សម្តេច​តេ​ជោ​ហ៊ុន សែន បាន​ទទួល​ពានរង្វាន់​សមិទ្ធផល​អាស៊ាន​មួយ​ជីវិត

រាជធានី​ភ្នំពេញ ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​ម្ពុ​ជា បាន​ទទួល​ពានរង្វាន់​«​សមិទ្ធផល​អាស៊ាន​មួយ​ជីវិត​» ពី​វិទ្យាស្ថាន​យុទ្ធសាស្ត្រ​និង​ភាព​ជា​អ្នកដឹកនាំ​អាស៊ី នៅ​ក្នុង​ពិធី​លៀង​សាយភោជន៍​នៃ​ពិធី​បើក​វេទិកា​ភាព​ជា​អ្នកដឹកនាំ​អាស៊ាន​លើក​ទី​១៣ នៅ​ទីក្រុង​វៀងចន្ទន៍ ប្រទេស​ឡាវ នា​រាត្រី​ថ្ងៃ​ទី​៦ ខែសីហា ឆ្នាំ​២០១៦ ។

ការ​ផ្តល់​រង្វាន់ «​សមិទ្ធផល​អាស៊ាន​មួយ​ជីវិត​» ជូន​សម្តេច​តេ​ជោ ហ៊ុន សែន គឺ​បន្ទាប់​ពី​មានការ​ពិនិត្យ​ឃើញ​ថា សម្តេច​តេ​ជោ ជា​មេដឹកនាំ​យូរ​ជាងគេ​នៅ​ក្នុង​តំបន់​អាស៊ាន ។ ជា​ពិសេស សម្តេច​តេ​ជោ​បាន​ចូលរួម​ចំណែក​ច្រើន​ក្នុង​ការ​អភិវឌ្ឍ​តំបន់​អាស៊ាន និង​ចូលរួម​ថែរក្សា​សន្តិសុខ​និង​ស្ថិរភាព ព្រមទាំង​វឌ្ឍនភាព​របស់​អាស៊ាន ។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​ហៅ​ពានរង្វាន់​នេះ​ថា ជា​មោទនភាព​ថ្មី​មួយទៀត​សម្រាប់​ប្រជាជន​កម្ពុជា​ទាំងមូល ដែល​បាន​រួម​គ្នា​ចូលរួម​ចំណែក​កសាង​ស​ប្រទេស​ជាតិ និង​សហគមន៍​អាស៊ាន ។ មោទនភាព​នេះ​មិនមែន​សម្រាប់​តែ​សម្តេច និង​ក្រុម​គ្រួសារ​នោះ​ឡើយ តែ​គឺជា​មោទនភាព​របស់​ប្រជាជន​ទាំងមូល ។ សម្តេច​តេ​ជោ បាន​ប្តេជ្ញា​ចិត្ត​យក​ពេលវេលា ដែល​នៅ​សេសសល់​ក្នុង​ជីវិត​របស់​សម្តេច ខិតខំ​ធ្វើការ​ដើម្បី​បុព្វហេតុ​ជាតិ និង​ប្រជាជន​កម្ពុជា ឲ្យ​កាន់តែ​រី​ច​ចម្រើន ។

ថ្លែង​នៅ​ចំពោះ​មុខ​មេដឹកនាំ​អាស៊ាន​ជា​ច្រើន​រូប ក្នុង​ពេល​ទទួល​ពា​រង្វាន់ «​សមិទ្ធផល​អាស៊ាន​មួយ​ជីវិត​» សម្តេច​តេ​ជោ ហ៊ុន សែន​បាន​គូសបញ្ជាក់​ថា​    ​«​កម្ពុជា​ពី​មុន​ដែល​ល្បី​ថា ជា​វាល​ពិឃាត ជា​តំបន់​អសន្តិសុខ ជា​ចម្ការ​មីន ដែល​គេ​ភ័យ​ខ្លាច​គ្រប់​គ្នា ឥឡូវ​បាន​ក្លាយទៅជា​កោះសន្តិភាព និង​ជា​តំបន់​ទេសចរណ៍​ប្រកបដោយ​ប្រជាប្រិយភាព​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ទទួល​បាន​ភ្ញៀវ​ទេសចរ​រាប់​លាន​នាក់​ក្នុង​មួយ​ឆ្នាំ​ៗ ហើយ​នៅ​តែ​មាន​ចំនួន​កើនឡើង ។

កម្ពុជា​ពី​មុន​ដែល​ល្បី​ក្នុង​ការ​ប្រើ​អាវុធ ដើម្បី​ដណ្តើម​អំណាច​គ្នា និង​ក្នុង​ការ​ផ្លាស់​ប្តូរ​រដ្ឋាភិបាល ឥឡូវ​បាន​ក្លាយទៅជា​ប្រទេស​មួយ​ដែល​គោរព​យ៉ាង​ខ្ជាប់ខ្ជួន​នូវ​គោលការណ៍​នៃ​លទ្ធិប្រជាធិបតេយ្យ សេរី​ពហុបក្ស តាម​រយៈ​ការ​រៀបចំ​យ៉ាង​ទៀងទាត់​នូវ​ការ​បោះ​ឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ជ្រើសរើស ជ្រើសតាំង​តំណាង​ដឹកនាំ​ប្រទេស ជា​នីតិរដ្ឋ ដែល​គោរព​គោលការណ៍​ច្បាប់​ដោយ​ឥត​ងាករេ និង​ជា​រដ្ឋ​អធិបតេយ្យ ដែល​មាន​បូរណភាព​ទឹកដី​ពេញលេញ និង​គោរព​លើកតម្កើង​យ៉ាង​ម៉ត់ចត់​នូវ​សិទ្ធិ​និង​សេចក្តី​ថ្លៃថ្នូរ​របស់​មនុស្ស​» ។

សម្តេច​តេ​ជោ​បន្ត​ថា កម្ពុជា​ពី​មុន​ដែល​ជា​ប្រទេស​ត្រូវ​ទទួល​រង​ការ​ហ៊ុម​ព័ទ្ធ​និង​ឯកោ​ទាំង​ខាង​នយោបាយ​និង​សេដ្ឋកិច្ច ឥឡូវនេះ​បាន​ក្លាយទៅជា​ប្រទេស​មួយ​ដែល​កំពុង​សមាហរណកម្ម​ខ្លួន​យ៉ាង​សកម្ម​ទៅ​ក្នុង​រចនាសម្ព័ន្ធ​និង​និម្មាបនកម្ម​តំបន់ និង​ពិភពលោក និង​ជា​ប្រទេស​កំពុង​ដើរតួ​នាទី​យ៉ាង​សកម្ម​ដោយ​ស្មើ​សិទ្ធិ និង​ស្មើភាព ក្នុង​គ្រប់​កិច្ចការ​តំបន់ និង​នៅ​លើ​ឆាក​អន្តរជាតិ ។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​ទៀត​ថា ភាព​រុងរឿង​មិន​អាច​កើត​មាន​ទេ​បើ​គ្មាន​សន្តិភាព សន្តិសុខ និង​ស្ថិរភាព ដែល​ជា​បុ​រេ​លក្ខខណ្ឌ​មិន​អាច​ខ្វះ​បាន​សម្រាប់​ការ​រីក​ចម្រើន​យូរអង្វែង​សម្រាប់​ប្រទេស​ជា​សមាជិក​អាស៊ាន​នីមួយ​ៗ និង​សម្រាប់​អាស៊ាន​ទាំងមូល ។​   

សម្រាប់​ភូមិសាស្ត្រ​នយោបាយ និង​សេដ្ឋកិច្ច និង​កំណើនសេដ្ឋកិច្ច​មិន​ច្បាស់លាស់​របស់​ពិភពលោក សម្តេច​តេ​ជោ ថ្លែង​ថា អាស៊ាន​ត្រូវ​តែ​រក្សា​ឲ្យ​បាន​និង​ពង្រឹង​ថែម​ទៀត នូវ​តួនាទី​ស្នូល​ប្រកបដោយ​តុល្យភាព ភាព​ទន់ភ្លន់ និង​ក្នុង​លក្ខណៈ​ស្ថាបនា ក្នុង​តួអង្គ​ជា​អភិបាលកិច្ច​ក្នុង​តំបន់​។

សម្តេច​តេ​ជោ​ថ្លែង​បញ្ជាក់​ថា «​អាស៊ាន​ត្រូវ​យកចិត្តទុកដាក់​ជំរុញ​ប្រភព​កំណើនសេដ្ឋកិច្ច​ក្នុងស្រុក ជា​ពិសេស​ការ​ធ្វើ​ពិពិធ​កម្ម​មូលដ្ឋាន​កំណើន ព្រម​ជាមួយ​ការ​ពង្រីក​កិច្ច​សហប្រតិបត្តិការ និង​ការ​ព​ន្លឿ​ន​សមាហរណកម្ម​តំបន់​។ ម្យ៉ាងវិញទៀត ប្រភព​កំណើន​នៃ​សេដ្ឋកិច្ច​អាស៊ាន មិន​អាច​កាត់​ផ្តាច់​ពី​បណ្តា​ប្រទេស​សេដ្ឋកិច្ច​ធំ​ៗ​ផ្សេង​ទៀត​នៅ​ក្នុង​តំបន់​បាន​ឡើយ​រួម​មាន សេដ្ឋកិច្ច​បណ្តា​ប្រទេស​បូក​៣ ចិន ជប៉ុន កូរ៉េ អូស្ត្រាលី នូ​វែ​ល​ហ្សេ​ឡង់ ព្រមទាំង​ឥណ្ឌា និង​រុ​ស្ស៊ី ដែល​បូក​បញ្ចូល​ទាំង​តំបន់​អឺ​រ៉ា​ហ្ស៊ី​ផង​ដែរ ។ អាស៊ាន ត្រូវ​ព​ន្លឿ​ន​ចាប់​យក​ទីផ្សារ​ធំ​ៗ​ទាំងនេះ​ឲ្យ​បាន​ឆាប់ » ។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​បង្ហាញ​ក្តី​សង្ឃឹមថា បើ​ទោះបី​នយោបាយ​នៅ​លើ​ពិភពលោក​មានការ​ផ្លាស់​ប្តូរ តែ​អាស៊ាន​នៅ​តែ​អាច​រក្សា​បាន​នូវ​សាមគ្គីភាព​នៅ​លើ​វិ​ថី​នៃ​ការ​អភិវឌ្ឍ និង​ការ​កសាង​សហគមន៍​តំបន់​មួយ ដែល​មាន​សមាហរណកម្ម​កាន់តែ​ជិត​ស្និទ្ធ​និង​ស៊ីជម្រៅ និង​បន្ត​ដើរតួ​នាទី​ស្នូល​នៅ​ក្នុង​ក្រប​ខណ្ឌ​នៃ​កិច្ច​សហប្រតិបត្តិការ និង​សមាហរណកម្ម​សម្រាប់​តំបន់​អាស៊ី​បូព៌​៌ា​ទាំងមូល ។

សម្តេច​តេ​ជោ ហ៊ុន សែន លើក​ឡើង​ទៀត​ថា ដើម្បី​បន្ត​សហគមន៍​អាស៊ាន​ទៅ​មុខ ចាំបាច់​បន្ត​នូវ​ការ​អភិវឌ្ឍ​ម៉ូ​ដែល​នៃ​កិច្ច​សហប្រតិបត្តិការ និង​សមាហរណកម្ម​ផ្ទាល់ខ្លួន​មួយ ទាំង​ក្នុង​ទិដ្ឋភាព​នយោបាយ សេដ្ឋកិច្ច សង្គម វប្បធម៌ ដែល​កើត​ចេញពី​បទ​ពិសោធន៍​វិជ្ជមាន​ពី​អតីតកាល និង​បំណងប្រាថ្នា​ឆ្ពោះទៅ​អនាគត ហើយ​ធានា​ផ្តល់​ជូន​តំបន់​ទាំងមូល​នូវ​សន្តិភាព ស្ថិរភាព សន្តិសុខ ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព និង​វិបុលភាព​សម្បូរ​រុងរឿង ។

ជាមួយ​គ្នា​នេះ សម្តេច​តេ​ជោ ហ៊ុន សែន បាន​សម្តែង​ការ​ជឿជាក់​ថា អាស៊ាន​នឹង​បន្ត​រួមរស់​ជាមួយ​គ្នា​ប្រកបដោយ​ភាព​សុខដុមរមនា​ជាម​ហា​គ្រួសារ​តែ​មួយ ហើយ​អាស៊ាន​នឹង​មិន​មាន​ទិដ្ឋភាព​ដូច​អឹ​រ៉ុ​ប ដែល​អង់គ្លេស​ដើរ​ចេញ​នា​ពេល​ថ្មី​ៗ​នេះ ហើយ​នៅ​តែ​ជា​គ្រួសារ​ដ៏​រឹង​មាំ ។

សម្តេច​តេ​ជោ បាន​ថ្លែង​ទៀត​ថា ប្រជាជាតិ​កម្ពុជា​ទាំងមូល ពិតជា​មាន​មោទនភាព​ចំពោះ​សមិទ្ធផល​ធំ​ៗ​នានា​ដែល​សម្រេច​បាន ក៏​ដូច​ជា​ការ​ចូលរួម​វិភាគទាន​ជា​វិជ្ជមាន​ទាំងឡាយ នៅ​ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​រួម ដើម្បី​កសាង​សហគមន៍​អាស៊ាន​នា​ពេល​កន្លង​មក ។

សម្តេច​តេ​ជោ បាន​ចាត់​ទុក​ការ​ប្រគល់​ពានរង្វាន់ «​សមិទ្ធផល​អាស៊ាន​មួយ​ជីវិត​» ថា ជា​ការ​ទទួលស្គាល់​និង​លើកទឹកចិត្ត​ដ៏​សំខាន់​មួយ​សម្រាប់​ប្រជាជាតិ​កម្ពុជា​ទាំងមូល មិនមែន​សម្រាប់​តែ​បុគ្គល​សម្តេច និង​ក្រុម​គ្រួសារ​សម្តេច​នោះ​ទេ ។

សម្តេច​តេ​ជោ​បន្ត​ថា ពានរង្វាន់​នេះ បង្ហាញ​ឲ្យ​ឃើញ​ពី​បេសកកម្ម​បច្ចុប្បន្ន និង​ទៅ​អនាគត ដែល​រូប​សម្តេច និង​រាជរដ្ឋាភិបាល រួម​ជាមួយ​ប្រជាជន​កម្ពុជា​ទាំងមូល​ត្រូវ​តែ​បន្ត​ប្រឹងប្រែង​ពុះពារ​សម្រេច​ឲ្យ​បាន​ជោគជ័យ ដើម្បី​បុព្វហេតុ​ជាតិ​កម្ពុជា​ផង និង​បុព្វហេតុ​សហគមន៍​អាស៊ាន​ផង ។

សូម​បញ្ជាក់​ថា ពានរង្វាន់ «​សមិទ្ធផល​អាស៊ាន​មួយ​ជីវិត​» ត្រូវ​បាន​ប្រគល់​ជូន​ប្រមុខ​រដ្ឋាភិបាល​ដែល​បាន​បម្រើ​ការងារ​យូរ​ជាងគេ​ក្នុង​អាស៊ាន ក្នុង​នោះ​មាន​លោក​លី ក្វា​ន់​យូ (Lee Kuan Yew) អតីត​នាយក​រដ្ឋមន្ត្រី​សិង្ហ​បុរី​លោក​បណ្ឌិត មហា​ធៀរ មហាម៉ាត (Mohathir Mohamad) អតីត​នាយក​រដ្ឋមន្ត្រី​ម៉ា​ឡេ​ស៊ី និង​ស៊ុ​ល​តង់ ណា​ស្រុ​ី​ន​សា នៃ​រដ្ឋ​បេ​រ៉ា​ក (Sultan Nazrin Shah) របស់​ប្រទេស​ម៉ា​ឡេ​ស៊ី ៕