ហ៊ុន សែន៖ ខ្ញុំ​គ្មាន​… អា‌​«ពូជ​ឡប់»​នេះ​ទេ

បើទោះជាការលើកឡើងនោះ មិនចេញឲ្យចំឈ្មោះក៏ដោយ តែការលើកឡើងរបស់លោក ហ៊ុន សែន ទំនង​ជា​ចង់​ប្រតិកម្ម​តប ទៅលោក ប្រ៊េដ អាដាម (Breid Adams) នាយកប្រតិបត្តិ ប្រចាំតំបន់អាស៊ី ​របស់អង្គការ​ឃ្លាំ​​មើល​​សិទ្ធិ​​មនុស្ស ដែល​បាន​ថ្លែង​ថា លោក ហ៊ុន សែន ទំនង​ជា​មាន​«សតិ​មិន​នឹងន»។ លោក​នាយក​រដ្ឋមន្ត្រី បាន​ថ្លែង​នៅ​ព្រឹក​នេះ​ថា ពូជ​លោក មិន​មែន​ជា​ពូជ​«ឡប់»​នោះ​ទេ។
ហ៊ុន សែន៖ ខ្ញុំ​គ្មាន​... អា‌​«ពូជ​ឡប់»​នេះ​ទេ

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។ (រូបថតសហការី)

នៅក្នុងការថ្លែងជាង‌មួយម៉ោង នាព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៦នេះ ក្នុងពិធីតភ្ជាប់ស្ពានកោះធំ ខេត្តកណ្តាល នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន មិនបានភ្លេចឡើយ ពីការលើកឡើងបន្តិច ទាក់ទងនឹងពូជអម្បូរ​របស់​លោក ដែលលោកអះអាងថា មិនមែនជា«ពូជឡប់»។

ហើយបើគេធៀប ទៅនឹងព្រឹត្តិការណ៍កើតឡើងថ្មីៗបង្អស់ លោក ហ៊ុន សែន ទំនងជាចង់ឆ្លើយតប ទៅនឹង​ការ​ថ្លែង​របស់លោក ប្រ៊េដ អាដាម (Braid Adams) នាយកប្រតិបត្តិ​ប្រចាំ​តំបន់​អាស៊ី នៃអង្គការឃ្លាំមើលសិទ្ធិមនុស្ស (ហៅ​ជា​ភាសា​អង់គ្លេស «Human Rights Watch») ដែលបានគិតថា លោក ហ៊ុន សែន មាន«សតិមិននឹងន»។

លោក ហ៊ុន សែន បានយកឱកាសនេះ ថ្លែងពីពូជអម្បូរ«មិនឡប់»​របស់លោក បន្ទាប់ពីលោកបានប្រតិកម្ម តប​ទៅ​នឹងការលើកឡើង របស់អ្នកប្រើប្រាស់បណ្ដាញសង្គម តាំងពីជាង២ឆ្នាំមុន ដែលនិយាយថា លោក​នាយក​រដ្ឋមន្ត្រី បានដាច់សរសៃឈាមខួរក្បាល ហើយត្រូវបានបញ្ជូន ទៅព្យាបាលនៅមន្ទីរពេទ្យមួយ ក្នុង​ប្រទេស​សិង្ហបូរី។

នាយករដ្ឋមន្ត្រីបីទសវត្សន៍ជាង របស់កម្ពុជាបានថ្លែងថា៖ «សុំផ្តាំទៅវិញទៅក្មួយ (អ្នកបង្ហោះព័ត៌មាន) នេះ​ជា​អំពើ​បាប ជាការប្រមាថ។ សូមក្មួយយកចិត្តទុកដាក់ អំពីសុខភាពខ្លួនឯង យកចិត្តទុកដាក់ អំពីសុខភាពម្តាយ ជីដូន​ជីតា​ខ្លួន​ឯងទៅ គ្រប់គ្រាន់ហើយ មិនបាច់យកចិត្តទុកដាក់ ដល់ថ្នាក់ហ្នឹងពេក អំពីសុខទុក្ខនាយករដ្ឋមន្រ្តី ហ៊ុន សែន នោះ​ទេ។»។

បន្ទាប់មកលោក ហ៊ុន សែន បានថ្លែងឡើងថា៖ «ខ្ញុំគ្មានពូជដាច់សរសៃឈាមខួរក្បាលទេ ហើយអាពូជឡប់នេះ ក៏អត់មានដែរ បើសិនជាអស់លោកឡប់ ក៏ឡប់គ្នាឯងចុះ កុំនាំខ្ញុំឡប់ ហើយកុំបំភ័យប្រជាពលរដ្ឋ»។

កាលពីចុងសប្ដាហ៍មុន លោក ប៊្រេដ អាដាម បានពន្យល់ពីមូលហេតុ នៃការ​រលើកឡើងផ្ទួនៗ ដែលបង្ហាញថា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ឬមន្ត្រី​នៅ​ក្រោមបង្គាប់លោក គឺជាអ្នក​ទទួល​ខុស​ត្រូវ នៅក្នុងការវាយបង្ក្រាប រហូត​​ដល់​មាន​​មនុស្ស​ស្លាប់ ឬការចាប់ចងដាក់ឃុំ ទៅលើមនុស្សដែល​មិន​ស្រប​នឹង​លោក ហ៊ុន សែន នារយៈ​ពេល​ចុង​ក្រោយ​បំផុតនេះ ថាទំនងមកពីលោក មាន«សតិមិននឹងន»។

ថ្លែងក្នុងកិច្ចសម្ភាសមួយ ជាមួយនឹងវិទ្យុអាស៊ីសេរី លោក ប្រ៊េដ អាដាម បានឲ្យដឹងថា៖ «ខ្ញុំបាននិយាយ ជា​មួយ​មន្ត្រីរដ្ឋាភិបាល​មួយចំនួន ហើយអ្នកទាំងនោះជឿថា លោក ហ៊ុន សែន បានប្រព្រឹត្តិអំពើទាំងនេះ ដោយ​សារ​គាត់ (លោក ហ៊ុន សែន) ធ្លាប់មានប្រវត្តិធ្វើដូច្នេះ កាលពីមុន។ ប៉ុន្តែអ្វីដែលខ្ញុំឆ្ងល់ និងចង់សួរនោះ គឺថា ហេតុអ្វី​បាន​ជាចាំបាច់ធ្វើ (ការចាប់ចង ឬការបង្ក្រាបនានា) នៅពេលនេះ? ហេតុអ្វីបានជាគាត់ ចាំបាច់​បង្ក​វិបត្តិ​ដូច្នេះ?»។

នាយក​ប្រតិបត្តិ​អង្គការឃ្លាំមើលសិទ្ធិមនុស្ស ទទួល​បន្ទុក​កិច្ចការ​តំបន់​អាស៊ី​រូបនេះ បានពន្យល់បន្តថា៖ «បើ​និយាយ​ពីគណបក្ស ​សង្គ្រោះ​ជាតិ​វិញ គឺគ្មានលទ្ធភាពទាល់តែសោះ ក្នុងការធ្វើបដិវត្តន៍ពណ៌ ដូចអ្វី​ដែល​ពួក​គេ​ធ្លាប់​និយាយ​នោះ។ អញ្ចឹង​អ្វី ដែល​ខ្ញុំអាចសន្និដ្ឋានបាន នៅពេលនេះ គឺថា លោក ហ៊ុន សែន មានសតិ​អារម្មណ៍​មិន​នឹងន ឬក៏លោក​កំពុង​បាត់​បង់​ភាព​ម្ចាស់ការ លើខ្លួនឯង។ សូម្បីតែមនុស្សនៅក្នុងគណបក្សរបស់គាត់ ក៏​និយាយ​អញ្ចឹង​ដែរ។»

» អានអត្ថបទដែលទាក់ទង៖ ប្រ៊េដ អាដាម ថា ហ៊ុន សែន មាន​«សតិ​មិន​នឹងន»

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន បានច្រានចោលការលើកឡើងខាងលើ និងបាន​ពន្យល់​បកវិញថា គឺលោក ប្រ៊េដ អាដាម ទៅ​វិញ​ទេ ដែលកំពុង​មាន​ជំងឺ​ក្នុង​​ការរិះគន់ ឬវាយប្រហារ​ទៅលើ​លោក ហ៊ុន សែន មិនឈប់ឈរ៕