ទឹកជំនន់​នៅ​ប៉ា​គី​ស្ថាន​ស្លាប់​យ៉ាងតិច​29​នាក់

ទូរទស្សន៍​ប៉ា​គី​ស្ថាន GEO NEWS រាយការណ៍​កាលពី​ថ្ងៃ​ទី​៧ សីហា ថា មនុស្ស​យ៉ាងតិច​២៩​នាក់​ស្លាប់ និង​ច្រើន​សិប​នាក់​ទៀត​បាត់​ខ្លួន​នៅ​ប៉ា​គី​ស្ថាន ដោយ​ភ្លៀង​ធ្លាក់​ខ្លាំង​បំផុត​ញ៉ាំង​ឱ្យ​មាន​ទឹកជំនន់ រាតត្បាត​ខេត្ត SINDH និង​ខេត្ត BALOUTCHISTAN រយៈពេល​៣​ថ្ងៃ​ចុង​ក្រោយ​នេះ ។

យោង​តាម​ទូរទស្សន៍​នេះ​ថា ទីក្រុង​កា​រ៉ា​ជី ទីប្រជុំជន​ខេត្ត SINDH រង​ការ​វាយប្រហារ​ធ្ងន់ធ្ងរ​ដោយ​ទឹកជំនន់ បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​១៤​នាក់ និង​ច្រើន​នាក់​ទៀត​រង​របួស ។ ទន្ទឹម​នឹង​នេះ មនុស្ស​៧​នាក់​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ដាច់​ដោយឡែក​ទាំងឡាយ ព្រោះតែ​ភ្លៀង​ខ្លាំង​នៅ​តាម​ទីក្រុង​ឯទៀត​ៗ​នៃ​ខេត្ត​នោះ ។ ម្យ៉ាងទៀត ការ​ធ្វើ​ដំណើរ​តាម​ផ្លូវថ្នល់ និង​តាម​អាកាស​ត្រូវ​ស្ទះ​ដោយ​ភ្លៀង​ធ្លាក់​ខ្លាំង ដែល​ចាប់ផ្តើម​វាយប្រហារ​លើ​ខេត្ត​នេះ​ពី​រសៀល​ថ្ងៃ​ទី​៥ សីហា មក ហើយ​បន្ត​រហូត​ដល់​ថ្ងៃ​ទី​៧ សីហា ។

ចំណែក​មនុស្ស​៨​នាក់​ស្លាប់ និង​៥​នាក់​ទៀត​រង​របួស ព្រមទាំង​៨​នាក់​បាត់​ខ្លួន​រយៈពេល​២​ថ្ងៃ​ចុង​ក្រោយ​នេះ នៅ​ស្រុក HARNAI ស្ថិត​ក្នុង​ខេត្ត BALOUTCHISTAN ។ នៅ​ទី​នោះ​​រថយន្ត​៦​គ្រឿង​ត្រូវ​ទឹក​កួច​នាំ​យក​ទៅ ៕