កំណើន GDP វៀតណាម​ត្រូវ​បាន​រំពឹង​ថា នឹង​កើន​ដល់​6,14%​ក្នុង​ត្រីមាស​ទី​3

ប្រទេស​វៀតណាម ៖ យោង​តាម​វិទ្យាស្ថាន​កណ្តាល​សម្រាប់​ការ​គ្រប់គ្រង​សេដ្ឋកិច្ច (CIEM) បានឱ្យ​ដឹង​ថា ផលិតផល​ក្នុងស្រុក​សរុប (GDP) វៀតណាម​នឹង​កើន​ដល់​៦,១៤%​ក្នុង​ត្រីមាស​ទី​៣ ឆ្នាំ​២០១៦​នេះ ដែល​ខ្ពស់​ជាង​តួលេខ​៥,៥២% នៃ​រយៈពេល​៦​ខែ​ដំបូង ។

CIEM បាន​លើក​ឡើង​ក្នុង​របាយការណ៍​ម៉ាក្រូសេដ្ឋកិច្ច​ត្រីមាស​ទី​២​របស់​ខ្លួន​ថា ការ​នាំ​ចេញ​ហាក់ដូចជា​កើនឡើង​៦,៨% ខណៈស​ន្ទ​ស្សន៍​តម្លៃ​ទំនិញប្រើប្រាស់ (CPI) ត្រូវ​បាន​គេ​ព្យាករ​ថា នឹង​កើន​១,៣១% ជាមួយនឹង​ការ​ប៉ាន់​ប្រមាណ​ឱនភាព​ពាណិជ្ជកម្ម​ចំនួន​០,៤​ប៊ី​លាន​ដុល្លារ​ក្នុង​ត្រីមាស​ទី​៣ ។

យោង​តាម​របាយការណ៍​ខាងលើ កំណើន GDP ក្នុង​ត្រីមាស​ទី​២ បាន​កើន​ដល់​៥,៥៥% ខ្ពស់​ជាង​កំណើន​ក្នុង​ត្រីមាស​ទី​១ (៥,៤៨%)​។ កំណើន​នេះ​ត្រូវ​បាន​គេ​សម្លឹង​ឃើញ​ក្នុង​វិស័យ​ឧស្សាហកម្ម និង​សំណង់ (៧,៦១%), កសិកម្ម ព្រៃឈើ ជលផល (០,០៦%) និង​សេវាកម្ម (៦,៦%) ។

ការ​នាំ​ចេញ​បាន​កើនឡើង​៤,៩% ស្មើនឹង ៤៣,៤​ប៊ី​លាន​ដុល្លារ​ក្នុង​ត្រីមាស​ទី​២​នេះ ខណៈ CPI កើនឡើង​១,៣៥% ។

វិទ្យាស្ថាន CIEM បាន​ព្យាករ​ថា កំណើនសេដ្ឋកិច្ច​ក្នុង​ត្រីមាស​ទី​៣ នឹង​មាន​ផល​វិជ្ជមាន​ច្រើន​ជាង​កំណើន​ក្នុង​ត្រីមាស​មុន ។ យ៉ាងណាមិញ ផល​ប៉ះពាល់​នៃ​សេដ្ឋកិច្ច​ពិភព​លោក​​លើ​ទីផ្សារ​ក្នុងស្រុក គឺ​មិន​អាច​ទាយ​ទុក​មុន​បាន​ឡើយ ជា​ពិសេស ការ​ចាកចេញ​របស់​អង់គ្លេស​ពី​សហភាព​អឺរ៉ុប ដែល​នឹង​ជះ​ឥទ្ធិពល​យ៉ាង​ខ្លាំង​លើ​សហភាព​អឺរ៉ុប ខណៈ​​អឺរ៉ុប​គឺជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏​ធំ និង​សំខាន់​មួយ​របស់​ប្រទេសវៀតណាម ៕