គណបក្ស​សង្គ្រោះ​ជាតិ​ធ្វើ​សិក្ខាសាលា​អំពី​យន្តការ​នៃ​ការធ្វើ​សេចក្តីព្រាងច្បាប់​និង សេចក្តីស្នើច្បាប់​

ក្នុងឱកាស​បើក​អង្គសិក្ខាសាលា​ស្ដីពី​នីតិវិធី​នៃ​ការតាក់តែង​ច្បាប់​សម្រាប់​ក្រុម​សមាជិកសភា​គណបក្ស​ស​ង្គ្រោះ​ជាតិ​ដែល​រៀបចំ​ដោយ​មូលនិធិ​ខុនរ៉ាដ អា​ដិ​ន​ណូ​អ៊ែរ​(Konrad-Adenauer-Stiftung)​របស់​អាល្លឺម៉ង់ នៅ​ទីស្នាក់ការ​កណ្ដាល​គណបក្ស​សង្គ្រោះ​ជាតិ  លោក អេង ឆៃអ៊ាង មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ នៅថ្ងៃនេះ​បានបញ្ជាក់​ថា សិក្ខាសាលា​ស្តីពី​លំ​ហាត់​សម​អំពី​យន្តការ​នៃ​ការធ្វើ​សេចក្តីព្រាងច្បាប់ និង​សេចក្តីស្នើច្បាប់ សម្រាប់​ក្រុម​សមាជិកសភា​គណបក្ស​ស​ង្គ្រោះ​ជាតិ​ពិតជា​មាន​សារៈសំខាន់​ណាស់​សម្រាប់​ការអភិវឌ្ឍ​ប្រទេស​កម្ពុជា​។​

ជាមួយគ្នានេះ លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ ក៏បាន​ពន្យល់​ដែរ​ថា​យុទ្ធសាស្ត្រ​កែទម្រង់​គណបក្សនយោបាយ គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​ធើ្វ​វិមជ្ឈការ​ផ្ទៃក្នុង​គណបក្ស​សង្គ្រោះ​ជាតិ​។ វិមជ្ឈការ​ផ្ទៃក្នុង​គណបក្ស​សង្គ្រោះ​ជាតិ គឺ​ត្រូវ​ធើ្វ​ឲ្យ​យន្តការ​របស់​គណបក្ស​ដើរតួនាទី​រស់​រវើក ដោយ​មិន​ផ្តេកផ្តួល​ចាំតែ​មេដឹកនាំ​បក្ស ឬ បុគ្គល​ម្នាក់ ពីរ​នាក់ ឬ ក្រុម​តូច​នោះទេ​។ លោក កឹម សុខា បាន​សង្កត់ធ្ងន់ថា ជាក់ស្ដែង យន្តការ​ក្រុម​សមាជិកសភា​គណបក្ស​ស​ង្គ្រោះ​ជាតិ​នេះ​ជាដើម​។ ក្រុម​សមាជិកសភា​នេះ ត្រូវ​ផ្តួចផ្តើម​បំពេញ​តួនាទី​របស់ខ្លួន​ដូចជា​៖ ធើ្វ​សេចក្តីស្នើច្បាប់ ធើ្វ​លិខិត​ដាក់​សំណួរ​ទៅ​រាជរដ្ឋាភិបាល ឬ​ជួយ​អន្តរាគមន៍​ដោះស្រាយ​បញ្ហា​របស់​ពលរដ្ឋ​ជាដើម​ដោយ​មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ព្រមទាំង​មន្ត្រី​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​មូលដ្ឋាន​មិនចាំបាច់​រង់ចាំតែ​ការបង្គាប់បញ្ជា​ពី​មេដឹកនាំ​បក្ស​នោះទេ​។​

ជុំវិញ​បញ្ហា​ខាងលើនេះ លោក សុន ឆ័យ មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃទី​០៨ ខែសីហា ឆ្នាំ​២០១៦ ក្នុង​សិក្ខាសាលា​ខាងលើ​ក៏បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ដែរ​ថា​ក្រុម​សភា​ជិ​ក​សភា​គណបក្ស​សង្គ្រោះ​ជាតិ ជា​គណបក្សជំទាស់ តាមរយៈ​សិទ្ធិ​ស្របច្បាប់​របស់ខ្លួន​ដែល​ប្រជាពលរដ្ឋ​ប្រគល់​ឲ្យ​និង​ជឿជាក់ នឹងធ្វើ​សេចក្តីស្នើច្បាប់​មួយចំនួន​ដើម្បី​ធ្វើ​វិសោធនកម្ម​ធ្វើយ៉ាងណា​ឲ្យ​ស្ថាប័ន​តុលាការ​ឯករាជ្យ និង​ជំរុញ​ឲ្យ​មាន​តម្លាភាព​នៅក្នុង​សង្គម​ក​ម្ពុ​ជា ។

​លោក សុន ឆ័យ បាន​ពន្យល់ថា សព្វថ្ងៃនេះ​អ្នក​ដែល​ដឹង​រឿង​អំពើពុករលួយ​មាន​ច្រើនណាស់​ប៉ុន្តែ​គេ​មិន​ហ៊ាន​បើក​កកាយ​ឲ្យ​ដឹង​នោះទេ ខណៈ​មាន​មន្ត្រី​មួយចំនួន​ពាក់ព័ន្ធ​នឹង​អំពើពុករលួយ​ទាំង​ក្នុង​ជួរ​រាជ​ដ្ឋា​ភិ​បាល​និង​អំពើពុករលួយ​នៅក្នុង​ស្ថាប័ន និង​អង្គភាព​ផ្សេងៗ​ទៀត​របស់​រដ្ឋ​។ លោក សុន ឆ័យ បាន​សង្កត់ធ្ងន់ថា ទោះបីជា​គណបក្ស​សង្គ្រោះ​ជាតិ ស្ថិតនៅក្នុង​ស្ថានភាព ណាក៏ដោយ ក៏​គណបក្ស​សង្គ្រោះ​ជាតិ​នៅតែ​ប្រកាន់​ជំហរ​ក្នុង​ការជួយ​ជាតិ និង​បំរើ​ជាតិ ៕

13879382_1424075657609729_6817728895487715464_n 562c669321d56378943f1841b826de2b