដែលមាន​ចំណុះ​រាប់សិប​តោន​ដោយ​ក្នុង​ទូក​១​គ្រឿង​ចូល​ចត​ក្នុងស្រុក​អង្គរបុរី​ត្រូវ​បង់លុយ​ឲ្យ​មន្ត្រី​ជំនាញ​អស់​រាប់សែន​លាន​រៀល​។ ប្រជា​ពល​ដ្ឋ​បាន​រៀបរាប់ថា ទំនិញគេចពន្ធ​ទាំងនោះ​មានដូចជា ប្រេងសាំង គ្រឿងទេស ទំនិញ​ចាប់ហួយ គ្រឿង​កំប៉ុង មេស្រា ម្សៅ​មី គ្រឿង​ម៉ាស៊ីន គ្រឿងបន្លាស់​រថយន្ត គ្រឿងសំណង់ ដែក បន្លែ ផ្លែឈើ មាន់ ទា និង​ត្រី​ជាដើម​។​

​ចំពោះមុខ​បញ្ហា​ខាងលើនេះ ប្រជាពលរដ្ឋ​ស្រុក​អង្គរបុរី បាន​រិះគន់ថា លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ គួរពិនិត្យមើល​ករណី​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ តាម​ច្រក​បាក់ដៃ ស្រុក​អង្គរបុរី ឡើងវិញ​ផង​ដើម្បី​កុំ​ឲ្យ​រដ្ឋ​ខាតបង់​ចំណូល​ពន្ធ​តទៅទៀត​។ ប្រភព​ដដែល​បាន​រៀបរាប់ថា សព្វថ្ងៃនេះ នៅតាម​ច្រករបៀង​តាម​ព្រំដែន និង​ច្រកទ្វារ​អន្តរជាតិ ប្រទេស​កម្ពុជា​គ្មាន​ផលិតផល​អ្វី​នាំយកទៅ​លក់​ឲ្យ​ប្រទេស​យួន​ក្រៅពី​ស្រូវ​នោះទេ ខណៈ​ប្រទេស​យួន​មាន​ផលិតផល និង​ទំនិញ​សព្វសារពើ​យកមក​លក់​ឲ្យ​ខ្មែរ​គ្រប់​រដូវ​កាល​ទាំងយប់​ទាំង​ថ្ងៃ​ដែល​បញ្ហា​នេះ​ឆ្លុះបញ្ចាំង​ពី​ភាពទន់ខ្សោយ​នៃ​វិស័យ​ពាណិជ្ជកម្ម និង​សេដ្ឋកិច្ច​របស់​ខ្មែរ​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា ទន្ទឹមនឹង​ការនាំ​ចូល​ទំនិញគេចពន្ធ​ដែល​ធ្វើ​ឲ្យ​បាត់បង់​ថវិកាជាតិ  គឺ​បទល្មើស​សេដ្ឋកិច្ច​នៅតាម​ព្រំដែន​នេះ ក៏​ធ្វើ​ឲ្យ​ផ្លូវថ្នល់​ឆាប់​ខូចខាត​ផងដែរ​ដោយសារ​ការដឹក​លើ​ចំណុះ​៕

WAT-0608M WAT-0608L