សាលាឧទ្ធរណ៍​ច្រានចោល​បណ្តឹងសុំ​មោឃភាព​ការ​ចាប់ខ្លួន​លោក នី ចរិយា

រាជ​ធានី​ភ្នំពេញ ៖ លោក ងួ​ន មក​រា ចៅក្រម​សភា​ស៊ើបសួរ​នៃ​សាលាឧទ្ធរណ៍​ថ្ងៃ​ទី​០៨ សីហា ២០១៦ នេះ បាន​លើកយក​សំណុំរឿង​ប្តឹង​សុំ​មោឃភាព​របស់​ជនជាប់ចោទ​លោក នី ចរិយា នៅ​តំណាក់កាល​នគរបាល​យុត្តិធម៌​ដែល​បាន​កោះហៅ​មក​សាកសួរ ក៏​ឃាត់ខ្លួន​គាត់​តែ​ម្តង​។ តែ​ក្រោយ​ពី​ជំនុំជម្រះ​ជិត​២​ម៉ោង សាលាឧទ្ធរណ៍​បាន​សម្រេច​ប្រកាស​ច្រានចោល​បណ្តឹង​នេះ​បន្ត​ឃុំខ្លួន​។

លោក សំ សុ​គង់ មេធាវី​ការពារ​ក្តី​លោក នី ចរិយា បាន​ថ្លែងប្រាប់​អ្នកកាសែត​ក្រោយ​ពេល​សវនាការ​ថា កូនក្តី​របស់​លោក​បាន​ប្តឹ​សុំ​មោឃភាព​ចំពោះ​នៅ​តំណាក់កាល​នគរបាល​យុត្តិធម៌​ដែល​បាន​ចាប់ខ្លួន​លោក​នៅ​ពេល​កោះហៅ​មក​សាកសួរ​។ ការ​បើ​សវនាការ​សួរ​ដេញដោល​បាន​ធ្វើ​ឡើង​ជាង​២​ម៉ោង ទើប​ចៅក្រម​សម្រេច​ច្រាន​ចោលការ​សុំ​ស្នើ​សុំ​នេះ​។ តែ​លោក នី ចរិយា មិន​បាន​និយាយ​ជាមួយ​អ្នកកាសែត​ទេ​។

លោក សំ សុ​គង់ បាន​លើក​ឡើង​ថា ចៅក្រម​សភា​ស៊ើបសួរ​បាន​ច្រាន​ការ​ស្នើ​សុំ​របស់​មេធាវី​ចាត់ជា​អាសា​បង់ និង​បាន​សម្រេច​បង្វិល​សំណុំរឿង​នេះ ទៅ​ចៅក្រម​ស៊ើប​បន្ត​នីតិវិធី​តាម​ច្បាប់​។ លោក​មេធាវី​ថា ការ​សម្រេច​នេះ ដោយ​តុលាការ​សំអាង​ហេតុ​ថា ការ​សាកសួរ​ច្រើន​ដង​របស់​នគរបាល​យុត្តិធម៌​មិន​មានច្បាប់​ណា​ចែង​ថា ប៉ះពាល់​ដល់​សិទ្ធិ​ទេ​។ ការ​សួរ​នេះ ដើម្បី​រក​អង្គហេតុ​ផ្សេង​ទៀត ពេល​នេះ​តុលាការ​ច្រានចោល​បណ្តឹង​នេះ​តែ​ម្តង​ទៅ​។

លោក​មេធាវី​បាន​លើក​ឡើង​ថា ការ​ដាក់​បណ្តឹងសុំ​មោឃភាព​នេះ ដោយ​មេធាវី​បាន​មើលឃើញ​ថា ការ​អនុវត្ត​នីតិវិធី​របស់​មន្ត្រី​នគរបាល​យុត្តិធម៌​បាន​រំលោភ​រដ្ឋធម្មនុញ្ញ​មាត្រា​៣៨ ដោយសារ​ការ​សួរ​យក​ចម្លើយ​គាត់​ច្រើន​ដង រហូត​ដល់​បួន​ដង​សួរ​ពេល​ម៉ោង​ធ្វើ​ការងារ​ផង សួរ​ក្រៅ​ម៉ោង​ធ្វើ​ការងារ​ផង និង​សួរ​ពេល​យប់​ផង​។

គួរ​បញ្ជាក់​ថា លោក​នី ចរិយា អគ្គលេខាធិការ​រង គ​.​ជ​.​ប ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ចាប់ខ្លួន​ជាមួយ​និង​បុគ្គលិក​ជាន់ខ្ពស់​អង្គការ​អា​ដ​ហុ​ក​ចំនួន​៤​នាក់​ទៀត កាលពី​ថ្ងៃ​ទី​២៨ មេ​សា ២០១៦ និង​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​សមគំនិត​ក្នុង​អំពើ​សូកប៉ាន់​សាក្សី​ក្នុង​រឿង​កញ្ញា​ស្រី​មុំ​និង​លោក កឹ​ម សុខា ៕