មហា​បាតុកម្ម​នៅ​ក្រុង​អីុ​ស្តង់​ប៊ុល​ក្រោយ​រដ្ឋប្រហារ​មិន​សម្រេច​បង្ហាញ​កម្លាំង​សម្រាប់​ប្រធានាធិបតី​តួ​ក​គី

ការ​ប្រមូលផ្តុំ​មនុស្ស​យ៉ាង​ធំ​មួយ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​ត្រូវ​បាន​ធ្វើ​នៅ​ទីក្រុង​អីុស្តង់​ប៊ុល​កាលពី​ថ្ងៃ​ទី​៧ សីហា បន្ទាប់​ពី​រដ្ឋប្រហារ​ពុំ​បាន​សម្រេច​នៅ​តួ​ក​គី ដែល​មហា​បាតុកម្ម​នេះ​ជា​ការ​បង្ហាញ​កម្លាំង​សម្រាប់​ប្រធានាធិបតី​តួ​ក​គី លោក​រី​ស៊ី​ប តៃ​យី​ប អ័​រ​ដូ​ហ្គា​ន ដោយ​បញ្ជាក់​ថា ទាំង​ប្រជាជន ទាំង​ពួក​អ្នកប្រឆាំង​រួបរួម​គ្នា​ពីក្រោយលោក ។

នេះ​ជាម​ហា​បាតុកម្ម​ធំ​បំផុត​ពុំ​ធ្លាប់​មាន​ចាប់តាំងពី​ច្រើន​ឆ្នាំ​មក​ហើយ​នៅ​តួ​ក​គី ដោយ​មនុស្ស​ម្នា​នាំ​គ្នា​លើក​ទង់ជាតិ​ពណ៌​ក្រហម​នៅ​ឯ YENIKAPI ជាប់មាត់​សមុទ្រ MARMARA។ មហា​បាតុកម្ម​នេះ​មាន​មនុស្ស​ចូលរួម​ជា​ច្រើន​រយ​ពាន់​នាក់​ដែល​យោង​តាម​កាសែត​ស្និទ្ធ​រដ្ឋាភិបាល​ទាំងឡាយ​ថា មាន​រហូត​ដល់​៣​លាន​នាក់​ឯណោះ ។

ថ្លែង​នៅ​ក្នុង​ការ​ប្រមូលផ្តុំ​មនុស្ស​យ៉ាង​ធំ​នេះ ដើម្បី​លទ្ធិប្រជាធិបតេយ្យ និង​ទុក្ករបុគ្គល ក្រោយ​រដ្ឋប្រហារ​ពុំ​បាន​សម្រេច​កាលពី​ថ្ងៃ​ទី​១៥ កក្កដា លោក​ប្រធានាធិបតី​អ័​រ​ដូ​ហ្គា​ន លើក​ឡើងជា​ថ្មី​ពី​លទ្ធភាព​នៃ​ការ​ស្តារ​ឡើង​វិញ ទោស​ប្រហារជីវិត​នៅ​តួ​ក​គី ។ នៅ​មុខ​ពួក​អ្នកគាំទ្រ​ដែល​នាំ​គ្នា​ស្រែ​កថា «​ទោស​ប្រហារជីវិត​» លោក​អ័​រ​ដូ​ហ្គា​ន គូសបញ្ជាក់​ថា ប្រសិនបើ​ប្រជាជន​ចង់បាន​ទោស​ប្រហារជីវិត​នោះ បណ្តា​គណបក្ស​នឹង​ធ្វើ​តាម​ឆន្ទៈ​នេះ ។ លោក​បន្ត​ថា នៅ​អឺរ៉ុប​ពុំ​មានទោស​ប្រហារជីវិត ក៏​ប៉ុន្តែ​ទោស​នោះ​មាននៅ​សហរដ្ឋ​អា​មេ​រិ​ក ជប៉ុន ចិន ។ ប្រទេស​ភាគច្រើន​អនុវត្ត​ទោស​ប្រហារជីវិត ។

ទោះបី​យ៉ាងណា យោង​តាម​អង្គការ​លើកលែងទោស​អន្តរជាតិ AMNESTY INTERNTIONAL ថា មាន​ប្រទេស​ដល់​ទៅ​១៤០ បាន​លុប​ចោល​ទោស​ប្រហារជីវិត​ជា​ច្បាប់ ឬ​ជា​ការ​អនុវត្ត ។

នាយសេនាធិការ​កងទ័ព​តួ​ក​គី ឧត្តមសេនីយ៍ HULUSI AKAR ដែល​ត្រូវ​ពួក​អ្នក​ធ្វើ​រដ្ឋប្រហារ​ចាប់ខ្លួន​រយៈពេល​ខ្លី​ត្រូវ​បាន​មហាជន​ស្រែ​កថា ជា​វីរបុរស ហើយ​សេចក្តី​ថ្លែង​ការណ៍​​របស់​លោក​ត្រូវ​បង្អាក់​តាម​រយៈ​សម្រែក​ថា «​ទោស​ប្រហារជីវិត​» ។

ការ​ប្រមូលផ្តុំ​មនុស្ស​យ៉ាង​ធំ​នេះ​រៀបចំ​ធ្វើ​ឡើង​ដោយ​គណបក្សកាន់អំណាច​គឺ​គណបក្ស​យុត្តិធម៌ និង​អភិវឌ្ឍន៍ AKP ដែល​កំណត់​ពី​ការ​បញ្ចប់​បាតុកម្ម​រាល់ថ្ងៃ​របស់​ប្រជាជន​តាម​សំណើ​របស់​លោក​អ័​រ​ដូ​ហ្គា​ន ចាប់​តាំង​រដ្ឋប្រហារ​យោធា​មិន​សម្រេច​មក ។

ទោះបី​យ៉ាងណា លោក​អ័​រ​ដូ​ហ្គា​ន ប្រកាស​ថា នេះ​គ្រាន់តែ​ជា​វង់ក្រចក​មួយ ដោយ​មហា​បាតុកម្ម​ចុង​ក្រោយ​គ្រោង​ធ្វើ​នា​ថ្ងៃ​ទី​១០ សីហា​។

ក្រុង​អង់កា​រ៉ា​ចាត់​ទុក​លោក FETHULLAH GULEN ថា ជា​មេគំនិត​នៃ​ការ​ធ្វើ​រដ្ឋប្រហារ ហើយ​ទាមទារ​ឱ្យ​សហរដ្ឋ​អា​មេ​រិ​ក​ធ្វើ​បត្យាប័ន​ជន​នេះ ។

ថ្លែង​ក្នុង​មហា​បាតុកម្ម​នេះ លោក DEVLET BAHCELI មេដឹកនាំ​គណបក្ស MHP ស្តាំ​និយម​បាន​សម្តែង​ការ​គោរព​ចំពោះ​ប្រជាជន​តួ​ក​គី ដែល​ក្លាហាន​លើកគ្នា​ប្រឆាំង​ពួក​អ្នក​ធ្វើ​រដ្ឋប្រហារ ។ លោក​ថា គ្មាន​ជម្រើស​ណា​ក្រៅពី​កម្ចាត់​ចលនា PETO របស់​លោក GULEN ចេញពី​សង្គម ព្រោះ​ចលនា​នេះ​ស៊ី​រូង​ដូច​ជា​ដំបៅ​មហារីក ។ លោក​គាំទ្រ​ពេញទំហឹង​ការ​តាម​ប្រមាញ់​ពួក GULEN និយម ។

ចំ​ណែ​ក​ប្រមុខ​គណបក្សប្រឆាំង​សំខាន់​គឺ​គណបក្ស​សង្គម​ប្រជាធិបតេយ្យ CHP លោក KEMAL KILICDAROGLU បាន​ស្វាគមន៍​ថា នេះ​ជា​ទិវា​សំខាន់​សម្រាប់​លទ្ធិប្រជាធិប​តេយ្យ​តួ​ក​គី ។ យើង​រួមរស់​ជាមួយ​គ្នា​ដូច​បងប្អូន ៕