កំហុស! ដូចដុតផ្ទះខ្លួន​ឯង​ចោលចឹង

រាជធានី​ភ្នំពេញ ​៖ ផ្ទះ​ឈើ​១​ខ្នង​រួម​ ជាមួយ​ទ្រព្យសម្បត្តិ​ជាច្រើន​នៅ​ក្នុង​នោះ ត្រូវ​​អគ្គិ​ភ័យ​ឆាបឆេះ​អស់​ទាំង​​ស្រុង ​ពេល​ដែល​ម្ចាស់ ដុត​​​ភ្លើង​បំពក់​បណ្ដេញ​មូស​ឱ្យ​​គោ រួច​​ចូល​ទៅ​ដក​នៅ​ក្នុងផ្ទះ​លង់លក់​​​មិន​ដឹង​ខ្លួន ។ បន្ទាប់​មក ​ភ្នក់ភ្លើង​នោះ ​បាន​ឆេះ​រាលដាល​ដល់​គំនរ​ឈើ​ ដែល​គាត់​គរ​ទុក​សម្រាប់​ធ្វើ​ផ្ទះ​ឱ្យ​​​កូន​​ក្នុង​រោង​គោ​ រួច​ក៏​​​ឆេះ​ដល់​ផ្ទះ​យ៉ាង​​សន្ធោរ​សន្ធៅ​តែ​ម្ដង​។​

ហេតុ​ការ​ណ៍​នេះ​​បង្កឱ្យ​​ភ្ញាក់ផ្អើល​​ កាលពី​វេលា​ម៉ោង​១១ ​និង​១០​នាទី​យប់​ថ្ងៃ​ទី​៧ ​សីហា ​​២០១៦ ស្ថិត​នៅ​ក្នុងភូមិ​ត្មាត​ពង សង្កាត់​បឹង​ធំ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​ ។ ​ម្ចាស់ផ្ទះ​ជា​ស្ត្រីមេម៉ាយ​កូន​៥​នាក់ ​​​ឈ្មោះហម មុន្នី អាយុ​៥៨​ឆ្នាំ ជា​កសិករ​។

ខណៈនោះ​ ម្ចាស់ផ្ទះ​មិន​អាច​យក​របស់​​អ្វី​ចេញ​ទាន់ទេ គឺ​បាន​ត្រឹមតែ​រត់​ចេញ​ពី​អណ្ដាតភ្លើង​ឱ្យ​​រួច​ផុត​ពី​គ្រោះថ្នាក់ ហើយ​បន្ទាប់​មក​បាន​នាំ​គ្នា​ដងទឹក​ជះ​ពន្លត់ ដោយ​មាន​អ្នក​ភូមិ​មួយ​ចំនួន​ជួយ​ដែរ ប៉ុន្តែ​​ភ្លើង​​មិន​បាន​រលត់​​​ បាន​ឆាប​ឆេះ​ផ្ទះ​នោះ​​អស់ទាំង​ស្រុង ហើយ​នៅ​យប់​នោះ​ មិន​មាន​រថយន្ត​ពន្លត់អគ្គិ​ភ័យ​ចេញ​ទៅ​ពន្លត់ ​សូ​ម្បី​តែ​មួយ​គ្រឿង​ឡើយ ភ្លើង​បាន​បន្ត​ឆេះ​ហុយ​ៗ​​​កម្ទេចកម្ទីរ​ហូតដល់​ព្រឹក​ឡើង​ ​។

ផ្ទះ​ដែល​ត្រូវ​ភ្លើង​ឆាបឆេះ​នោះ គឺជា​ផ្ទះ​តៀម​សាងសង់​ពី​ឈើ ប្រក់​ដំបូល​ស័ង្កសី ជញ្ជាំង​ក្ដារ ទំហំ​ទទឹង​៧​ម៉ែត្រ និង​បណ្ដោយ​១០​ម៉ែត្រ ដោយនៅ​ក្នុង​នោះ មាន​ខណ្ឌ​ដោយ​រោង​គោមួយ​ផ្នែក មាន​ជ្រុ​កស្រូវ​មួយ​ផ្នែក ក្រៅពី​នោះ​កន្លែង​ដាក់​ឥ​វាន់​និង​កន្លែងដេក​។ ក្រៅពី​ផ្ទះ​ ក៏​មានទ្រព្យ​សម្បត្តិ​មួយ​ចំនួនទៀត ​ដូច​ជា​ស្រូវ​ជាង​៣០​ថាំង ម៉ាស៊ីន​គោ​យន្ត​១​គ្រឿង តម្លៃ​ជិត​៣០០០​ដុល្លារ ម៉ាស៊ីន​បូម​ទឹក​២​គ្រឿង ឈើ​សម្រាប់​ធ្វើ​ផ្ទះ​ឲ្យ​កូន​ជា​ច្រើន​ម៉ែត្រគូប និង​សម្ភារប្រើប្រាស់​មួយ​ចំនួន​ទៀត ​។​

ស្ត្រី​ម្ចាស់ផ្ទះ​បាន​និយាយ​ថា​ ​មុន​ពេល​កើតហេតុ​ គាត់​បាន​ដុត​ភ្លើងបំពក់​ដេញ​មូស​​ឱ្យ​​គោរបស់​គាត់​​​៣​ក្បាល ដែល​គាត់​ចង​នៅ​ក្នុង​ក្រោល​ជាប់​ផ្ទះ​ និង​ក្បែរ​គំនរ​ឈើ​គ្រឿងផ្ទះ ដែល​គាត់​គរ​ទុក​ត្រៀម​ធ្វើ​ផ្ទះ​ឲ្យ​កូន ។​ បន្ទាប់​ពី​ដុត​ភ្លើង​រួច គាត់​បាន​ចូល​ទៅ​ដេក​ក្នុងផ្ទះ លង់លក់​មិនដឹង​ខ្លួន ខណៈនោះ​ភ្នក់ភ្លើង​គោបាន​ឆេះ​រា​ដាល​ដល់​គំនរ​ឈើ ទើប​បណ្ដាល​ឲ្យ​ឆេះដល់​ផ្ទះ​និង​ទ្រព្យសម្បត្តិ​ទាំងអស់​តែ​ម្ដង​។