ភ្លើង​ឆេះកុដិ​ខ្ទេច បែក​រឿង​ខ្ចាយ​

ខេត្តកំពត ៖ កុដិ​​ព្រះសង្ឃ​មួយ​ខ្នង​ សង់​​​ឈើ​លើ​ថ្ម​ក្រោម​ដំបូល​ ប្រក់​ប្រូ​ស៊ីម៉ង់​ទំ​ហំ​៤​ម៉ែត្រ​×៥​ម៉ែត្រ ស្ថិត​នៅ​វត្ត​គិរី​ទឹក​ជប់​ ​​ក្នុង​ភូមិ​ស្នំ​ប្រាំពីរ ឃុំ​ម៉ាក់​ប្រាង្គ ស្រុក​ទឹកឈូ ខេត្តកំពត ​ត្រូវ​អគ្គិ​ភ័យ​លេប​ត្របាក់​អស់ទាំង​​ស្រុង កាលពី​វេលា​ម៉ោង​០៤ និង​៤៥​នាទី​ទៀប​​ភ្លឺ​ថ្ងៃ​ទី​៨ សីហា ​២០១៦ ​ដែលជុំវិញ​​ឆេះ​កុដិ​មួយ​ខ្នង​ខាងលើ​នេះ ពុំ​មាន​ប្រភព​ណាមួយ​អះអាង​​ពី​​​មូលហេតុ​ច្បាស់​នៅឡើយទេ ។

​​ស្ត្រី​ម្នាក់​​ដែល​ធ្លាប់​នៅ​មើលថែ​​កុដិ​នេះ​ (​ប្រ​ព​ន្ធតា​អាចារ្យវត្ត​) ​បាន​​អង្គុយ​យំ​នៅ​មុខ​ព្រះ​វិ​ហារនិយាយ​​ថា ​គាត់​​ឆ្ងល់​ពី​ការ​ឆេះ​នេះ​​ពីព្រោះ​ព្រះសង្ឃ​ដែល​គង់នៅ​ក្នុង​កុដិ​នេះ​ នៅ​​លោក​មិន​បាន​ដុត​ធូប​ ​ឬ​ភ្លើង​ទៀន​នោះ​ឡើយ​ ។ ហើយព្រះសង្ឃ​​ដែល​គង់នៅ​កុដិ​នេះ ​លោក​មិន​នៅ​​កុដិ​ទេ ​គឺ​លោក​បាន​និមន្ត​ទៅ​ភ្នំពេញ​ ជាមួយ​តា​អាចារ្យ​ (ប្តី​គាត់) ​តាំងពី​ម៉ោង​៨​ព្រឹក​​ថ្ងៃ​ទី​៧​ សីហា ​មក​ម្ល៉េះ ​។ លុះ​យប់​ឡើង​​ នៅ​​ម៉ោង​៤​ជាង​ទៀប​ភ្លឺ​​នេះ​ ​ក៏មានករណី​ឆេះនេះ​​កើតឡើង​ ។ ​​គាត់​​យំ​​ព្រោះ​នឹក​​ស្តាយ​សម្ភារ​របស់របរ​ជា​ច្រើន​នៅ​ក្រោម​កុដិ​សំរាប់​ប្រើប្រាស់​ និង​ចង្ហាន់​​លោក​ ត្រូវ​ឆេះ​ទាំងអស់​គ្មាន​បាន​យក​អ្វី​ទាន់​ដែរ ​។ រីឯ​រថយន្ត​ពន្លត់អគ្គិ​ភ័យ​របស់​ស្នងការ​ ក៏​មក​​ពន្លត់​មិន​ទាន់​ដែរ ​គឺ​ឆេះ​តែ​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ​ ត្រូវ​អស់រលីង​តែ​ម្តង ។ ម្យ៉ាងវិញទៀត ទីតាំង​វត្ត​នេះ​ស្ថិត​នៅ​លើ​ភ្នំ​ផង ​និង​ស្ថាន​​ភាព​ផ្លូវ​ ក៏​​តូច​ចង្អៀត​ទៀត​ ​។

ប្រភព​​ពី​អ្នកស្រុក​នៅ​ជើងវត្ត​​បង្ហើប​ថា វត្ត​នេះ​តាំងពី​ព្រះសង្ឃ​ម្ចាស់​កុដិ​ និង​ជា​ចៅអធិការ​វត្ត​បាន​លាចាក​សិក្ខាបទ​ ​ត្រូវ​​​មន្ទីរ​ធម្មការ ​និង​សាសនា​ខេត្ត ​តែងតាំង​ព្រះសង្ឃ​មួយ​អង្គ ជា​សិស្ស​គុណ​របស់​ព្រះ​គ្រូ​ចៅអធិការ​ដែល​លាចាក​សិក្ខាបទ​នោះ ឱ្យ​​ទទួល​តំ​ណែង​ជា​ចៅអធិការ​ស្តីទី​ អស់​រយៈពេល​ជិត​បី​ឆ្នាំ​ហើយ ​។

​​ព្រះ​ចៅអធិការ​ចាស់​មាន​​ព្រះ​នាម ដូង សុភា​រី​ស បច្ចុប្បន្ន​កែ​​ព្រះ​នាម​ជា​ដូង សុភា​រាជ មាន​ព្រះ​ជន្ម​ជាង​៥០​ឆ្នាំ​ ។ ចំណែក​ព្រះ​គ្រូ​ចៅអធិការ​ស្តីទី​ព្រះ​នាម ទឹម សុ​ខឿន មាន​ព្រះ​ជន្ម​៣៣​ព្រះ​វស្សា បើ​តាម​ប្រភព​ពី​ឧបាសក​ឧបាសិកា​ចំណុះ​ជើងវត្ត​ឲ្យ​ដឹងថា​ តាំងពី​ព្រះ​គ្រូ​ចៅអធិការ​ចាស់ បាន​បួស​ជា​បព្វជិត​វិញ ហើយ​មក​គង់នៅ​លើ​កុដិ​ចាស់​របស់​លោក​វិញ គឺ​សង្ឃ​ទាំង​ពីរ​អង្គ​នេះ​ រវាង​ចៅ​អធិ​ការ​ចាស់​ និង​អធិការ​ថ្មី​ ពុំ​ត្រូវ​គ្នា​ទេ ។ សូ​ម្បី​តែ​ព្រះសង្ឃ​ដែល​ជា​ចៅអធិការ​ថ្មី​ ក៏​​មាន​សង្ឃដីកា​ប្រាប់​អ្នក​យក​ព័​​ត៌​យើង​ដូចដែល​ឧបា​សក ឧបាសិការ ​ផ្តល់​ឱ្យ​អ្នក​យក​ព័​​ត៌​មាន​​ដែរ ​។

លោកនាក់ យិ​ត​ថូ​ ប្រធាន​មន្ទីរ​ធម្មការ ​និង​សាសនា​ខេត្ត​ បាន​ព្រលយ​ពាក្យ​មួយ​ម៉ាត់​ទៅកាន់​​អ្នក​សារ​ព័ត៌​មាន​ថា ពិបាក​ណាស់​ភ្នំ​មួយ​មាន​ខ្លា​ពីរ ហើយ​ត្រូវ​ថ្ងៃនេះ​ មាន​ហេតុ​ការណ៍​អីចឹង​ទៀត​ ។ ប៉ុន្តែ​លោក​មិន​បាន​ចោទប្រកាន់​​ជុំវិញ​ហេតុ​ការ​នៃ​អគ្គិ​ភ័យ​ឆាបឆេះ​នេះ ​ទំលាក់​កំហុស​ទៅ​លើ​ព្រះសង្ឃ​អង្គ​ណាមួយ​នោះ​ទេ ករណី​នេះ​ លោក​និង​សមត្ថកិច្ច​ត្រូវ​សហការ​គ្នា​ស៊ើបអង្កេត​ក្នុង​រឿង​នេះ​បន្ត​ទៅ​ទៀត​។

ដើម្បី​រក​ឲ្យ​ឃើញ​នូវ​មូលហេតុ​នៃ​ការ​ឆេះ​កុដិ​នេះ​ថា​ តើបណ្តាល​មក​ពី​ទុ​ស្សេ​ចរន្ត​អគ្គិសនី ​ឬក៏​​មាន​ករណី​អ្វី​ផ្សេង ពីព្រោះ​មុន​​នេះ​ព្រះសង្ឃ​មិនបានគង់​​នៅ​កុដិ​ទេ លោកនិមន្ត​​ទៅ​ភ្នំពេញ​តាំងពី​ថ្ងៃ​មក​ម្ល៉េះ ហើយ​ភ្លើងទៀន​ភ្លើង​ធូប​​ក៏​អត់​​មាន​ដុត​ដែរ ចំណែក​ភ្លើង​អគ្គិសនី​ ក៏​​មិន​បើក​បា​រ៉ែត​ភ្លើង ​។

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖ ដោយឡែក ករណីមួយផ្សេងទៀត កាលពីលើកមុន ប្រជាពលរដ្ឋ និង​ពុ​ទ្ឋ​បរិ​ស័​ទ្ឋ ព្រមទាំង​តាជី យាយជី ដែល​ស្នាក់​នៅ​ សំណាក់​ធម៌​ លើ​កំពូលភ្នំ​រម​នី​យ​ដ្ឋា​ន​ ទេសចរណ៍វប្បធម៌​ភ្នំ ​សំបុក មានការ​ បណ្តាល​ឲ្យ​ឆេះ​ ផ្សែង​ខ្មួលខ្មាញ់​ នៅ​ក្បែរ​ជើង​ជណ្ដើរ និង​រូប​បដិមាករ ​មួយ​ចំនួន ។

ការ​ភ្ញាក់ផ្អើល​នេះ​កើត​មាន​ឡើង​កាលពី​រសៀល​ថ្ងៃ​ទី​២១ ខែកុម្ភៈ និង​នាំ​គ្នា​ជួយ​សែង​ទឹក​ស្រោច​ពន្លត់​អណ្តាតភ្លើង​ដែល​បាន​ឆាបឆេះ​ស្លឹកឈើ ​ក្រៀម និង​ដើមឈើ​ងាប់​នៅ​តាម​ជើងភ្នំ​ក្បែរ​ជើង​ជណ្ដើរ​កុំ​ឲ្យ​រាលដាល​ដល់​ កំពូលភ្នំ ហើយ​ក៏​មិន​បង្ក​ឲ្យ​មានការ​ខាតបង់ ។

រម​នី​យ​ដ្ឋា​ន​វប្បធម៌​ប្រវត្តិសាស្ត្រ​ភ្នំ​សំបុកមាន​ទីតាំង​នៅ​ឃុំ​ ថ្ម​គ្រែ ឃុំ​ថ្ម​គ្រែ ស្រុក​ចិត្រ​បុរី ហើយ​សព្វថ្ងៃ​មាន​តាជី យាយជី និង​ព្រះសង្ឃ​ជា​ច្រើន​អង្គ​/​នាក់ គង់​ស្នាក់​នៅ​ប្រតិបត្តិ​ធម៌​នៅ​លើ​កំពូលភ្នំ ដោយ​មាន​ជា​រោង​អាស្រម និង​ព្រះ​វិ​ហ៊ា​រ ។

គេ​មិន​ទាន់​ដឹង​ថា មូលហេតុ​បណ្ដាល​ឲ្យ​មាន​ភ្លើង​ឆេះ​រាលដាល​នេះ​កើតឡើង​បណ្តាល​មក​ពី​អ្វី​នោះ ​ទេ ។ តែ​នៅ​រសៀល​កើតហេតុ គឺ​អណ្តាតភ្លើង​បាន​ឆាបឆេះ​ស្លឹកឈើ និង​មែកឈើ​ក្រៀម​នៅ​តាម​ជើង​ជណ្ដើរ​ឡើង​ទៅ​លើ​កំពូលភ្នំ ធ្វើ​អោយ​អ្នកស្រុក​ភ័យ​ស្លន់ស្លោរ​នាំ​គ្នា​ជួយ​សែង​ទឹក និង​វាយ​ទប់ស្កាត់​មុខ​ភ្លើង​កំ​ឲ្យ​បន្ត​រាលដាល ។

យ៉ាងណា​ក៏​ដោយ បើ​តាម​ការ​បញ្ជាក់​ពី​លោក យ៉ា​ន់ ហ៊ៀង បាន​ឲ្យ​ដឹង​ថា ស្ថានការណ៍​ឆាបឆេះ​បាន​កើតឡើង​ជិត​១​ម៉ោង​ទើប​ស្ងប់ ក្រោយ​ពី​អាជ្ញាធរ និង​អ្នក​ភូមិ​នាំ​គ្នា​ជួយ​ពន្លត់ ។ លោក​ថា ការ​ឆាបឆេះ​នេះ​មិន​មាន​បង្ក​ឲ្យ​មាន​អ្នក​រង​គ្រោះ​ទេ ហើយ​ក៏​មិន​បង្ក​ឲ្យ​មានការ​ខូចខាត​សម្ភារៈ​អ្វី​ដែរ ដោយសារ​តែ​ការ​ឆាបឆេះ​មិនកើត​ឡើង​ស​ន្ឋោ​ស​ន្ឋៅ ៕ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ភ្លើង​ឆេះកុដិ​ខ្ទេច បែក​រឿង​ខ្ចាយ​

ភ្លើង​ឆេះកុដិ​ខ្ទេច បែក​រឿង​ខ្ចាយ​

ភ្លើង​ឆេះកុដិ​ខ្ទេច បែក​រឿង​ខ្ចាយ​

ភ្លើង​ឆេះកុដិ​ខ្ទេច បែក​រឿង​ខ្ចាយ​

ភ្លើង​ឆេះកុដិ​ខ្ទេច បែក​រឿង​ខ្ចាយ​

ភ្លើង​ឆេះកុដិ​ខ្ទេច បែក​រឿង​ខ្ចាយ​

ភ្លើង​ឆេះកុដិ​ខ្ទេច បែក​រឿង​ខ្ចាយ​