បាក់​ដើមឈើ​ជិត​10​ដើម​និង​បង្គោល​ភ្លើង​1​ដើម​ដោយសារ​ខ្យល់​បោកបក់

បាក់​ដើមឈើ​ជិត​10​ដើម​និង​បង្គោល​ភ្លើង​1​ដើម​ដោយសារ​ខ្យល់​បោកបក់



រាជធានី​ភ្នំពេញ ៖ ដើមឈើ​ជិត​១០​ដើម​ក្នុង​នោះ​មាន​ដើម​ច្រនៀង ដើម​អំពិលទឹក ដើម​កន្ទួត និង​ដើម​ត្រ​សេក រួម​នឹង​បង្គោល​ភ្លើង​ថ្ម​១​ដើម​ផង ដោយសារ​តែ​ដើមឈើ​ទាំងនោះ​មាន​ខ្សែភ្លើង​តោង​ច្រើន​ពេក​ធ្វើ​ឱ្យ​ទប់​មិន​ជាប់ ហើយ​នៅ​ពេល​មាន​ខ្យល់​បក់​បោក​ខ្លាំង​ក៏​បណ្ដាល​ឱ្យ​បាក់​ជា​បន្តបន្ទាប់ ។

ឧប្បត្តិ​ហេតុនេះ​បាន​កើតឡើង​ខណៈ​មេឃ​ស្រឡះ ពុំ​មាន​ភ្លៀង​ធ្លាក់​ឡើយ​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៧ ខែសីហា នៅ​ភូមិ​ទួល​ពង្រ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ តែ​មិន​បាន​បណ្ដាល​ឱ្យ​មាន​មនុស្ស​ណា​ម្នាក់​រងគ្រោះថ្នាក់​ទេ ។

ទោះជា​យ៉ាងណា ការ​បាក់​នេះ​បាន​សង្កត់ តូប​ជាងកាត់សក់​១​ខ្នង និង​រោង​ជាង​ជួសជុល​ម៉ូតូ​១​ខ្នង ព្រមទាំង​ខូចខាត​ម៉ូតូ​ម៉ាក​គុប​ជ្រុង​១​គ្រឿង​ផង​ដែរ ។ អ្នក​ភូមិ​និយាយ​ថា វា​ដូច​ជា​ចម្លែក​បន្តិច​ដែល​មុន​និង​ក្នុង​ពេល​កើតហេតុ​នោះ​គ្មាន​ភ្លៀង​ធ្លាក់​សូ​ម្បី​តែ​មួយ​តំណក់ ស្រាប់តែ​មាន​ខ្យល់​បោកបក់ ប៉ុន្តែ​មិនមែន​ជា​ខ្យល់ព្យុះ ឬ​ក៏​ខ្យល់​កន្ត្រាក់​ឡើយ ។

ប្រភព​ដដែល​បន្ត​ថា ម្យ៉ាងទៀត​ចាត់​ទុក​ថា​ជា​សំណាង​ដែរ​ដែល​ដើមឈើ​បាក់​សង្កត់​លើ​តូប​ជួសជុល​ម៉ូតូ និង​តូប​ជាងកាត់សក់​នោះ មិន​បណ្ដាល​ឱ្យ​ម្ចាស់​តូប​ទាំង​ពីរ​រងគ្រោះថ្នាក់​ទេ ដោយសារ​រត់​ចេញ​ទាន់ ។ ប៉ុន្តែ​ម្នាក់​ៗ​ភ័យ​ព្រលឹង​ចុង​សក់ និង​មិន​មាន​នរណា​ហ៊ាន​ចូល​ទៅ​ជិត​ឡើយ  ព្រោះ​ភ្លាម​ៗ​នោះ​មាន​ខ្សែភ្លើង​ដាច់​មួយ​ចំនួន​ដែរ រហូត​ខាង​មន្ត្រី​អគ្គិសនី​បិទ​ភ្លើង​ទើប​ហ៊ាន​ចូល​ទៅ​កាប់​ដើមឈើ​នោះ​ទាញ​ចេញពី​ផ្លូវ ៕